Tuesday, April 03, 2018

អភិបាលខេត្តស្វាយរៀង បានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស និងអ្នកតំណាងក្រុមហ៊ុនផ្សេងៗទៀត

(ស្វាយរៀង) នៅថ្ងៃអង្គារ ០៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត និងលោកស្រី Cindy Chen តំណាងក្រុមហ៊ុន Foxwell Energy Corporation LTD. ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគនៅសាលប្រជុំ VIP សាលាខេត្ត ។

ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះលោកអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក លោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម ជាពិសេសនាពេលកន្លងមក លោកក្នុងនាមអាជ្ញាធរខេត្ត តែងតែផ្ដល់នូវភាពកក់ក្ដៅ តាមរយ:ការជួយសម្របសម្រួល សហការ និងគាំទ្រនូវរាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកអាចដំណើរការបានងាយស្រួល ដោយរលូន និងមានការរីកចម្រើនជាលំដាប់ ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ។ ជាមួយនេះ លោកស្រី Cindy Chen តំណាងក្រុមហ៊ុន Foxwell Energy Corporation LTD. បានជម្រាបជូនពីស្ថានភាពទូទៅ និងដំណើរការសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលផ្ដោតសំខាន់ទៅលើគ្រឿងបង្គុំបរិក្ខាអគ្គិសនី និងការផលិតថាមពលអគ្គិសនី ហើយលោកស្រីក៏បានសំណូមពរដល់ លោកអភិបាលខេត្ត សូមជួយគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននាពេលខាងមុខនេះ ។

មានប្រសាសន៍ក្នុងជំនួបនេះ លោកបានសម្ដែងនូវការអរគុណចំពោះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតការងារធ្វើជាច្រើនកន្លែងសម្រាប់ប្រជាជនខេត្តស្វាយរៀង ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងក៏សូមសម្ដែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Foxwell Energy Corporation LTD. នៅក្នុងទឹកដីខេត្តស្វាយរៀង ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា នាពេលបច្ចុប្បន្ននេះ អាស្រ័យដោយកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុន និយាយជារួមនៅទូទាំងប្រទេស និងនិយាយដោយឡែកក្នុងខេត្តស្វាយរៀង កាន់តែមានការកើនឡើងពី១ឆ្នាំ ទៅ១ឆ្នាំ ដែលធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីក៏មានការកើនឡើងជាបន្តបន្ទាប់ ។ ដូច្នេះ គម្រោងវិនិយោគលើវិស័យផលិតថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Foxwell Energy Corporation LTD. គឺពិតជាសមស្រប និងឆ្លើយតបចំពោះតម្រូវការនេះ ដែលក្នុងនាមអាជ្ញាធរខេត្ត លោកសូមគាំទ្រ និងត្រៀមសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រោះគម្រោងវិនិយោគនេះ មិនត្រឹមតែអាចបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកក្នុងការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់គាំទ្រដល់ដំណើរការសង្វាក់ផលិតកម្មរបស់រោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋានក្នុងខេត្ត ផងដែរ ៕





No comments:

Post a Comment