Tuesday, July 25, 2017

ប្រជាពលរដ្ឋដែលស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង

(មីយ៉ាន់ម៉ា)៖ ទឹកជំនន់កាលពីពេលថ្មីៗនេះនៅក្នុងតំបន់ ម៉េកវេយ៍ (Magway) នៃប្រទេសមីយ៉ាន់ម៉ាបានបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារ និងជំងឺផ្សេងៗដែលកំពុងតែគម្រាមកំហែងដល់ប្រជាពលរដ្ឋរងគ្រោះជាច្រើន។

មនុស្សប្រហែល៥ពាន់នាក់នៅក្នុងតំបន់ មីនឌូ (Mindu) ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់នៅបណ្តោះអាសន្នជាច្រើនកន្លែង ខណៈដែលនៅក្នុងតំបន់ភាគកណ្តាលនៃទីក្រុង ជម្រកបណ្តោះអាសន្នមួយមានមនុស្សស្នាក់នៅជិត២រយនាក់។ អ្នកភូមិទាំងអស់ដែលស្នាក់នៅក្នុងជម្រកស្នាក់នៅបណ្តោះអាសន្នទាំងនោះ ទទួលបានប្រាក់ឧបត្ថម្ភប្រហែល ០,៣០ដុល្លារអាមេរិកតែប៉ុណ្ណោះ ដែលចំនួននេះគឺមិនអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគេបាននោះទេ ដូច្នេះប្រជាពលរដ្ឋ ត្រូវរកមធ្យោបាយផ្សេងៗទៀតដើម្បីចិញ្ចឹមជីវិតដូចជា ការនេសាទត្រី ឬក៏អ្វីដែលអាចទទួលទានបាននៅក្នុងទឹកកខ្វក់។ ទន្ទឹមនឹងនោះ អ្នកភូមិជាច្រើននាក់បានធ្លាក់ខ្លួនឈឺ ប៉ុន្តែមន្ទីរពេទ្យនៅក្នុងតំបន់មិនអាចជួយពួកគេបានទាំងអស់បាននោះទេ។

គួរបញ្ជាក់ថា នាយកដ្ឋានអាកាសធាតុនៃប្រទេសមីយ៉ាន់ម៉ា បានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់នៅក្នុងតំបន់ជាច្រើនទូទាំងប្រទេស ដែលនេះមានន័យថា ទឹកជំនន់អាចនឹងកាន់តែធ្ងន់ធ្ងរ ហើយនិងមានហានិភ័យខ្ពស់នៃការផ្ទុះឡើងនៃជំងឺផ្សេងៗនៅតាមជម្រកបណ្តោះអាសន្នដែលងាយរងគ្រោះមួយចំនួន៕




No comments:

Post a Comment