Tuesday, September 12, 2017

កម្ពុជា ចេញសេចក្តីថ្លែងការណ៍ សោកស្តាយនិងព្រួយបារម្ភ ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ កូរ៉េខាងជើង

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បា​នចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។

សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសនៅមុននេះ បានបញ្ជាក់ថា ការសាក​ល្បង​​​នុយក្លេអ៊ែរ លើកទី៦នេះ របស់រដ្ឋាភិបាល ទីក្រុងព្យូងយ៉ាងនេះ គឺជាការរំលោភជា​ថ្មីម្តង​ទៅលើសេចក្តីសំរេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការ​គំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ក៏ដូចជានៅក្នុងតំបន់ទាំងមូល ហើយនឹងធ្វើឲ្យធ្ងន់ធ្ងរថែមទៀត ចំពោះស្ថានភាព ដែលតឹងតែងស្រាប់នៅក្នុងឧបទ្វីបកូរ៉េ។

ក្រសួងការបរទេស បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាទាមទារឲ្យសាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ អនុវត្តឲ្យបានពេញលេញនូវ សេចក្តីសម្រេចចិត្តពាក់​ព័ន្ធទាំងអស់ របស់ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយនឹងបញ្ឈប់ ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ក្នុងគោលបំណងការពារសន្តិភាព និងស្ថិរភាព នៅក្នុងឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា កូរ៉ខាងជើង បានអះអាងថា ខ្លួនបានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែន ដោយជោគជ័យ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ សម្រាប់បំពាក់លើគ្រាប់មីស៊ីលឆ្លងទ្វីប ICBM ដែលអ្នកជំនាញខ្លះថាអាច បាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ ការធ្វើតេស្តលើកនេះ គឺទាក់ទាញការថ្កោលទោស និងរិះគន់យ៉ាងកក្រើកពិភពលោកតែម្តង ទាំងប្រទេសខ្លះដែលមិនធ្លាប់​បង្ហាញមតិយោបល់​អ្វីសោះកន្លងមក ក៏បានលេចមុខមកព្រមានពីសកម្មភាពដ៏គគ្លើនរបស់កូរ៉េខាងជើង លើកនេះ​ដែរ៕


No comments:

Post a Comment