Tuesday, April 03, 2018

ពិធីសម្ពោធវត្តខ្មែរដំបូងនៅលើទឹកដីប្រទេសកូរ៉េ និងមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅកូរ៉េ

កូរ៉េ៖ ក្រោមព្រះរាជ្យតម្រិះផ្ដួចផ្ដើមរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដោយមានកិច្ចសហការគាំទ្រពីស្ថានទូតកម្ពុជា និងសប្បុរសជនកូរ៉េ នៅពេលនេះ កម្ពុជាយើងមានទីតាំង សម្រាប់កសាងវត្តខ្មែរដែលមានរចនាបថខ្មែរ នៅលើទឹកដីកូរ៉េហើយ។

លោក ឡុង ឌីម៉ង់ បានថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងព្រះរាជពិធីសម្ពោធវត្តមហាយ៉ាណា និងមជ្ឈមណ្ឌល វប្បធម៌ ខ្មែរនៅកូរ៉េ ក្រោមព្រះរាជាធិបតីភាព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ទីក្រុងអានសាន នាថ្ងៃអាទិត្យ ១រោច ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នាទីក្រុងអានសាន ដោយបាន លើកឡើងថា «នេះជាចំនុចចាប់ផ្តើមឈានទៅការកសាងវត្តខ្មែរលើកទីមួយ នៅកូរ៉េបានផ្តើមហើយ គឺចេញពី ការសម្ពោធវត្តខ្មែរ ម៉ាហាយ៉ាណា និងមជ្ឍមណ្ឌលវប្បធម៌ខ្មែរ នៅទីក្រុងអានសានជាមួយ នឹងការថ្វាយ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស នូវដីមួយកន្លែងទំហំប្រមាណ ១៨០០ម៉ែត្រការ៉េ (ក្នុងក្រុងអានសាន) ពីសំណាក់សប្បុរសជនកូរ៉េដើម្បីសាងសង់វត្តអារាមខ្មែរដែលមានរចនាបថខ្មែរ។ ដូច្នេះសុបិន្តរបស់ ពលរដ្ឋខ្មែរ នៅកូរ៉េដែលចង់ឃើញមានវត្តមានទីអារាមខ្មែរនៅកូរ៉េដើម្បីជួយមើលថែទាំបងប្អូនយើងជាង ៦ម៉ឺននាក់នេះ នឹងចាប់ផ្តើមក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះហើយ។

គួរបញ្ជាក់ផងដែរថា វត្តមហាយ៉ាណា និងមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅកូរ៉េ ដែលត្រូវបានសម្ពោធ ត្រូវបានរៀបចំ ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ភាសា និងគាំពារពលករខ្មែរ ហើយផ្នែកខាងលើបានរៀបចំ ជាព្រះវិហារសម្រាប់ពុទ្ធបរិស័ទគោរពប្រតិបត្តិ និងរៀបចំកម្មវិធីសាសនាផ្សេងៗផងដែរ ៕






No comments:

Post a Comment