Tuesday, September 12, 2017

ពិព័រណ៍ចិន-អាស៊ាន គឺជួយលើកតម្កើងចិន និងអាស៊ានទាំងមូល ឱ្យកាន់តែមានភាពទាក់ទាញ និងភាពប្រកួតប្រជែង

ណាននីង៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា វេទិកាពិព័រណ៍ចិន-អាស៊ាន មានសារៈសំខាន់ណាស់ក្នុងការជំរុញ និងលើកតម្កើងចិន-អាស៊ាន និងអាស៊ីទាំងមូលឱ្យកាន់តែមានភាពទាក់ទាញ និងភាពប្រកួតប្រជែង។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង (NICEC)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាននេះ មិនត្រឹមតែផ្តល់ឱកាសដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រិនរបស់ចិន និងប្រទេសជាសមាជិកទាំងអស់របស់អាស៊ាន ការពិភាក្សាផ្លាស់ប្តូរគំនិតគ្នាដើម្បីពង្រឹង និងពង្រីកវិស័យពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាមួយចូលរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបង្កើនកាលានុវត្តភាព ពាណិជ្ជកម្មរវាងប្រទេសចូលរួមពិព័រណ៍លើគ្រប់វិស័យផងដែរ។ ទន្ទឹមនេះដែរ វេទិកានេះពីមួយឆ្នាំទៅមួយឆ្នាំ ក៏កាន់តែមានការរីកចម្រើនខ្លាំងឡើងៗ និងមានសារៈសំខាន់សម្រាប់តំបន់យើង និងបានដើរស្របគ្នាទៅនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាវិជ្ជមានរវាងប្រទេសចិន និងអាស៊ាន។ ជាមួយនឹងការរីកចម្រើនជាប្រចាំនៅក្នុងវិស័យសេដ្ឋកិច្ច ដែលជាក្បាលម៉ាស៊ីនអូសកំណើនរបស់ពិភពលោក តំបន់អាស៊ីយើង បានមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងបានក្លាយជាមជ្ឍមណ្ឌលពហុវប្បធម៌ និងអរិយធម៌ដ៏សំខាន់មួយ ដែលប្រជាជនទូទាំងពិភពលោកចង់ឃើញ ចង់ស្គាល់ និងស្វែងយល់។ ក្នុងស្មារតីនេះ ប្រធានបទនៃវេទិកានេះ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការជំរុញ និងលើកតម្កើងចិន-អាស៊ាន និងអាស៊ីទាំងមូលឱ្យក្លាយជាតំបន់មួយប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ទំហំពាណិជ្ជរវាងអាស៊ាន និងចិន មានទំហំប្រមាណ៤៥២ ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០១៦។ ក្រៅពីកំណើននៃការដោះដូរពាណិជ្ជកម្មរវាងតំបន់អាស៊ាន ចិន សកម្មភាពទេសចរណ៍រវាងតំបន់ទាំងពីរមានការកើនឡើងជាលំដាប់ ដោយភ្ញៀវទេសចរណ៍ចិនទៅតំបន់អាស៊ានមានចំនួនជិត២០លាននាក់ក្នុងឆ្នាំ២០១៦ ជាមួយកំណើន៦,៤%បើធៀបនឹងឆ្នាំ២០១៥។ ចំនួនភ្ញៀវទេសចរណ៍ចិន បាននៅឈរលំដាប់ទី១ សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលទៅទស្សនាតំបន់អាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ម្យ៉ាងវិញទៀត ចំនួនភ្ញៀវទេសចរណ៍អាស៊ានទៅប្រទេសចិនទាំងមូល ក៏មានការកើនឡើងជាលំដាប់ដូចគ្នា ដោយមានចំនួនជាង១០លាននាក់ក្នុងឆ្នាំ២០១៦ កើនជាង៥៧,៨%ធៀបនឹងឆ្នាំ២០១៥។ កំណើនខ្ពស់នៃវិស័យទេសចរណ៍រវាងអាស៊ាន ចិន នេះ បានកំពុងជួយជំរុញឱ្យបាននូវ សមាហរណកម្មសេដ្ឋកិច្ចរវាងតំបន់អាស៊ាន ចិន កាន់តែមានភាពស៊ីជម្រៅ និងការតភ្ជាប់កាន់តែរឹងមាំ។ វិស័យទេសចរណ៍នេះទៀតសោត ក៏ជំរុញការតភ្ជាប់រវាង ប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការស្ថាបនា ផ្លូវសូត្រសតវត្សរ៍ទី២១ ឱ្យកាន់តែមាំមួន ស្របពេលដែលកសាងវិថីសូត្រសតវត្សរ៍ទី២១ បានក្លាយជារបៀបវារៈមួយដ៏សំខាន់ ដែលប្រទេសយើងទាំងអស់គ្នាត្រូវតែធ្វើការ រួមគ្នាដើម្បីសម្រេចនូវសមាហរណកម្មតំបន់។ ក្នុងស្មារតីនេះ គំនិតផ្តួចផ្តើមពង្រឹងវិស័យទេសចរណ៍នេះ នឹងជួយបង្កើនការស្ថាបនាវិថីសូត្រសតវត្សរ៍ទី២១ ដែលនឹងជម្រុញសហបត្តិការតំបន់អោយឈានដល់កំរិតថ្មីមួយទៀត ជួយពង្រឹងកំណើនសរដ្ឋកិច្ចផង ជួយជម្រុញសមាហរណកម្មតំបន់អាស៊ាន ចិនផង ជាពិសេសសមាហរណកម្មរវាងតំបន់អាស៊ានខ្លួនឯងផ្ទាល់ អោយកាន់តែគ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ក៏បានសង្កត់ធ្ងន់ថា កម្ពុជាពិតជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញក្នុងតំបន់ ដោយឈរលើលក្ខណៈពិសេសនៃអច្ឆរិយៈគ្មានពីរនៃប្រាសាទអង្គរ និងប្រាសាទរាប់ពាន់ទៀត និងសម្បតិ្តបេតិកភណ្ឌអរូបីនានា។ ជាក់ស្តែងឆ្នាំ២០១៦ ភ្ញៀវទេសចរណ៍ចិនចូលមកទស្សនាកម្ពុជាបានឈរលំដាប់ទី២ដែលភ្ញៀវទេសចរណ៍ចិនមានប្រមាណ៨,៣សែននាក់ ដែលមានការកើនឡើងជង២០% ធៀបនឹងឆ្នាំ២០១៥។ កម្ពុជាត្រៀមខ្លួនទទួលធ្វើជាប្រទេសកិតិ្តយសក្នុងពិពរណ៍ចិន អាស៊ានលើទី១៥ ឆ្នាំ២០១៨ខាងមុខផងដែរ៕



No comments:

Post a Comment