Tuesday, September 12, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងស្នើមេដឹកនាំចិនឱ្យបង្កើនថវិកាសម្រាប់ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះ​សំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅ ខេត្តក្វាងស៊ី ចំនួន១៤២នាក់ និងបានផ្តល់អនុសាសន៍ដល់និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងក្របជញ្ជក់យកចំណេះដឹងចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ។

តំណាងសមាគមនិស្សិតប្រចាំប្រទេសចិន បានឱ្យដឹងថា បច្ចុប្បន្ននេះនិស្សិតកម្ពុជាសិក្សានៅប្រទេសចិន មានចំនួនសរុប១២១០នាក់ ក្នុងនោះសិក្សាថ្នាក់បណ្ឌិតមានចំនួន ១៧រូប ថ្នាក់អនុបណ្ឌិត២២៤រូប និងថ្នាក់ បរិញ្ញាបត្រមានចំនួន ៩៦៩រូប។ ដោយឡែកនិស្សិតកំពុងសិក្សានៅទីក្រុងណាននីង មានចំនួន៩៩រូប។ និស្សតិដែលមកចូលរួមក្នុងឱកាសនេះ មានចំនួន១៤២រូប ក្នុងនោះនិស្សិតចំនួន៤០រូបសិក្សានៅទីក្រុង ណាននីង និងមួយចំនួនទៀតមកពីតំបន់នានា ក្នុងប្រទេសចិន។

មានប្រសាសន៍សំណេះសំណាលទៅកាន់និស្សិតដែលកំពុងសិក្សាក្នុងខេត្តក្វាងស៊ី ប្រទេសចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពសិក្សារបស់និស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការសិក្សារៀនសូត្រនៅខេត្តក្វាងស៊ីប្រទេសចិន។  ជាមួយនឹងពិធីសំណេះសំណាលគ្នានោះដែរ លោក ហ៊ុន សែន បានធ្វើការគូសបញ្ជាក់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបានធ្វើការផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវធ្វើការតាមដានពីសកម្មភាពរបស់រាជរដ្ឋាភិបាល និងពីសភាពការណ៍ពិតរបស់ប្រទេសកម្ពុជា តាមរយៈប្រព័ន្ធព័ត៌មានវិទ្យានៃសម័យសាកលភាវូបនីយកម្មដ៏ទំនើបរបស់យើង ពិសេសទៅទៀតនោះត្រូវចេះពិចារណានូវរាល់ចំណុចវិជ្ជមានដែលរាជរដ្ឋាភិបាល បាននិងកំពុងដឹកនាំថែរក្សាសុខសន្តិភាព ស្ថិរភាពនយោ​បាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ពិសេសការអភិវឌ្ឍប្រទេសជាតិ ដែលកំពុងមានការរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្តល់នូវអនុសាសន៍ណែនាំជូនដល់និស្សិតអាហារូបករណ៍ទាំងអស់ បន្តនូវស្មារតីគោរពស្រឡាញ់ និងចេះជួយយកអាសារពីគ្នាទៅវិញទៅមក ការធ្វើទំនាក់ទំនងល្អជាមួយនិងនិស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រជាមួយគ្នា ពិសេសការបន្តនូវប្រពៃណីមិត្តភាព កិច្ចសហប្រតិបត្តិការល្អ ទាំងក្នុងការសិក្សានាពេលបច្ចុប្បន្ននិងទៅអនាគត។ និស្សិតត្រូវគោរពវិន័យនិងសេចក្តីថ្លែថ្នូរ ក្នុងការសិក្សារៀនសូត្រ ត្រូវរស់នៅស្អាត ហូបស្អាត និងមិនត្រូវបង្កបញ្ហាអ្វីដល់ការសិក្សានិងការស្នាក់នៅ និងមួយផ្នែកទៀត ត្រូវចូលរួមនៅក្នុងការងារសង្គមឱ្យបានច្រើន និងទូលំទូលាយ។ ជាមួយគ្នានោះ ត្រូវមានមនសិការសាមគ្គីគ្នាក្នុងការសិក្សាស្រាវជ្រាវពីរបកគំហើញថ្មីៗ ដែលទាក់ទិនទៅនឹងកម្មវិធីសិក្សាពិសេសការរីកចម្រើនក្នុងអាស៊ាន ក៏ដូចជាការវិវត្តន៍នៃសភាពការពិភពលោក។

នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថាលោក នឹងបន្តធ្វើការពិភាក្សាជាមួយនិងមេដឹកនាំចិន ក្នុងការបង្កើនថវិកាសម្រាប់ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលសិក្សានៅចិនផងដែរ។ ក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់និស្សិតអាហារូបករណ៍ទាំង១៤២នាក់ ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រ ព្រមទាំងបានថតបង្ហោះសែលហ្វីជាមួយនិងក្មួយៗនិស្សិតទាំងអស់ ក្នុងភាពស្និទ្ធស្នាលរាក់ទាក់បំផុត៕











No comments:

Post a Comment