Tuesday, September 12, 2017

តើជប៉ុន​ពិតជាចង់​មានអាវុធ​នុយក្លេអ៊ែរ​មែនឬ?​

កាសែត The Wall Street Journal នៅពេល​ថ្មីៗនេះ​ដាក់​​ចំណង​ជើង​ថា “តើ​ ត្រាំ ចង់​ឲ្យ​ប្រទេស​ជប៉ុនមាន​​អាវុធនុយក្លេអ៊ែរឬ ?” អត្ថបទ​ ដែល​សរសេរ​ដោយ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ដ៏ល្បី​ឈ្មោះ Walter Russel Mead បាន​លើក​ឡើង​ថា ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​តំបន់​ប៉ាស៊ីហ្វិក បណ្តាល​ដោយ​រដ្ឋបាល​ ត្រាំ ដែល​មិន​សូវ​ប្តេជ្ញាចិត្ត​ខាង​សន្តិសុខ​នៅអាស៊ីនោះ អាច​នាំ​ឲ្យ​ជប៉ុន​​​សន្និដ្ឋាន​ថា​ការ​មាន​នុយក្លេអ៊ែរ​អាច​ជា​វិធីល្អបំផុត​ដល់​ខ្លួន។ ហើយ​​ជាលទ្ធផល​ កូរ៉េខាង​ត្បូង​​និង​តៃវ៉ាន់​អាច​ធ្វើ​តាម​ជប៉ុន​ដែរ។​

លោក Mead បាន​លើក​ឡើង​ថា មនុស្ស​ខ្លះ​នៅ​ក្នុង​រដ្ឋបាល​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ថែម​ទាំង​ស្វាគមន៍​​គំនិត​នៃ​ទ្វីប​អាស៊ី​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀត​ផង។ ហើយ​ ​ប្រសិន​បើ​​អាមេរិក​ដក​ជប៉ុន​ចេញពី​ការ​ធានា​ផ្នែក​សន្តិសុខ​របស់ខ្លួន​ ជា​ពិសេស​​ការ​ធានា​ដល់ជប៉ុន​ស្ថិត​ក្រោម​ការ​ការ​ពារ​នុយក្លេ​អ៊ែរ​របស់​អាមេរិកនោះ តូក្យូ​ប្រហែល​ជា​​ពិចារណា​យ៉ាង​ល្អិត​ល្អន់​​ក្នុងការ​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ។​

ជាង​នេះទៅទៀត គេ​ដឹង​ជា​ទូទៅ​ថា ជប៉ុន​មាន​សមត្ថភាព​បច្ចេក​ទេស​​ក្នុងការ​បង្កើត​គ្រាប់​បែក​នុយក្លេអ៊ែរ​នៅ​ក្នុង​ពេល​យ៉ាង​ខ្លី ប្រហែល​ត្រឹម​តែ​ប៉ុន្មាន​ខែ​ ឬប៉ុន្មាន​ឆ្នាំ​យ៉ាង​យូរ​បំផុត។ ប៉ុន្តែ សំណួរ​ពិតប្រាកដ​នោះ​គឺថា តើ​ជប៉ុន​ចង់​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ​ដែរ​ឬទេ?

ការ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​​គឺជា​ផ្នែក​មួយ​ដ៏ងាយស្រួល​បំផុត

តាំងពី​ដំបូង​ ជប៉ុន​​ទំនង​ជា​ដឹងថា ការក្លាយជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​គឺមាន​ភាព​លំបាក​ខ្លាំង​ជាង​ខ្លួន ឬ​អ្នក​ផ្សេង​ភាគ​ច្រើន​គិត​ទៅទៀត។ វា​មិន​គ្រាន់តែ​ជា​បញ្ហា​នៃ​ការ​បង្កើត​អាវុធនុយក្លេអ៊ែរ​ប៉ុណ្ណោះទេ។ ពោល​គឺ ប្រសិន​បើ​ជប៉ុន​​បង្កើត​អាវុធ​នុយក្លេអ៊ែរហើយ​ធ្វើ​តេស្ត​នោះ ការ​នោះ​នឹង​នាំ​ឲ្យ​មាន​ភាព​កង​រំពង​​នៅអាស៊ី ​និង​នៅ​ទូទាំង​ពិភព​លោក​ទៀត​ផង។ ប៉ុន្តែ តូក្យូ​​ត្រូវ​តែ​បង្ហាញ​ថា ការ​មាន​នុយក្លេអ៊ែនោះ​គឺគ្រាន់តែ​ជា​ការ​ការ​ពារ​ខ្លួន​ប៉ុណ្ណោះ។​

ដំបូង​ ជប៉ុន​នឹង​ចាំបាច់​ត្រូវ​តែ​ធ្វើ​តេស្ត​សមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន​ជា​ច្រើន​ដង​ ក្នុង​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​បង្កើត​កងកម្លាំង​នុយក្លេអ៊ែរ​គួរ​ឲ្យ​ជឿជាក់មួយបាន​។

ប៉ុន្តែ តើ​ខ្លួន​នឹង​ប្រើ​ប្រាស់​គ្រាប់នុយក្លេអ៊ែរ​នេះ​ដោយ​របៀប​ណា? នៅ​លើ​យន្ត​ហោះឬ? ជប៉ុន​មិន​មាន​យន្តហោះ​ចម្បាំង​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​នោះទេ គ្មានយន្តហោះទម្លាក់គ្រាប់​បែកទេ ឬ​យន្តហោះ​វាយប្រហារ​ពិសេសនោះទេ។ កងកម្លាំង​ស្វ័យការ​ពារ​ទ័ពអាកាស​របស់ខ្លួន​​ពិតជាមាន​សមត្ថភាព​​​​បើក​បរ​យន្ត​ហោះ​ប្រយុទ្ធ​​របស់​អាមេរិក​ដូចជា F-15 ដែល​អាច​យក​មក​ដឹក​គ្រាប់បែក​នុយក្លេអ៊ែរ​បាន។ ប៉ុន្តែ នោះតម្រូវ​​ឲ្យ​មាន​ការ​អនុញ្ញាត​ពីអាមេរិក​ដើម្បី​បើក​ប្រអប់​ខ្មៅ​​របស់​យន្ត​ហោះ ពោល​ជា​លេខ​កូដ​​អេឡិច​ត្រូនិក ដើម្បី​អាច​បំពាក់អាវុធ​នុយក្លេអ៊ែ​រ​ដល់​យន្ត​ហោះទាំង​នេះ។ វា​លំបាក​ក្នុងការ​មើលឃើញ​រឿង​នោះ​កើត​ឡើងបាន​។​

ជប៉ុន​អាច​ដាក់​គ្រាប់​នុយក្លេអ៊ែ​រ​របស់ខ្លួន​​នៅ​លើ​គ្រាប់មីស៊ីល។ នោះ​តម្រូវ​ឲ្យ​​មានការ​ផលិត​គ្រាប់នុយក្លេអ៊ែរ​តូច​ដើម្បី​អាចបំពាក់​​នៅ​លើ​គ្រាប់​មីស៊ីល ហើយ​ក្រោយ​មកត្រូវ​​បង្កើត​គ្រាប់មីស៊ីល​ផ្ទាល់ខ្លួន។ ជប៉ុន​មាន​ឧស្សាហកម្ម​​បាញ់បង្ហោះ​ទៅ​ដែន​អាកាស​ដ៏​រស់​រវើក ប៉ុន្តែ​វា​មិន​មែន​ជា​ប្រភេទ​គ្រាប់​រ៉ូកែត​​​សម្រាប់​នុយក្លេអ៊ែរទេ។ គ្រាប់មីស៊ីល​ពិសេស​មួយ​បែប​នេះនឹង​ត្រូវ​តែ​បង្កើត​ឡើង ដោយ​​​ស្ទើតែ​ចាប់​ផ្តើម​ថ្មី​ទាំង​ស្រុង​តែម្តង។​

នៅពេល​នោះ តើ​តូក្យូ​នឹង​ទុក​អាវុធនុយក្លេអ៊ែរទាំង​នេះនៅទីណា? ថាតើ​នៅ​ក្រោមដី (ដែល​ងាយរងគ្រោះ​នឹង​រញ្ជួយ​ដី) ឬ​លើ​ទម្រ​មីស៊ីល​ចល័ត? ជប៉ុន​គឺជា​ប្រទេស​តូច​ដែល​មាន​ប្រជាជន​ច្រើន។ តើ​តំបន់​ណា​របស់​ប្រទេស​​ចង់​ទទួល​​ទុក​អាវុធ​ទាំង​នេះ ជា​ពិសេស​ដោយ​សារតែ​​​​តំបន់​ទាំង​នោះ​នឹង​អាច​ក្លាយ​ជា​ទីតាំង​គោល​ដៅ​ដំបូង​គេ​ក្នុងការ​វាយប្រហារ​​របស់​សត្រូវ? វា​ទំនង​ជា​ថា សហគមន៍​អ្នក​ស្រុក​ជា​ច្រើន​ចង់​ចម្លង​តាម​កោះ​អូគីណាវ៉ា​ដែល​ប្រឆាំង​​យ៉ាង​ខ្លាំង​​ដល់​ការ​ធ្វើ​យោធាតូបនីយកម្ម​តំបន់​ក្បែរ​ខាង​របស់គេ។

ជប៉ុន​អាច​បំពាក់គ្រាប់​ទាំង​នេះ​នៅ​ក្នុង​នាវាមុជទឹក ដែល​នឹង​តម្រូវ​ឲ្យ​​មាន​គ្រាប់​មីស៊ីល​ដែល​អាច​បាញ់​ចេញពី​នាវាមុជទឹក ដែល​អាច​បាញ់​ចេញ​ពីក្រោម​ទឹក​បាន។ ជប៉ុន​ក៏​ត្រូវ​តែ​បង្កើត​​នាវាមុជ​ទឹក​ដែល​អាចបំពាក់​គ្រាប់​មីស៊ីល​អន្តរទ្វីប​ផងដែរ ពោល​គឺ​អាច​មាន​សមត្ថភាព​នុយក្លេអ៊ែរ នោះ​ជា​ការ​ប្រឈម​ផ្នែក​បច្ចេក​វិទ្យា​មួយ​ទៀត​។​

រឿង​ទាំង​អស់​នោះ​មិន​មែន​តម្លៃ​ថោក​ទេ។ វា​ធ្វើ​ឲ្យ​អង់គ្លេស​ចំណាយ​អស់ ១៩ ពាន់លាន​ដុល្លារ​​ក្នុងការ​បង្កើត​កង​នាវាមុជទឹក​ដែល​អាច​បាញ់​គ្រាប់​មីស៊ីល​នុយក្លេអ៊ែរ​អន្តរទ្វីបដែល​មាន​នាវា​​ចំនួន​ ៤ គ្រឿង ហើយ​ទីក្រុង​ឡុងដ៍​ទិញ​គ្រាប់មីស៊ីល​ម៉ាក Trident II ពីអាមេរិក (ជាអ្វីមួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​មិន​ទំនង​ជា​ចង់​ធ្វើ​សម្រាប់​ជប៉ុន​នោះទេ)។

លើស​ពីគ្រាប់មីស៊ីល

ទន្ទឹម​គ្នានោះដែរ ជប៉ុន​នឹង​ត្រូវ​តែ​បង្កើត​​ហេដ្ឋារចនាសម្ព័ន្ធ​​គាំទ្រ​ទាំង​ស្រុង​​សម្រាប់​អាវុធ​នុយ​ក្លេអ៊ែរ​របស់ខ្លួន។ ទីតាំង​ទុក​ដាក់​សុវត្ថិភាព​ពិសេស​​នឹង​ត្រូវ​តែ​សាងសង់​ឡើង​​នៅ​មូល​ដ្ឋាន​ទ័ព​អាកាស ​និង​ជើង​ទឹក​ដើម្បី​ធានាដល់​គ្រាប់​នុយក្លេអ៊ែរ​នោះ។ វិស្វករ​នុយក្លេអ៊ែរ​នឹង​ត្រូវ​តែ​​បង្វឹក​ដើម្បី​ថែរក្សា​ និង​គ្រប់គ្រង​គ្រាប់​បែក​ និង​ក្បាល​គ្រាប់​ទាំង​នេះ។​

ជប៉ុន​នឹង​ត្រូវតែ​​បង្កើត​ក្រុម​បញ្ជាការ​ពិសេស ​ដើម្បី​ការពារ​​ការ​ប្រើ​ប្រាស់​កងកម្លាំង​នុយក្លេ​អ៊ែរ​។ ឧបករណ៍​សន្តិសុខ​​ពិសេស​នឹង​ត្រូវ​តែ​​បង្កើត​ឡើង​ដើម្បី​​ទប់ស្កាត់​ការ​បំពាក់​ ឬ​បំផ្ទុះ​​អាវុធ​នុយ​ក្លេអ៊ែរ​ដោយ​គ្មានការ​អនុញ្ញាត។ ឧបករណ៍​ទាំង​នេះ​ត្រូវ​តែ​ចង​ដើម្បី​ទប់​ស្កាត់​ការ​លួច​វាយប្រហារ​តាម​អ៊ីនធឺណិត។​

 អ្នក​ត្រូវ​ពឹង​លើខ្លួន​ឯង​ ជប៉ុន

ជារួម​ទៅ​ តូក្យូ​នឹង​ត្រូវ​តែ​​ដោះ​ស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​និង​បច្ចេកវិទ្យា​ទាំង​នេះ​ដោយ​ខ្លួន​ឯង។ អាមេរិក​ពិតជា​នឹង​មិន​ទៅជួយ​ជប៉ុន​ទេ។ វា​មាន​តម្លៃ​​រាប់​ពាន់​លាន ឬ​ប្រហែល​រាប់​ពាន់​ពាន់​លាន​យេន​ទៀត​ផង ​ដើម្បី​បង្កើត​កងកម្លាំង​នុយក្លេរអ៊ែរ​​និង​ត្រូវ​ពេល​ច្រើន​ទសវត្សរ៍​ដើម្បី​ដាក់វាយ​ឲ្យ​ដំណើរ​ការ។

ទន្ទឹ​ម​គ្នា​នោះដែរ តើ​សាធារណជន​ជប៉ុន​នឹង​​យល់​ស្រប​តាម​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដ៏ធំ​និង​យ៉ាង​ថ្លៃនេះ​ដែរឬទេ? គេ​អាច​​រំពឹង​ថា ពួក​អ្នក​នយោ​បាយ​ស្តាំនិយម​ចង់​បាន​គំនិត​នោះ។ ពួក​ជាតិ​និយម​បាន​រំពឹង​ចង់​បាន​ថ្ងៃនោះជា​យូរ​មក​ហើយ ​ក្នុងការ​ចង់​ឲ្យ​ជប៉ុន​មាន​​កម្លាំង​យោធា​ដ៏ធំរាប់​បញ្ចូល​ទាំង​​អាវុធ​នុយក្លេអ៊ែរ ដែល​មានសមត្ថភាព​​ការ​ពារ​ប្រទេស​ដោយ​ខ្លួន​ឯងនោះ។

ប៉ុន្តែ ចុះ​អំពី​​ប្រជាជន​ភាគ​ច្រើន​របស់​ជប៉ុន​ដែល​នៅតែ​ប្រឆាំង​នឹង​គំនិង​នៃ​ការ​មាន​អាវុធនុយ​ក្លែអ៊ែរនោះ? ពល​រដ្ឋ​ជប៉ុន​មានគំនិត​ប្រឆាំង​យោធា​និយម ប្រឆាំង​សង្គ្រាម​ និង​ប្រឆាំង​នុយក្លេអ៊ែរ​​អស់​ពេល​ជាង ៧០ ឆ្នាំ​កន្លងមកហើយ។​

គំនិត​ទាំង​នេះ​ត្រូវ​បាន​ចារ​នៅ​ក្នុង​មាត្រា​ ៩ នៃ​រដ្ឋ​ធម្មនុញ្ញ​របស់ខ្លួន ដែល​ចាត់ទុក​សង្គ្រាម​ថា ជា​ឧបករណ៍​​នៃ​ជម្លោះអន្តរជាតិ។ មាត្រា​នេះ​ត្រូវ​បាន​បក​ស្រាយ​ជា​ប្រចាំ​អស់​ជា​ច្រើនទសវត្សរ៍​មក​ហើយ​ដើម្បីអនុញ្ញាត​ឲ្យ​បំពាក់អាវុធ​ឡើង​វិញ​ដល់​ជប៉ុន ដោយ​មានការ​បញ្ជូន​កងកម្លាំង​ជប៉ុន​ទៅ​បរទេស និង​ចូល​រួម​ក្នុង​សន្តិសុខ​រួម​របស់ខ្លួន​ជា​មួយ​អាមេរិក​។ ប៉ុន្តែ មាត្រា​ ៩ នោះ​នៅតែ​ចែង​អំពីការ​ហាម​ប្រាម​លើ​ការ​មាន​អាវុធនុយក្លេអ៊ែរ ជា​ពិសេស​កងកម្លាំង​នុយក្លេអ៊ែរ។​

ជាង​នេះទៅទៀត នៅពេល​និយាយរឿង​អាវុធនុយក្លេអ៊ែរ ជប៉ុន​គឺជា​ប្រទេស​រងគ្រោះ​តែម្នាក់គត់​ ពោលគឺជា​ប្រទេស​តែ​មួយ​គត់​ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​គ្រាប់បែក​នុយក្លេអ៊ែរ។ ទាំង​អស់​នេះ​គឺជាអ្វីដែល​លំបាក​ក្នុងការ​ជំនះ​ដើម្បីឈាន​ទៅ​ការ​ក្លាយជា​ប្រទេស​មាន​នុយក្លេអ៊ែរ។​

ជប៉ុនដែល​មាន​នុយក្លេអ៊ែរ​​គឺអាច​កើតមានឡើង។ ទន្ទឹមគ្នា​នោះដែរ វាមិនមែនជាអ្វីដែល​អាច​ធ្វើ​ឡើង​អស់​តម្លៃ​ទាប​ បន្ទាន់ ឬ​ដោយ​គ្មាន​ការ​បញ្ឆេះ​នូវ​​ព្យុះ​នយោ​បាយ​ដ៏​ធំនោះទេ៕

ប្រភព៖ Asia Times ចុះថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០១៧

No comments:

Post a Comment