Tuesday, September 12, 2017

លោក សុខ ឥសាន៖ ការពិត អាមេរិក បានធ្វើដូចសំដីរបស់លោក កឹម សុខា មែនឬអត់?

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងតាមតេឡេក្រាមនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ថា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្តែងការសោកស្តាយចំពោះទំនាក់ទំនងកម្ពុជា-អាមេរិក គឺជាសិទ្ធិរបស់លោក។ ក៏ប៉ុន្តែប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មិនមែនជាការចោទប្រកាន់ទេ តែជាការថាតាមការលើកឡើងច្បាស់ៗរបស់លោក កឹម សុខា តែប៉ុណ្ណោះ។ ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានធ្វើឡើងបន្ទាប់ពីលោកឯកអគ្គរដ្ឋសហរដ្ឋអាមេរិកបានហៅក្រុមអ្នកកាសែតចូលទៅក្នុងស្ថានទូតខ្លួន ដើម្បីបង្ហាញពីក្តីកង្វល់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិកក្នុងរយៈពេលចុងក្រោយនេះ។

លោក សុខ ឥសាន ក៏បានចោទសួរទៅកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីឆ្លើយបញ្ជាក់ឲ្យបានច្បាស់ជូនសាធារណជនជ្រាបផង ថាតើការពិត សហរដ្ឋអាមេរិក បានធ្វើដូចសំដីរបស់លោក កឹម សុខា និយាយមែន ឬអត់? បើមែន សូមថា មែន បើមិនមែន ថាមិនមែនទៅ។

ជាការបញ្ជាក់បន្ថែមមន្ត្រីនាំពាក្យលោក សុខ ឥសាន អះអាងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មាននយោបាយការបរទេសត្រឹមត្រូវជាមួយបណ្តាប្រទេសលើសកលលោក ដោយមិនរើសអើងជាតិសាសន៍ ព៌ណ សម្បុរ និន្នាការ និងមនោគមន៍វិជ្ជាឡើយ ហើយចាត់ទុកបណ្តាប្រទេសទាំងអស់ គឺជាមិត្តភក្ត្ររបស់កម្ពុជា ផ្អែកលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងផងគ្នា ស្មើសិទ្ធិ និងស្មើភាពគ្នា។ លោក សុខ ឥសាន បន្ថែមថា កម្ពុជា ជាប្រទេសតូចតាច ទន់ខ្សោយ មិនហ៊ានរត់ប្រណាំងជាមួយ សហរដ្ឋអាមេរិកទេ តែបញ្ហាសំខាន់ចង់ដឹងតែការពិតប៉ុណ្ណោះ៕


No comments:

Post a Comment