Tuesday, July 25, 2017

មន្ត្រី-បុគ្គលិក អាជ្ញាធរជា​តិអប្សរា ទទួលវគ្គបណ្តុះប​ណ្តាលអំពីវិទ្យាសាស្ត្រ​ពាក់ព័ន្ធ នឹងការអ​ភិរក្សបុរាណ​ដ្ឋាននៅតំប​ន់អង្គរពីអ្នកជំនាញកូរ៉េ​

មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា ចំនួន១០នាក់ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានចូលរៀនវគ្គបណ្តុះបណ្តាលស្តីអំពីវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការអភិរក្សបុរាណដ្ឋានក្នុងតំបន់អង្គរ ពីសំណាក់លោក Chung Yongjae សាស្ត្រាចារ្យសាកលវិទ្យាល័យជាតិកូរ៉េនៃបេតិកភណ្ឌវប្បធម៌ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។
វគ្គសិក្សានេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០១៧ ដោយផ្តោតទៅលើការសិក្សាអំពីធាតុផ្សំនៃថ្មនៅតំបន់អង្គរ ការធ្វើតេស្តថ្ម ការសិក្សាអំពីមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ការងារអភិរក្ស ការពិសោធន៍និងវិភាគដោយមាស៊ីនMicroscope ការសិក្សាអំពីសិលាវិទ្យា និងការចុះអនុវត្តលើទីតាំងផ្ទាល់។
តាមការបញ្ជាក់ពីលោកសាស្ត្រាចារ្យ Chung Yongjae បានឱ្យដឹងថា ការជួសជុល អភិរក្សបេតិកភណ្ឌ គឺមិនខុសពីការថែទាំសុខភាពមនុស្សទេ។ ពេលយើងឈឺ គឺយើងត្រូវទៅពេទ្យដើម្បីឱ្យគ្រូពេទ្យពិនិត្យរោគវិនិច្ឆ័យ។ ក្រោយពីរកឃើញថា ផ្នែកណាមួយនៃរាងកាយមានបញ្ហា យើងត្រូវរកមូលហេតុរបស់វា។ ដូចគ្នាដែរ វគ្គសិក្សានេះនឹងធ្វើការស្រាវជ្រាវលើវត្ថុនិងសម្ភារៈសំខាន់ៗដូចជា មាស ប្រាក់ ឆ្អឹង ឬទង់ដែងជាដើមដែលបានរកឃើញ ហើយធ្វើការវិភាគលើវត្ថុទាំងអស់នោះ។
លោកសាស្ត្រាចារ្យបន្តទៀតថា សម័យនេះ វិទ្យាសាស្ត្រមានសារៈសំខាន់ណាស់សម្រាប់ការងារអភិរក្ស ជួសជុលបេតិកភណ្ឌបុរាណ ហើយក្រុមការងារអភិរក្ស ជួសជុលក្រុមប្រាសាទព្រះពិធូររបស់កូរ៉េ ក៏បាននាំយកសម្ភារៈវិទ្យាសាស្ត្រទាំងនោះមកប្រើប្រាស់សម្រាប់ការងារអភិរក្សជួសជុលនេះដែរ។ «ពួកយើងមកទីនេះដើម្បីបង្រៀនអំពីវិធីប្រើប្រាស់និងវិធីសាស្ត្រវិភាគទៅលើសម្ភារៈទាំងនោះតាមរយៈឧបករណ៍Microscope ដោយសង្ឃឹមថា ចំណេះដឹងនេះនឹងជួយពង្រឹងសមត្ថភាពរបស់មន្ត្រី-បុគ្គលិកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាឱ្យកាន់តែល្អប្រសើរឡើងថែមទៀត»។

គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និងទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ក្នុងគម្រោងជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធូរក្នុងតំបន់ឧទ្យានអង្គរ៕







No comments:

Post a Comment