Tuesday, September 12, 2017

នៅទីបញ្ចប់ក៏នឹកភ្នកដល់លោក Trump​ តើទំហំប៉ុណ្ណា​ដែលប្រជាជន​ស្អប់គាត់ ​ហើយគាត់​ផ្តោតសំខាន់​ទៅលើ​យុទ្ធសាស្រ្តថ្មីមួយ​

លោកប្រធានាធិបតី Donald Trump កំពុងតែប្រកាន់យកនូវយុទ្ធសាស្រ្តថ្មីមួយ ដើម្បីធ្វើការគ្រប់គ្រង បន្ទាប់ពីមានភាពរង្គោះរង្គើរកើតឡើងនៅក្នុងអាណត្តិរបស់គាត់។

ទីប្រឹក្សាម្នាក់បានប្រាប់ទីភ្នាក់ងារសាព័ត៌មាន Axios លោក Mike Allen ថា បន្ទាប់ពីកាន់តំណែងរយៈពេលប្រាំពីរខែមក  លោកប្រធានាធិបតីរូបនេះនៅទីបំផុតបានដឹងថា «ប្រជា ជនស្អប់ខ្ញុំខ្លាំងណាស់»។

ការសម្រេចចិត្តរបស់ Trump ក្នុងសប្តាហ៍នេះដើម្បីធ្វើការជាមួយមេដឹកនាំបក្សមតិភាគតិចនៅសភាលោកស្រី Nancy Pelosi និងមេដឹកនាំបក្សមតិភាគតិចនៅព្រឹទ្ធសភាលោក Chuck Schumer ជាការឱ្យសញ្ញាថា គាត់បើកចំហដើម្បីដាក់ឱ្យមាននូវយុទ្ធសាស្រ្តខុសគ្នា បន្ទាប់ពីប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះអំឡុងពេលការកាន់អំណាចប្រាំពីរខែដំបូងនៅក្នុងសេតវិមាន។

នៅដើមសប្តាហ៍នេះ លោក Trump បានគាំទ្រក្រុមប្រជាធិបតេយ្យនៅក្នុងសភាដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះខ្យល់ព្យុះ Harvey និងបន្តនិរន្តភាពបីខែទៀត ដើម្បីឱ្យរដ្ឋាភិបាលបន្តលទ្ធភាពផ្តល់ជំនួយបាន។ សេចក្តីសម្រេចចិត្តនេះបានធ្វើឱ្យលោក Trump ប្រឆាំងនឹងមេក្សរបស់គាត់ដែលចង់បានការពន្យារពេលទៅលើកម្រិតនៃប្រាក់បំណុល។

លោក Paul Ryan ដែលជាប្រធានសភាមួយម៉ោងមុននេះបានហៅការបង្កើនកម្រិតបំណុលរយៈពេលបីខែថា ជារឿងគួរឱ្យអស់សំណើច ហើយបាននិយាយថា ក្រុមប្រជាធិបតេយ្យកំពុងតែព្យាយាម «លេងនយោបាយ» ដោយការលើកឡើងភ្ជាប់ជំនួយសម្រាប់ជួយសង្រ្គោះមហន្តរាយពីព្យុះ Harvey ។

នៅពេលមេដឹកនាំទាំងអស់ហាក់ដូចជាមិនយល់ព្រមព្រៀងគ្នា លោក Trump ត្រូវបានគេរាយការណ៍ថា ក្រុមអ្នកនយោបាយគួរតែយល់ស្របទៅលើការការពង្រីកបំណុល     រយៈពេលបីខែ និងបន្តរកដំណោះស្រាយរយៈពេលបីខែបន្ថែមទៀត។

សារព័ត៌មាន Axios បានរាយការណ៍ថា ការយល់ព្រមព្រៀងរបស់ Trump ជាមួយក្រុមប្រជាធិបតេយ្យបានកើតមានឡើងដោយសារតែ «គាត់ចង់ធ្វើកិច្ចការអ្វីមួយឱ្យមានប្រជាប្រិយភាពតែប៉ុណ្ណោះ»។

លោក Trump ហាក់ដូចជាបាត់បង់ការអត់ធ្មត់កាន់តែច្រើនជាមួយថ្នាក់ដឹកនាំមកពីសាធារណរដ្ឋនៅក្នុងប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីគាត់បានព្យាយាមទៅលើកំណែទម្រង់ច្បាប់ថែរក្សាសុខភាព។ ទំនាក់ទំនងរបស់គាត់ជាមួយមេដឹកនាំមតិភាគច្រើននៅព្រឹទ្ធសភាលោក Mitch McConnell កាន់តែមានសភាពធ្ងន់ធ្ងរ បន្ទាប់ពីការខិតខំរបស់គាត់បានទទួលបរាជ័យ ហើយលោក Trump ក៏បានគាំទ្រជាចំហ ហើយតតាំងជាមួយសមាជិកសភាមកពីសាធារណ​រដ្ឋដូចជា លោក Jeff Flake មកពីរដ្ឋ Arizona ដែលតែងតែរិះគន់គាត់។

សាព័ត៌មាន Axios បានចេញផ្សាយថា តាមរយៈការធ្វើការជាមួយក្រុមប្រជាធិបតេយ្យ​លោក Trump សង្ឃឹមថា នឹងអាចបង្កើនប្រជាប្រិយភាពរបស់គាត់ជាមួយមហាជនអាមេរិក ហើយបែរខ្នង និងបន្ទោសក្រុមសាធារណរដ្ឋចំពោះដំណើរការធាក់ថយក្រោយនៃច្បាប់សុខាមាលភាពនោះ។ យុទ្ធសាស្រ្តសំខាន់ថ្មីនេះអាចឆ្លុះបញ្ចាំងឱ្យឃើញនូវបរិយាកាសថ្មីដែលលោក Trump បានបង្កើតឡើងនៅក្នុងក្រុមដែលមានលំនាំទៅរកបស្ចឹមប្រទេសក្រោយពីមានការបែកបាក់យ៉ាងខ្លាំងនោះ ក៏ដូចជាអ្នកមានគំនិតស្នេហាជាតិដូចជាអតីតមេយុទ្ធសាស្រ្តលោក Steve Bannon ។ ជាមួយនឹងការចាកចេញទៅរបស់លោក Bannon ដែលជាអ្នកមានជំហរទៅលើក្រុមបស្ចឹមប្រទេស ហើយរួមមានអ្នករស់នៅក្រុង New York ដូចជា ទីប្រឹក្សាសេដ្ឋកិច្ចលោក Gary Cohn និងទីប្រឹក្សាជាន់ខ្ពស់ Jared Kushner ដែលនឹងធ្វើឱ្យមានការប៉ះពាល់ដល់ការសម្រេចចិត្តរបស់ប្រធានាធិបតី។

ការសម្រុះសម្រួលរបស់លោក Trump ជាមួយពួកប្រជាធិបតេយ្យប្រហែលជាបង្ហាញឲ្យឃើញនូវសារៈប្រយោជន៍នាពេលអនាគតផងដែរ នៅពេលដែលគាត់ត្រូវការសន្លឹកឆ្នោតមកពីកន្លែងផ្សេងៗ ខណៈដែលគាត់ធ្វើការដើម្បីជំរុញឲ្យមានកំណែទម្រង់ និងកែប្រែច្បាប់បន្ថែមទៀត។ ក្រុមសាធារណរដ្ឋបានដឹងអំពីលទ្ធភាពនោះដែលកើតមានឡើង។ អ្នកនយោបាយមកពីក្រុមសាធារណរដ្ឋម្នាក់បានប្រាប់គេហទំព័រព័ត៌មាននោះថា លោក Trump «បានទទួលយកនូវភាពរង្គោះរង្គើរនោះ នៅពេលដែលគាត់កំពុងតែប្រើប្រាស់នូវយុទ្ធសាស្រ្តរបស់គាត់ ស្ថានភាពនេះហាក់ដូចជាមនុស្សម្នាក់ដែលឈរមើលគេ «អនុវត្តន៍ការវះកាត់អញ្ចឹង»៕

ប្រភព: Business Insider ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧


No comments:

Post a Comment