Tuesday, September 12, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា

ណាននីង៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីអញ្ជើញចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៤ រួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ អន្តរជាតិណាននីង។

បន្ទាប់ពីអញ្ជើញកាត់ខ្សែបូរសម្ពោធឱ្យបើកជាផ្លូវការនូវការតាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជានៅជាន់ខាងលើហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដើរពិនិត្យមើលផលិតផលកម្ពុជា (Made in Cambodia) ដែលបានយកមកតាំងពិព័រណ៍នៅទីនេះមានដូចជា អង្ករ ម្រេច គ្រាប់ស្វាយចន្ទីរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ ក្រណាត់និងសម្លៀកបំពាក់ខ្មែរ និងផលិតផលកសិកម្ម ខ្មែរយើងដែលមានគុណភាព និងសុខភាពជាច្រើនរយមុខទៀត។

បងប្អូនខ្មែរដែលយកផលិតផលមកតាំងនៅទីនេះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលិតផលគុណភាពកម្ពុជា និងដើម្បីស្វែងរកដៃគូចិនក្នុងការចែកចាយនៅទីផ្សារក្នុងប្រទេសចិន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងក្តីរំភើបរីករាយ និងលើកទឹកចិត្តដល់បងប្អូនពាណិជ្ជករ និងអ្នកវិនិយោគគិនចូលរួមជំរុញការនាំចេញផលិតផលកសិកម្មខ្មែរយើងឱ្យកាន់តែច្រើន ដើម្បីជួយដល់បងប្អូនកសិករឱ្យមានជីវភាពរស់នៅកាន់តែប្រសើឡើង។ បន្ទាប់ពីបានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនអាជីវករ និងពាណិជ្ជកររួចហើយ លោក ហ៊ុន សែន បានអញ្ជើញទៅជាន់ខាងក្រោមកាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជា ដែលឆ្នាំ២០១៧ នេះគឺមានរៀបចំជាទ្រង់ទ្រាយប្រាសាទព្រះវិហារ។ នៅក្នុងឱកាសនោះដែរ ក៏មានកូន ក្មួយរាំរបាំជូនលោក និងភ្ញៀវជាតិ និងអន្តរជាតិទស្សនាប្រកបដោយបរិយាកាសរីករាយក្រៃលែង៕







No comments:

Post a Comment