Tuesday, April 03, 2018

រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី៩ មេសា ដើម្បីបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា២រូប និងរបៀបវារៈមួយចំនួនទៀត

រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា២រូប និងរបៀបវារៈមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ។

បើតាមការបង្ហាញ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ក្រោមអធិបតិភាព លោក ហេង សំរិន នៅព្រឹកនេះ បានឱ្យដឹងថា រដ្ឋសភាបានអនុម័តជ្រើសរើសបេក្ខជនចំនួន២រូប ក្នុងចំណោមបេក្ខជនចំនួន១២រូប ដើម្បីបោះឆ្នោតនៅក្នុងកិច្ចប្រជុំពេញអង្គ ដើម្បីឱ្យកាន់តំណែងជាសមាជិកព្រឹទ្ធសភា សម្រាប់អាណត្តិទី៤។ ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋសភា មិនទាន់បង្ហើបអំពីឈ្មោះបេក្ខជនទាំង២រូបនេះ នៅឡើយទេ។

សូមបញ្ជាក់ថា ក្រៅពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ២រូប សម្រាប់សម័យប្រជុំ (កិច្ចប្រជុំពេញអង្គ) លើកទី១០ នីតិកាលទី៥ ខាងមុខនេះ ក៏មានរបៀបវារៈផ្សេងទៀតផងដែរ ក្នុងនោះមានដូចជា ៖
– ព្រះរាជសារព្រះមហាក្សត្រ ជូនសម័យប្រជុំលើកទី១០ នីតិកាលទី៥
– របាយការណ៍ស្តីពីសកម្មភាពរដ្ឋសភា ចន្លោះសម័យប្រជុំ លើកទី៩ និងលើកទី១០ នីតិកាលទី៥
– ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ៕



No comments:

Post a Comment