Tuesday, April 03, 2018

​​​​​​​​​​​​​​​​​​​​​​​​​​​​​សភាម៉ាឡេស៊ីអាចត្រូវបានរំលាយនៅសប្តាហ៍នេះ

សភាម៉ាឡេស៊ីទំនងនឹងត្រូវបានរំលាយនៅសប្តាហ៍នេះ ខណៈដែលសភានឹងជួបប្រជុំជាលើកចុងក្រោយនៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ៥ ខែមេសា)។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី Najib Razak ដាក់ចេញសេចក្តីប្រកាសការបោះឆ្នោតរបស់គណបក្សសម្ព័ន្ធកាន់អំណាច Barisan Nasional (BN) នៅថ្ងៃសៅរ៍នេះ ដើម្បីបង្ហាញពីលទ្ធភាពដែលសភាត្រូវបានរំលាយនៅថ្ងៃសុក្រ។

រដ្ឋមន្រ្តីខុទ្ទកាល័យលោក Abdul Rahman Dahlan បានប្រាប់អ្នកយកព័ត៌មានកាលពីម្សិល    មិញ​ថា «ដោយផ្អែកលើបទពិសោធកាលពីមុនរបស់យើង ការដាក់ចេញនូវការប្រកាសរបស់គណ​បក្ស​សម្ព័ន្ធ BN នឹងត្រូវធ្វើឡើង បន្ទាប់ពីការរំលាយសភា។ នោះគឺជាប្រពៃណី ខ្ញុំមិនប្រា​កដ​ថា តើលោក Datuk Seri Najib នឹងប្រើវិធីសាស្រ្តដូចគ្នានេះដែរឬទេ»។

នៅពេលសភាត្រូវបានរំលាយ ការបោះឆ្នោតជាតិនឹងត្រូវបានគេធ្វើឡើង ហើយគណបក្សនយោ​បាយនឹងចាប់ផ្តើមធ្វើយុទ្ធនាការឃោសនា។ នៅក្នុងការបោះឆ្នោតលើកមុននៅក្នុងឆ្នាំ ២០១៣ កំឡុង​ពេលយុទ្ធនាការឃោសនាមានរយៈពេល ១៥ ថ្ងៃ។ គណបក្សប្រឆាំងបានអំ​ពាវ​នាវ​ឱ្យ​គណៈកម្មាធិការបោះឆ្នោតកំណត់រយៈពេលនៃការធ្វើយុទ្ធនាការមិនតិចជាង ២១ ថ្ងៃ។

លោក Najib បានសន្យាថា សេចក្តីប្រកាសរបស់គណបក្សសម្ព័ន្ធកំពុងកាន់អំណាចរបស់លោកនឹងក្លាយជា «គណបក្សល្អបំផុតសម្រាប់ប្រជាជន»។

កាលពីម្សិលមិញ គេហទំព័រព័ត៌មាន The Malay Mail Online (MMO) បានរាយការណ៍ថា       គណបក្សសម្ព័ន្ធកាន់អំណាចបានវាយតម្លៃថា ខ្លួនបានផ្តល់ ៩៩,៤% នៃការសន្យា ដែលបានធ្វើនៅក្នុងការបោះឆ្នោតជាតិអាណត្តិមុន។

គេហទំព័រព័ត៌មាន MMO បាននិយាយនៅក្នុងរបាយការណ៍ថា ពិន្ទុនេះយោងទៅតាមសមិទ្ធផលផ្តួចផ្តើមទាំង ១៦ របស់គណបក្សសម្ព័ន្ធកាន់អំណាច BN ដែលបានសន្យាដល់អ្នកបោះឆ្នោតម៉ាឡេស៊ីនៅក្នុងសេចក្តីប្រកាសការបោះឆ្នោតជាតិលើកទី ១៣ របស់ខ្លួន។

យោងតាមរបាយការណ៍នេះ ការផ្តួចផ្តើមចំនួន ១៦ រួមមានការកាត់បន្ថយចំណាយរស់នៅការលើកកំពស់សុខមាលភាពរបស់អ្នករស់នៅទីក្រុង ការផ្តល់នូវលំនៅដ្ឋានដែលមានតម្លៃសមរម្យនិងការទទួលបានការថែទាំសុខភាពដែលមានគុណភាព ជំរុញឱ្យមានសេវាដឹកជញ្ជូនសាធារណៈ ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក និងការកែទម្រង់ជនបទ ។

គណបក្សសម្ព័ន្ធកាន់អំណាច BN ក៏បានសន្យាថា នឹងធ្វើការជំរុញសេដ្ឋកិច្ច ការអប់រំ ការលើកកំពស់សុវត្ថិភាព ការពង្រឹងការចូលរួមរបស់ស្ត្រី ការបំពេញសេចក្តីប្រាថ្នារបស់យុវវ័យ ការរៀបចំផែនការសុវត្ថិភាពសង្គម ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការលើកកម្ពស់ សេវាសាធារណៈ និងអភិបាលកិច្ច ការថែរក្សាធនធានធម្មជាតិ និងការលើកកម្ពស់ចលនាសកលលោក។

នៅក្នុងរបាយការណ៍ព័ត៌មាន គណបក្សសម្ព័ន្ធកាន់អំណាច BN បានឱ្យដឹងថា ខ្លួនបានបញ្ចប់ការសាងសង់លំនៅដ្ឋាន ១៥ ភាគរយ ឬស្មើនឹង ១៤៥,៩៨៣ ខ្នងក្នុងការសាងសង់លំនៅដ្ឋានមួយលានខ្នង។ លំនៅដ្ឋានចំនួន ៣១ ភាគរយផ្សេងទៀតនៃលំនៅដ្ឋានទាំងនេះកំពុងត្រូវបាន​សាងសង់ ខណៈរដ្ឋាភិបាលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ប្រជាជនម៉ាឡេស៊ី ដែល​ជាម្ចាស់ផ្ទះ។

ប៉ុន្តែអ្នកវិភាគនយោបាយលោក Awang Azman Awang Pawi បានព្រមានថា តួលេខដែលបានដកស្រង់នៅក្នុងរបាយការណ៍អាចមិនបង្ហាញការពិតទាំងស្រុង។ គាត់បាននិយាយថា «សម្រាប់ គណបក្សសម្ព័ន្ធកាន់អំណាច BN ពិតជាវាស់ស្ទង់ភាពជោគជ័យរបស់ខ្លួន គណបក្សនេះគួរតែពិចារណាលើផលប៉ះពាល់ដែលទទួលបានពីអ្នកពាក់ព័ន្ធរបស់ខ្លួន។ ប្រជាជនគួរតែជាអ្នកសម្រេចថា តើគណបក្ស BN អាចធ្វើតាមសន្យារបស់ខ្លួនឬក៏អត់។

លោកបានបន្ថែមថា មានបញ្ហាពាក់ព័ន្ធជាច្រើន ជាពិសេសការដំឡើងតម្លៃលើទំនិញ នៅតែជាកង្វល់ធំបំផុត។

«ប្រជាជនម៉ាឡេស៊ីនៅតែត្អូញត្អែរអំពីការចំណាយលើការរស់នៅរបស់ពួកគេ។ មនុស្សភាគច្រើនក្នុងចំណោមអ្នកទាំងនោះមិនបានប្រឆាំងនឹងការអនុវត្តពន្ធលើទំនិញ និងសេវាកម្មនោះទេ ប៉ុន្តែការខ្វះការអនុវត្តន៍លើការគ្រប់គ្រងតម្លៃ ទោះបីមានភ្នាក់ងារជាក់ស្តែងដើម្បីពង្រឹងវាក៏ដោយ»៕

​ប្រភព៖ The Straits Times ចុះថ្ងៃទី០២ ខែមេសា​ ឆ្នាំ២០១៨


No comments:

Post a Comment