Tuesday, April 03, 2018

អាជ្ញាធរជាតិអប្សរារៀបចំសមាហរណកម្មបុគ្គលិកអចិន្ត្រៃយ៍ជាមន្ត្រីរាជការ

ក្រុមការងារនៃគណៈកម្មការសមាហរណកម្មបុគ្គលិកអចិន្ត្រៃយ៍ជាមន្ត្រីរាជការកំពុងរៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់ធ្វើការពិនិត្យនិងវាយតម្លៃកម្រិតជំនាញ សមត្ថភាព បទពិសោធន៍ និងអតីតភាពការងាររបស់បុគ្គលិកអចិន្ត្រៃយ៍របស់អាជ្ញាធរជាតិអប្សរា។
នៅថ្ងៃចន្ទ-អង្គារ៍ ២-៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០១៨ លោក ជុក មុន្នី អនុរដ្ឋលេខាធិការ ប្រតិភូក្រសួងមុខងារសាធារណៈបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្ទាល់ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនានា ព្រមទាំងជួបសម្ភាសន៍ដោយផ្ទាល់ជាមួយបុគ្គលិកអចិន្ត្រៃយ៍ទាំងនោះ។ តាមការបញ្ជាក់ពី លោក ជុក មុន្នី ការជួបប្រាស្រ័យផ្ទាល់ជាមួយបុគ្គលិកអចិន្ត្រៃយ៍ពាក់ព័ន្ធទាំងអស់គឺមានសារៈសំខាន់ណាស់ ព្រោះចាំបាច់ត្រូវតែអនុវត្តការងារប្រកបដោយតម្លាភាព ទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ ហើយអ្នកត្រូវចូលជាមន្ត្រីរាជការស៊ីវិល អ្នកនោះត្រូវតែបំពេញនូវរាល់គ្រប់លក្ខណៈទាំងអស់ដែលមានចែងក្នុងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។
សូមបញ្ជាក់ថា គណៈកម្មការនេះមានសមាសភាពចម្រុះមកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ហើយបានបង្កើតឡើងតាំងពីថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មកម្ល៉េះ៕





No comments:

Post a Comment