Tuesday, September 12, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបអភិបាលខេត្តក្វាងស៊ី

នៅល្ងាចថ្ងៃទី ១២ កញ្ញា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានអញ្ជើញជួបសំណេះសំណាលជាមួយ លោក Chen Wu អភិបាលខេត្តក្វាងស៊ី នៅ Lyuan Resort។
នៅក្នុងកិច្ចពិភាក្សាមុននេះបន្តិច លោកអភិបាលខេត្តបានអរគុណលោកនាយករដ្ឋមន្ត្រី ដែលបាន អញ្ជើញមកចូលរួមក្នុងពិព័រណ៍ចិនអាស៊ាន១០លើកមកហើយ ដែលបង្ហាញពីការគាំទ្រដល់ការពង្រឹងទំនាក់ទំនងនិងសហប្រតិបត្តិការរវាងចិននឹងអាស៊ានអោយកាន់តែរឹងមាំថែមទៀត។ តាមពិតទៅការរៀបចំពិព័រណ៍នេះគឺលោកនាយករដ្ឋមន្ត្រី បានជួយសម្របសម្រួលរវាងអាស៊ាន និងចិន ក្នុងកំឡុងពេលដែលលោក Wen Jiabao កាន់ដំណែងជានាយករដ្ឋមន្រ្តីដែលឈានដល់ការព្រមព្រៀងគ្នាបង្កើតអោយមានពិព័រណ៍នេះឡើង។

តាមរយៈពិព័រណ៍នេះគឺបានជួយពង្រីកទីផ្សារផលិតផលកម្ពុជាមកកាន់ប្រទេសចិនយ៉ាងច្រើនផងដែរ និងព្រមទាំងបានជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីអោយបានឈានឡើងខ្ពស់មួយកម្រិតធំថែមទៀត។ លោកអភិបាលខេត្តនឹងសហការជំរុញវិនិយោគលើវិស័យកសិកម្ម វិស័យអប់រំ និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរអោយកាន់តែខ្លាំងឡើងថែមទៀត។
នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជាគឺជាប្រទេសកិត្តិយសនៃពិព័រណ៍ចិនអាស៊ានលើកទី ១៥ ស្របគ្នានឹងខួប លើកទី ៦០ នៃទំនាក់ទំនងការទូតកម្ពុជាចិន និង ខួប១៥ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តចិន អាស៊ានផង ដែរ។ លោក Chen Wu នឹងរៀបចំគណៈប្រតិភូចុះទៅពិភាក្សាការងារជាមួយក្រសួងពាក់ព័ន្ឋ មួយចំនួននៅកម្ពុជា ដើម្បីរៀបចំពិព័រណ័លើកទី ១៥ នេះអោយមានលក្ខណៈពិសេស និងជោគជ័យខ្លាំងបំផុត។ ទាំងអស់នេះគឺដើម្បីពង្រឹងកិច្ចទំនាក់ទំនងកម្ពុជាក្វាងស៊ីអោយរឹងមាំល្អ និងរវាងកម្ពុជានិងចិន អោយកាន់តែខ្លាំងនិងរឹងមាំថែមទៀត។ លោក Chwen Wu បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីផងដែរ ប្រសិនបើមានអ្វីអោយលោកជួយ គឺលោកនឹងជួយអោយអស់ពីលទ្ឋភាព។

នៅថ្ងៃនេះលោកអភិបាលខេត្តបាន ប្រគល់អំណោយចំនួន ១លានដុល្លារដល់ លោកនាយករដ្ឋមន្ត្រី ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់សង្គមជាតិ។
មុននឹងបញ្ចប់ លោក Chen Wu បានអរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ដែលតែងតែគាំទ្រ និងយកចិត្តទុកដាក់ចំពោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អររវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានអរគុណ លោកនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាផងដែរដែលតែងតែគាំទ្រ ពិព័រណ៍ចិន-អាស៊ានតាំងពីដើមរហូតមក។

បន្ទាប់ពីកិច្ចប្រជុំសំណេះសំណាលដោយភាពស្និទ្ឋស្នាលរួចមក លោក Chen Wu បានរៀបចំពិធីជប់លៀងជូនលោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូនៅយប់នេះមុននឹងអញ្ជើញវិលត្រឡប់ទៅកាន់ ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃស្អែកនេះ៕





No comments:

Post a Comment