Tuesday, April 03, 2018

អាជ្ញាធរជាតិអប្សរានិងអង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ (ADF) ធ្វើកំណាយសង្គ្រោះលើទីតាំងបុរាណមួយកន្លែងនៅលើខ្នងភ្នំគូលែន

អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័ន ADF ធ្វើកំណាយសង្គ្រោះមួយកន្លែងនៅបុរាណដ្ឋានលើភ្នំគូលែន ដែលគ្រោងនឹងធ្វើផ្លូវឆ្លងកាត់លើកន្លែងនោះ។ គម្រោងកំណាយនេះបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីឱ្យដឹងថាកន្លែងបុរាណដ្ឋាននោះជាកន្លែងអ្វីតាមការពើបប្រទះឃើញថ្មបាយក្រៀមដែលផុសឡើង ហើយចងក្រងទិន្នន័យពីបុរាណដ្ឋាននោះ រក្សាទុកជាឯកសារសម្រាប់សិក្សាទៅថ្ងៃក្រោយ មុននឹងចាប់ផ្តើមសាងសង់ផ្លូវ។
លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវនេះត្រូវបានអ្នកជំនាញសិក្សាតាំងពីឆ្នាំ២០១៦ ហើយទើបនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០១៨នេះ។ ចំពោះផ្លូវដែលកំពុងស្ថាបនានេះមានទទឹងប្រវែង៦ម៉ែត្រ និង៣២គីឡូម៉ែត្រ ដោយគិតចាប់ពីជើងភ្នំស្រុកបន្ទាយស្រី មកដល់ទីប្រជុំស្រុកស្វាយដោយប្រើប្រាស់ថវិកាមូលនិធិអភិរក្សនិងអភិវឌ្ឍតំបន់អង្គរ។

ចំពោះការសាងសង់ផ្លូវទៀតសោត គឺសាងសង់នៅលើផ្លូវចាស់មានស្រាប់ ពោលគឺផ្លូវដែលប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំគូលែន ប្រើប្រាស់តាំងពីយូរយារណាស់មកហើយ។ នៅមុនគម្រោងត្រូវបានអនុវត្តអ្នកបុរាណវិទ្យាបានចុះសិក្សាអំពីផលប៉ះពាល់ដល់ផ្នែកវប្បធម៌ប្រវត្តិសាស្រ្តឃើញមានចំនួន៤កន្លែង។ ក្នុងនោះ៣ទីតាំង យើងសាងសង់ផ្លូវវាងបាន លើកលែងតែចំណុចដែលកំពុងធ្វើកំណាយសង្រ្គោះនេះ ជាទីតាំងដែលយើងមិនអាចធ្វើផ្លូវវាងបាន។ ដូច្នេះហើយតាមការចុះទៅពិនិត្យផ្ទាល់ពីអ្នកជំនាញការអាដហុកនិងអនុសាសន៍នៃគណៈកម្មការអាយស៊ីស៊ី-អង្គរឆ្នាំ២០១៧ បានសម្រេចឱ្យធ្វើកំណាយសង្គ្រោះសិន មុននឹងធ្វើការសាងសង់ផ្លូវថ្មីនេះ ដើម្បីធ្វើយ៉ាងណាបញ្ជៀសនូវផលប៉ះពាល់ឱ្យបានជាអតិបរមា។

ជាចុងក្រោយលោកបណ្ឌិត ឈាន រដ្ឋា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យមានមន្ទិល ភ្ញាក់ផ្អើលចំពោះការធ្វើកំណាយសង្រ្គោះបែបបុរាណវិទ្យាដោយស្ថាប័នទាំងពីរ។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរានឹងខិតខំអភិរក្ស សម្បត្តិបេតិកភណ្ឌជាតិនៅលើខ្នងភ្នំគូលែន ដើម្បីឱ្យបេតិកភណ្ឌទាំងនោះទទួលបាននូវការគាំពារ និងអភិរក្សពិតប្រាកដ រួមទាំងចូលរួមលើកតម្លៃសេដ្ឋកិច្ចប្រជាពលរដ្ឋ តាមរយៈវិស័យទេសចរណ៍។
ជាពិសេសទៀតនោះ លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា ភ្នំគូលែនគឺជារមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តនិងធម្មជាតិ ហើយនឹងអាចក្លាយជាសម្បតិ្តបេតិកភណ្ឌពិភពលោកនាពេលអនាគតដ៏ឆាប់ខាងមុខ។ ដូច្នេះ ដើម្បីឱ្យរមណីយដ្ឋាន អាចបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន សូមប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សា អភិរក្សបេតិកភណ្ឌនិងធម្មជាតិទាំងអស់គ្នាឱ្យរក្សាបាននូវតម្លៃជាសាកលដែលជាភាពអស្ចារ្យនៃភ្នំគូលែន៕







No comments:

Post a Comment