Tuesday, July 25, 2017

រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម​ ជំរុញឲ្យ​មន្រ្តីកាំកុងត្រូល​ទាំងអស់​ ទប់ស្កាត់​ទំនិញក្លែងក្លាយ​ ខូចគុណភាព​

ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារត្រួតពិនិត្យទំនិញ នីហ័រណ អាហរ័ណ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា បើតាមរបាយការណ៍ស្ដីពីសកម្មភាពការងាររបស់ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហរណ័-អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) សម្រាប់ឆមាសទី១ ឆ្នាំ២០១៧ បានឲ្យដឹងថា ក្នុងរយៈពេលនេះទំនិញក្លែងក្លាយ ខូចគុណភាព ផុតកំណត់រយៈពេល ប្រើប្រាស់ ដែលដាក់លក់តាមផ្សារចំនួន ៩២១ផ្សារ ទូទាំងប្រទេសបានចំនួន១២,៩១៣គីឡូក្រាម ហើយយកមកកម្ទេចចោល។
ក្នុងរបាយការណ៍ បានបញ្ជាក់ថា ការចុះពិនិត្យផ្សារនៅតាមបណ្ដារាជធានី និងខេត្ត ក្នុងប្រទេសត្រូវបានផ្ដោតលើសកម្មភាពរួមមាន ធ្វើតេស្ដិ៍បឋមរកសំណល់ថ្នាំសំលាប់ សត្វល្អិត (ពិសេសលើបន្លែ និងផ្លែឈើស្រស់) ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំកសិកម្ម ពុំស្របនឹងការតម្រូវក្នុងផលិតផល និងសំណល់សារធាតុគីមី ក្នុងផលិតផលម្ហូបអាហារ (សារធាតុបន្ថែម សារធាតុគីមីហាមឃាត់ លោហធាតុពុល ព្រមទាំងយកគំរូមកវិភាគនៅមន្ទីរពិសោធន៍ផងដែរ។
លើសពីនោះ ក៏មានការត្រួតពិនិត្យអនាម័យ និងរបៀបនៃការរៀបចំដាក់តាំងលក់ផលិតផល (ម្ហូបអាហារ និងសារធាតុគីមី ថ្នាំកសិកម្ម…) ត្រួតពិនិត្យកម្រិតជាតិ អ៊ីយ៉ុងដែលមាននៅក្នុងអំបិល ត្រួតពិនិត្យសុពលភាពនៃការប្រើប្រាស់ (ថ្ងៃ-ខែ-ឆ្នាំផលិត ឫថ្ងៃ-ខែ-ឆ្នាំផុតកំណត់ប្រើប្រាស់) និងស្លាកសញ្ញាលើសសំបកវេចខ្ចប់។
លោករដ្ឋមន្រ្តី ក៏បានជំរុញឲ្យមន្រ្តីកាំកុងត្រូលទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការទប់ស្កាត់ ហើយយកទៅដុតកម្ទេចចោល តែត្រូវមានការចូលរួមពីព្រះរាជអាជ្ញា និងថ្នាក់ដឹកនាំខេត្តផងដែរ។

បើតាមមន្រ្តីកាំកុងត្រូល នៅខែសីហាខាងមុខ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងទទួលបានរថយន្តពិសោធន៍ចល័តមួយគ្រឿងទៀត ដើម្បីពិនិត្យសាំងនៅតាមស្ថានីយ៍ប្រេង ឥន្ទនៈផងដែរ៕



No comments:

Post a Comment