Tuesday, July 25, 2017

អភិបាលខេត្តព្រះវិហារ ព្រមានក្រុមហ៊ុនដឹកជញ្ជូន ដែលបើកបរមិន​គោរពច្បាប់​ចរាចរណ៍​ និងបញ្ជា​ឲ្យសមត្ថកិច្ច​ចាត់វិធាន​ការច្បាប់​ដោយគ្មាន​ការលើកលែង​

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លោក អ៊ុន ចាន់ដា បានធ្វើការព្រមានធ្ងន់ៗ ដល់ក្រុមហ៊ុនដឹកជញ្ជូននានា ដែលបើកបរលើដងផ្លូវមិនគោរពច្បាប់ចរាចរណ៍ ហើយលោកបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការច្បាប់ដោយគ្មានការលើកលែង។
លោក អ៊ុន ចាន់ដា បានឲ្យដឹងថា កន្លងមកមានក្រុមហ៊ុនដឹកជញ្ជូនខ្លះ បើកបរនៅលើដងផ្លូវមិនមានឯកសារគ្រប់គ្រាន់ រួមទាំងរថយន្ត និងអ្នកបើកបរ លុះសមត្ថកិច្ចហៅត្រួតពិនិត្យ បែជាចុះពីលើរថយន្តអង្គុយគងទាក់ខ្លា ចុចទូរស័ព្ទធ្វើព្រងើយ ហើយខ្លះទៀតទូរស័ព្ទស្វែងរកការអន្តរាគមន៍ផ្សេងៗ ដោយមិនសហការជាមួយសមត្ថកិច្ចឡើយ។
ករណីនេះលោកបញ្ជាឲ្យសមត្ថកិច្ច ត្រូវធ្វើការអនុវត្តន៍ទៅតាមច្បាប់ ដោយយករថយន្តមកស្នងការ ហើយហៅម្ចាស់ក្រុមហ៊ុន មកធ្វើការដោះស្រាយ បើម្ចាស់មិនមកទេត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រោះកន្លងមកសមត្ថកិច្ចមានការយោគយល់ច្រើនណាស់ ពេលអនុវត្តន៍ច្បាប់ចរាចរណ៍នៅតាមដងផ្លូវ កំហុស៣ ឬ៤ សមត្ថកិច្ចផាកពិន័យតែមួយ ដែលការផាកនេះ គឺចង់ឲ្យគាត់ដឹងខ្លួន និងមានការភ្ញាក់រលឹក តែខ្លះរឹតតែផ្គើនលើសដើម។
អភិបាលខេត្តព្រះវិហារ ក៏បានធ្វើការអំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ក្នុងទិសដៅចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ។
ដោយឡែក ចំពោះករណីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ស្នើសុំដាក់ទីតាំងស្ថានីយ៍ថ្លឹងរថយន្តលើសទំងន់នោះ លោកក៏បានឯកភាព ព្រោះអាចកាត់បន្ថយការខូចខាតផ្លូវ ដោយសាររថយន្តដឹកលើសទម្ងន់ ហើយម្យ៉ាងទៀត បានធ្វើឲ្យម្ចាស់រថយន្តមិនហ៊ានដឹកលើសទម្ងន់តទៅទៀត។
លើសពីនោះ លោកក៏បានណែនាំឲ្យមន្ត្រី ដែលទៅបម្រើការនៅកន្លែងជញ្ជីងថ្លឹងរថយន្ត ត្រូវមានភាពស្អាតស្អំ គោរពតាមតួនាទីភារកិច្ច ដើម្បីកុំឲ្យមានការរិះគន់ពីប្រជាពលរដ្ឋ ដល់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំខេត្ត។
លោកបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដល់មន្ទីរសាធារណការយកទៅអនុវត្ត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយធ្វើការជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវដាក់ស្លាក និងគំនូសចរាចរណ៍នៅតាមដងផ្លូវ ដូចជាផ្លូវកោង ផ្លូវឡើងទួល ចុះទួលជាដើម ដើម្បីឲ្យអ្នកបើកបរបានដឹង និងមានការប្រុងប្រយ័ត្ន ត្រូវដាក់គំនូសផ្លូវពណ៌ស ឬពណ៌លឿង ងាយស្រួលបើកបរកុំឲ្យធ្លាក់ផ្លូវ ត្រូវជួសជុលថែទាំផ្លូវដែលខូចខាត ហើយលោកគ្រូអ្នកគ្រូនៅតាមសាលា ត្រូវផ្សព្វផ្សាយឲ្យបានជ្រាបដល់សិស្សស្តីពីការគោរព និងការគ្រោះថ្នាក់ចរាចរណ៍ និងត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការយល់ដឹង។
ជាមួយគ្នានោះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ ជំនាញបានធ្វើការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលបើកបរលើដងផ្លូវរថយន្តឆ្លងកាត់ចំនួន២,៤១៨គ្រឿង រថយន្តត្រូវបានត្រួតពិនិត្យ២៩៨គ្រឿង បិតស្ទីកគរ័ចំណាំងផ្លាតលើគោយន្តបាន៤៦០គ្រឿង ស្មើនិង៩៧០ស្ទីកគ័រ បិតស្ទីកគ័រអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោក សំ លាងទ្រី បានបញ្ជាក់ទៀតថា សកម្មភាពការងារត្រូវអនុវត្តន៍បន្ត គឺចុះត្រួតពិនិត្យការរំលោភចំណីផ្លូវ ចុះត្រួតពិនិត្យយានយន្ដ ដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ជុំរុញការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតិយានដ្ឋានជួសជុលកែច្នៃ និងតម្លើងយានយន្ត បន្តធ្វើការរៀបចំបិទស្ទីកគរ័ចំណាំងផ្លាត និងស្ទីកគ័រអំពីសុវត្ថិភាពចរាចរណ៍លើមធ្យោបាយដឹកជញ្ជូន បន្តអនុវត្តច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងជម្រុញការបង្ខិតការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានខេត្តព្រះវិហារឲ្យមានភាពងាយស្រួល៕





No comments:

Post a Comment