Tuesday, April 03, 2018

អាជ្ញាធរជាតិអប្សរា និងសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ចុះអនុស្សរណៈលើការបណ្តុះបណ្តាល និងចងក្រងពាក្យសិល្បៈ និងបេតិកភណ្ឌ

នាថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅស្នាក់ការ អាជ្ញាធរជាតិអប្សរា មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរា និងសារមន្ទីរសិល្បៈ អាស៊ីហ្គីមេប្រទេសបារាំង។ អនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលអ្នកជំនាញខ្មែរ និងរៀបចំចងក្រងវាក្យសព្ទបេតិកភណ្ឌ ដែលទាក់ទងក្នុងសិល្បៈវប្បធម៌ខ្មែរ។

ពិធីចុះអនុស្សរណៈធ្វើឡើងរវាងតំណាងអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ អគ្គនាយករង និងលោកស្រី Sophie Makariou ប្រធានសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ដែលជាសារមន្ទីរដែលតម្កល់ វត្ថុសិល្បៈខ្មែរច្រើន ជាងគេលើពិភពលោក។ គោលបំណងសំខាន់ៗនៃអនុស្សរណៈនេះគឺ ដើម្បីបណ្តុះបណ្តាលអ្នកជំនាញ របស់អាជ្ញាធរជាតិអប្សរាបន្ថែមលើការស្វែងយល់អំពីអត្តសញ្ញាណនៃរចនាបទសិល្បៈខ្មែរ និងចងក្រងវាក្យសព្ទ នៃសិល្បៈ និងបេតិកភណ្ឌខ្មែរ ដែលឯកសារនេះនឹងរៀបរៀងជា៣ភាសា មានខ្មែរ បារាំង និងអង់គ្លេស។

តាមផែនការ សារមន្ទីរហ្គីមេនឹងបញ្ជូនអ្នកជំនាញរបស់ខ្លួនមកបណ្តុះបណ្តាលមន្ត្រីអាជ្ញាធរជាតិអប្សរាអំពី ជំនាញខាងលើចាប់ពីខែ មិថុនា តទៅ។ ទោះជាយ៉ាងនេះក្តី នេះមិនមែនជាកិច្ចសហប្រតិបត្តិការលើកដំបូង រវាងស្ថាប័នទាំងពីរឡើយ ពោលសារមន្ទីរហ្គីមេធ្លាប់បានបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរាចំនួន ២រូប អំពីការគ្រប់គ្រងទូទៅនៃសារមន្ទី ការអភិរក្សវាយនភ័ណ្ឌ និងចំណេះដឹងបែបវិទ្យាសាស្រ្តស្តីពីការដាក់ តាំងបង្ហាញសមុច្ចយ ៕





No comments:

Post a Comment