Tuesday, September 12, 2017

លោក សុន ឆ័យ ប្រកាសទាត់ចោលសម្តីគ្មានការសម្រេចចិត្តត្រឹមត្រូវរបស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ

លោក ស៊ុន ឆ័យ អភិបាល​ក្រុម​សមាជិកសភា ​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញមុខទាត់ចោលនូវពាក្យសម្តីដែលគ្មានការសម្រេចចិត្តត្រឹមត្រូវរបស់លោកស្រី​ មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ កាលពីម្សិលមិញ ហើយលោក ស៊ុន ឆ័យ ប្រកាសថា គណបក្សសង្រ្គោះជាតិ នឹងចូលរួមបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខនេះ។

ការប្រកាសរបស់ លោក សុន ឆ័យ បានធ្វើឡើងបន្ទាប់ពីលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសនៅមុខពន្ធនាគារត្រពាំងថ្លុង ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ថា គណបក្សសង្រ្គោះជាតិ នឹងមិនចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ ខាងមុខនេះនោះទេ បើសិនជាមិនមានការដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ឱ្យមានសេរីភាពឡើងវិញ។

លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា «យើងត្រូវការនូវការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបើសិនជាលោកប្រធាន កឹម សុខា ដែលជាប្រធាន នៃគណបក្សសង្រ្គោះជាតិ មិនមានការដោះលែង មិនបានមកចូលរួម ក្នុងការបោះឆ្នោតខាងមុខ និងលក្ខខណ្ឌដទៃទៀត ដើម្បីឱ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ យើងមិនអាចចូលរួមនៅក្នុងការបោះឆ្នោតមួយ ដែលមិនសេរី មិនយុត្តិធម៌ ពីព្រោះធ្វើខុសនឹងឆន្ទៈប្រជារាស្រ្តយើង»។

លោក សុន ឆ័យ បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សសង្រ្គោះជាតិ មានទិសដៅតែមួយទេ គឺឆ្ពោះទៅរកការបោះឆ្នោត នៅឆ្នាំ២០១៨​។ នេះជាបំណងប្រាថ្នារបស់គណបក្សសង្រ្គោះជាតិ ហើយគណៈកម្មាធិការអចិន្រ្តៃយ៍ បានសម្រេចថា យើងនៅតែបន្តការងាររបស់យើងជាធម្មតា»។

លោកបានបន្តថា «គណបក្សសង្រ្គោះជាតិ មានសមាជិកច្រើន មានអ្នកដឹកនាំច្រើនគ្នា ក៏ប៉ុន្តែគណៈកម្មាធិការអចិន្រ្តៃយ៍ គឺជាក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ការមានមតិជាឯកជន ជាបុគ្គល ដែលមិនមែនជាការសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ មិនមែនជាការសម្រេចរបស់គណៈកម្មាធិការចំពោះកិច្ច មិនមែនជាការសម្រេចរបស់សមាជនោះ មិនមែនជាសម្តីរបស់គណបក្សសង្រ្គោះជាតិទេ»៕


No comments:

Post a Comment