Tuesday, September 12, 2017

ទស្សនៈពលរដ្ឋ៖ វប្បធម៌ឈូឆរធ្វើឲ្យវ័ណ្ឌកកាន់តែខ្លាំង!

ក្នុងសង្គមយើងមានរឿងរ៉ាវច្រើនណាស់ដែលអាចដោះស្រាយបានតាមរយៈការបង្ហាញភាពទន់ភ្លន់ ស្នាមញញឹម និងប្រកបដោយចេតនាល្អ ស្មោះសជាមួយគ្នា។ ប៉ុន្តែ រឿងរ៉ាវជាច្រើនបែរក្លាយទៅជារឿងស្មុគស្មាញកាន់តែខ្លាំងឡើងដោយសារតែពួកអ្នកបន្ទរពីក្រោយតាមបែបស៊ីជោរ និងឈូឆរតាមគ្នា។ ករណីកាសែត ខេមបូឌាដេលី ប្រសិនបើម្ចាស់កាសែតនេះបង្ហាញភាពទន់ភ្លន់តាំងពីដើមទី ដូចដែលគេបានធ្វើពេលនេះ ប្រហែលជារឿងរ៉ាវអាចដោះស្រាយបានរួចរាល់ហើយ។ ប៉ុន្តែ ទាំងម្ចាស់កាសែត ទាំងសង្គមស៊ីវិលមួយចំនួន ទាំងបរទេសខ្លះ និងទាំងអ្នកដែលតាំងខ្លួនថាជាអ្នកស្រឡាញ់សេរីភាពសារព័ត៌មានមួយចំនួនផងនោះ បែរជាជោរតាមគ្នា ដោយបើកការវាយប្រហារទៅលើរាជរដ្ឋាភិបាលថា ប៉ុនប៉ងបិទកាសែតនេះដើម្បីបំបាត់សំឡេងរិះគន់ទៅវិញ។ ពួកគេបានបើកយុទ្ធនាការព្រមៗគ្នាដោយចងភ្ជាប់រឿងនេះទៅនឹងការបិទវិទ្យាស្ថាន NDI និងការចាប់ខ្លួនលោក កឹម សុខា ជាដើម។ ចេតនារបស់ក្រុមស៊ីជោរ ឈូឆរតាមគ្នាទាំងនោះដែលមានវិទ្យុអាស៊ីសេរីចាំបំពងសំឡេង គឺធ្វើយ៉ាងណាឲ្យគេមើលឃើញថា រដ្ឋាភិបាលកំពុងព្យាយាមបំបិទសេរីភាពសារព័ត៌មានដើម្បីផលប្រយោជន៍នយោបាយ ដោយបំភ្លេចចោលទាំងស្រុងនូវកំហុសប៉ុនភ្នំរបស់កាសែត ខេមបូឌាដេលី ដែលជំពាក់ពន្ធរដ្ឋយ៉ាងសន្ធឹកសន្ធាប់រហូតដល់ជាង ៦ លានដុល្លារ។ តើវាមានផលប្រយោជន៍អ្វីដែលរដ្ឋាភិបាលទៅបិទកាសែតបរទេសមួយដែលមានអ្នកអានប៉ុន្មានពាន់នាក់ហើយភាគច្រើនលើសលុបគឺជាជនបរទេសនោះ? តើប្រជាពលរដ្ឋខ្មែរប៉ុន្មានាក់ដែលអានកាសែតនេះ? ដល់ពេលអង្ករក្លាយជាបាយទើបស្តាយក្រោយ ហើយបែរជាសរសេរលិខិតសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ដោយទទួលស្គាល់កំហុស និងចង់មានដំណោះស្រាយសមស្រប។ ចុះត្រង់ខ្លួន និងបក្សពួកខ្លួនយកទឹកខ្មៅទៅជះលើអាវសរបស់គេឲ្យប្រឡាក់ជោគជាំនោះអាចនឹងងាយជម្រះឲ្យស្អាតវិញបានដែរឬទេ?

មានរឿងជាច្រើនទៀតដែលមានសភាពដូចគ្នានេះបានកើតឡើងក្នុងសង្គមខ្មែរ។ ករណីលោក កឹម សុខា ក៏ដូចគ្នាដែរ។ ជំនួសឲ្យកិច្ចខិតខំរកដំណោះស្រាយដោយសន្តិវិធីដើម្បីជួយសម្រួលស្ថានការណ៍ឲ្យធូរស្រាល និងជួយដោះបន្ទុកលោក កឹម សុខា ពួកមុខដដែលៗកំពុងតែព្យាយាមដុតកម្តៅបញ្ហាឲ្យកាន់តែឆេះក្តៅឡើងដែលធ្វើឲ្យលោក កឹម សុខា កាន់តែវ័ណ្ឌកទៅវិញ។ បក្សប្រឆាំងប្រាកដជាដឹងច្បាស់ណាស់ថា ការរៀបចំឲ្យសកម្មជនរបស់ខ្លួនធ្វើបាតុកម្មនៅក្រៅប្រទេសគ្មានឥទ្ធិពលអ្វីទៅលើរដ្ឋាភិបាល និងទៅលើតុលាការរបស់ប្រទេសកម្ពុជាទេ ហើយក៏មិនមែនជាវិធីជួយសម្រាលបន្ទុកដល់លោក កឹម សុខា ដែរ។ ប៉ុន្តែ ពួកគេនៅតែធ្វើដោយមិនខ្វល់ពីផលវិបាកអ្វីទាំងអស់។ គោលបំណងរបស់ក្រុមនេះគឺធ្វើឲ្យតែមានសំឡេងឆូងឆាំង កុំឲ្យប្រទេសនេះស្ងប់ស្ងាត់ កុំឲ្យប្រជាជនប្រទេសនេះរស់នៅសុខស្រួល ពីព្រោះរាល់ពេលស្ងប់ស្ងាត់ និងសុខសប្បាយពួកគេគិតថាជាអំណោយផលដល់រដ្ឋាភិបាលបក្សកាន់អំណាចតែមិនអំណោយផលដល់នយោបាយរបស់ខ្លួនឡើយ។ ដូច្នេះហើយបានជាពួកគេបង្កនិងបង្កើតបញ្ហាជានិច្ច រួចហើយបំប៉ោងសភាពការណ៍ដើម្បីរុញឲ្យដល់ស្ថានភាពតានតឹងមួយហើយរកលេសទម្លាក់កំហុសលើរដ្ឋាភិបាលបក្សកាន់អំណាច។ ការប្រើប្រាស់យុទ្ធសាស្ត្រដដែលៗបែបនេះក៏ព្រោះតែពួកគេយល់ឃើញថា ប្រជាពលរដ្ឋខ្មែរនៅមានការយល់ដឹងទាប ឆាប់ជឿ ឆាប់ផ្អើលឈូឆរតាមការញុះញង់ និងការបង្អើលរបស់ខ្លួន។ ចំណុចនេះត្រូវបានបក្សប្រឆាំងដោយមានបងធំបរទេសនៅពីក្រោយខ្នងចាត់ទុកជាគន្លឹះក្នុងការឈានទៅផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ដូច្នេះហើយបានជារាល់ពេលមានបញ្ហាណាមួយកើតឡើង រាប់ទាំងបញ្ហាដីធ្លី និងបញ្ហាផ្សេងទៀត ក្រុមបក្សប្រឆាំងដែលមានបណ្តាញរបស់ខ្លួនប្រទាក់ក្រឡាគ្នាក្នុងសង្គមស៊ីវិល និងប្រព័ន្ធផ្សាយព័ត៌មាន តែងតែដុតបន្ថែម ដោយពេលខ្លះមានការរៀបចំឲ្យមានតួសម្តែងបានយ៉ាងល្អដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណៈមតិជាតិ និងអន្តរជាតិ។ សូម្បីករណីទៅយកដីគេសោះហើយតុលាការកាត់ឲ្យម្ចាស់ដីឈ្នះក៏គេអាចកាឡៃឲ្យទៅជារឿងអយុត្តិធម៌មួយដើម្បីទម្លាក់កំហុសលើអាជ្ញាធររដ្ឋាភិបាលដោយប្រើប្រាស់សំឡេងយំស្រែកជាឧបករណ៍ទាក់ទាញ…

ពួកគេកេងចំណេញនយោបាយតាមរយៈការកាឡៃសាច់រឿង បង្វែ និងបំភាន់សាធារណៈជនឲ្យមើលឃើញជនល្មើសថាជាជនរងគ្រោះទៅវិញ។ ល្បិចនេះពិតជាស៊ីជម្រៅណាស់ ដែលមនុស្សជាច្រើនមើលមិនឃើញឡើយជាពិសេសពពួកមនុស្សដែលចូលចិត្តស៊ីជោរ ចូលចិត្តផ្អើលឈូឆរតាមគេពីព្រោះតែខ្លួនឯងគ្មានសមត្ថភាពពិចារណារកហេតុផល និងរកខុសត្រូវដោយខ្លួនឯងបាន។ មិនត្រឹមតែមើលមិនឃើញល្បិចកលកខ្វក់នេះប៉ុណ្ណោះទេ តែអ្នកខ្លះថែមទាំងជឿស្លុងតាមឧបាយកលរៀបចំរបស់គេថែមទៀត។ យ៉ាងណាក៏ដោយ ល្បិចកលអស់ទាំងនេះតែងត្រូវបានទប់ស្កាត់និងបំបែកមុនពេលដែលពួកគេធ្វើបានសម្រេច។

ដូច្នេះ គួរតែដល់ពេលហើយដែលបក្សប្រឆាំងបញ្ឈប់ការប្រើប្រាស់ល្បិចកលស្មោគគ្រោគទាំងនេះតទៅទៀត។ វាក៏ដល់ពេលហើយដែរដែលពលរដ្ឋខ្មែរគួរនាំគ្នាប្រើបញ្ញាតាមមាគ៌ារបស់ព្រះពុទ្ធបរមគ្រូដើម្បីពិចារណាទៅលើហេតុការណ៍ណាមួយឲ្យបានច្បាស់លាស់មុននឹងដាក់ចិត្តជឿ ពីព្រោះវប្បធម៌ ស៊ីជោរ ឈូឆរ មិនត្រឹមតែមិនផ្តល់ផលល្អ ថែមទាំងធ្វើឲ្យវ័ណ្ឌកកាន់តែខ្លាំងថែមទៀត។ សម័យនេះទៅហើយ ល្បិចដណ្តើមអំណាចតាមខ្សែញាក់របស់បរទេសគួរតែត្រូវបិទបញ្ចប់។ ខ្មែរគួរបើកទំព័រប្រវត្តិសាស្ត្រថ្មីដើម្បីភាពចម្រុងចម្រើននៃប្រទេសជាតិរបស់ខ្លួនក៏ដូចជាដើម្បីអនាគតកូនចៅជំនាន់ក្រោយ ដោយឈរលើមូលដ្ឋានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដែលប្រទេសយើងកម្ររកបាន៕

ដោយ៖ សូរ គងជ័យ


No comments:

Post a Comment