Tuesday, September 12, 2017

ពិព័រណ៌ចិន-អាស៊ានលើកទី១៤ ឆ្នាំ២០១៧នេះ កម្ពុជារៀបចំស្តង់តាំងលក់ផលិតផលចំនួន១២៦ស្តង់

ណាននីង៖ នៅក្នុងព្រឹត្តិការណ៍នៃការចូលរួមពិព័រណ៌ចិន-អាស៊ានលើកទី១៤ ឆ្នាំ២០១៧នេះ កម្ពុជាក៏បានរៀបចំនូវវេទិកាធុរកិច្ច និងវិនិយោគ ស្តីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៧ ក្នុងមជ្ឈមណ្ឌលតាំងពិព័រណ៌ និងសន្និសីទណាននីង ដែលនឹងធ្វើការទាក់ទាញអ្នកចូលរួមពី៤០០ ទៅ ៥០០នាក់។ គោលបំណងនៃការរៀបចំវេទិការធុរកិច្ច វិនិយោគ និងទេសចរណ៍នេះ គឺដើម្បីផ្សព្វផ្សាយពីកាលានុវត្តភាព នៃការធ្វើធុរកិច្ច វិនិយោគ និងទេសចរណ៍នៅកម្ពុជា ការកៀងគរអ្នកវិនិយោគ និងអ្នកទេសចរណ៍ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ជាពិសេសដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងរវាងប្រទេសក្នុងតំបន់ឱ្យបានប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ដែរថា លើការវិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ សាធារណរដ្ឋប្រជាមានិតចិន គិតមកដល់ខែសីហា ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនចិន លើគម្រោងថ្មីចំនួន៥១គម្រោង និងពង្រីកផលិតកម្មលើគម្រោងដែលមានស្រាប់ចំនួន៩គម្រោង ដែលមានទុនវិនិយោគសរុបជាង ១ពាន់៤៨២លានដុល្លារអាមេរិក ពោលគឺជាប់ចំណាត់ថ្នាក់លេខ១ លើការវិនិយោគបរទេសក្នុងប្រទេស កម្ពុជា។ គម្រោងដែលលេចធ្លោជាងគេ ក្នុងឆ្នាំ២០១៧នេះ គឺគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិនៅខេត្តសៀមរាប ដែលមានទុនវិនិយោគប្រមាណ ៩៦២លានដុល្លាអាមេរិក។
កិច្ចព្រមព្រៀងកម្ពុជា-ចិន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែកក្កដាឆ្នាំ១៩៩៦ ហើយកិច្ចព្រមព្រៀងនោះបានចូលជាធរមាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៩។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានសហការបង្កើតឡើងដោយក្រុមហ៊ុន Cambodia International Investment Development Group Co., Ltd និងក្រុមហ៊ុន Jiangsu Taihu Cambodia International Economic Cooperation Investment Co.,Ltd លើផ្ទៃដីទំហំ១ពាន់១១៤ហិចតា មានទីតាំងស្ថិតនៅភូមិពូធឿន ឃុំបឹតត្រាំង និងភូមិស្មាច់ដែក ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយទទួលបាន គោលការណ៍អនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពីរាជរដ្ឋាភិបាលកាលពីខែមិថុនាឆ្នាំ២០០៧។ បច្ចុប្បន្នរោងចក្រដែលបានបោះទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានចំនួន១០៨ក្រុមហ៊ុន និងមានទុនវិនិយោគសរុបប្រមាណជាង ៣០៦ពាន់លានដុល្លារអាមេរិក ហើយបាននិងកំពុងផ្តល់ការងារធ្វើជូនបុគ្គលិកកម្មករកម្ពុជា សរុបចំនួន ១ម៉ឺន៤ពាន់៥៣៦នាក់។ គម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងក្រៅប្រទេសទី៨ របស់ប្រទេសចិន និងជាគម្រោងទី១ នៅតំបន់អាស៊ី ដែលទទួលបានការគាំទ្រ និងឥណទានពីរដ្ឋាភិបាលចិន។ ក្នុងគោលបំណងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងជួយជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០។
តាមរយៈកិច្ចព្រមព្រៀងនោះ គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងក្រុមការងារចំណុះឱ្យគណៈកម្មាធិកានេះ ត្រូវបានបង្កើតឡើង។ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ។ ប្រទេសកម្ពុជាបានចាត់ទុកប្រទេសចិន ជាមិត្តដ៏ស្មោះត្រង់និងជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដែលបានផ្តល់ហិរញ្ញប្បទានគាំទ្រលើវិស័យអាទិភាពសំខាន់ៗ មានសង្គតភាពជាមួយផែនការ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ជាពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។
កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ចិន បានពង្រឹង និងពង្រីកឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ទំហំនៃការផ្តល់ហិរញ្ញប្បទានរបស់ប្រទេសចិន មានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺពីប្រមាណជាង៥លានដុល្លារ ក្នុងឆ្នាំ២០០៣ ដល់ប្រមាណជាង៣១៨លានដុល្លារ ក្នុងឆ្នាំ២០១៤។ សម្រាប់ឆ្នាំ២០១៥ ទំហំហិរញ្ញប្បទានមានប្រមាណ ៣៤៩លានដុល្លារ និងប្រមាណ១៧៨លានដុល្លារសម្រាប់ឆ្នាំ២០១៦។

សូមបញ្ជាក់ដែរថា ពិព័រណ៌ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧នេះ គ្របដណ្តប់លើផ្ទៃដីទំហំ ១២២ពាន់ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីប្រមាណ១២ពាន់ម៉ែត្រក្រឡា ត្រូវបានពង្រីកបន្ថែម។ ស្តង់ចំនួន៦៥០០ ក្នុងស្តង់ចំនួន៧០០ មានការកើនឡើងជាងពិព័រណ៍មុនៗ៕





No comments:

Post a Comment