Tuesday, July 25, 2017

លោក សុខ ឥសាន បកស្រាយពាក្យ «សង្គ្រោះជាតិយើង»!

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បានចេញមុខបកស្រាយជូនសាធារណជនឱ្យបានយល់ច្បាស់ពីពាក្យថា «សង្រ្គោះជាតិយើង» និងបានលើកឡើងថាគណបក្សប្រឆាំងនៅកម្ពុជា បាននិងកំពុងប្រើពាក្យនេះ ខុសបរិបទ និងខុសកាលៈទេសៈទាំងស្រុង។
លោក សុខ ឥសាន បានបញ្ជាក់ថា ពាក្យថាសង្គ្រោះ ឬស្រោចស្រង់ ត្រូវបានប្រើសម្រាប់តែនៅពេលណាមានអាសន្ន ទឹកដល់ច្រមុះ បើបណ្តែតបណ្តោយ គឺត្រូវស្លាប់ភ្លាម ។ ដូច្នេះ ពាក្យសង្គ្រោះ ឬស្រោចស្រង់នេះ ត្រូវប្រើនៅពេលដែលប្រទេសជាតិ និងប្រជាជនស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បំផុត មិនអាចបង្អែរបង្អង់បាន ត្រូវតែរួសរាន់ជួយជាបន្ទាន់បំផុត ទើបស្តារបាន  ដូចជានៅពេលដែលប្រទេសជាតិ និងប្រជាជនស្ថិតនៅមាត់ជ្រោះនៃគ្រោះមរណៈក្រោមរបបប៉ុល ពត បើពន្យាពេលតែមួយរយៈខ្លីនោះនឹងត្រូវសាបសូន្យអស់ជាក់ជាមិនខានឡើយ។ ហេតុនេះ ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ គឺពិតជាត្រឹមត្រូវ និងស្របតាមកាលៈទេសៈ មានសំណូពរចាំបាច់ត្រូវតែរហ័សរហួនក្នុងការបង្កើត និងធ្វើសកម្មភាពជាបន្ទាន់ទើបអាចស្តារស្ថានភាពផុតពីគ្រោះមរណៈបាននៅថ្ងៃ៧មករា ១៩៧៩។  ដោយផ្អែកលើមូលដ្ឋាននេះ ទើបការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិភ្លាម ធ្វើសកម្មភាពភ្លាម មានប្រសិទ្ធភាពភ្លាម បានជ័យជំនះភ្លាម ស្រោចស្រង់សង្គ្រោះអាយុជីវិតប្រទេសជាតិ និងប្រជាជនបានទាន់ពេលវេលាភ្លាមៗយ៉ាងមានប្រ​សិទ្ធភាព ធ្វើឱ្យជាតិ និងប្រជាជនបានរស់ឡើងវិញបានទាន់ពេលវេលា សមស្របតាមសំ​ណូមពរ និងគោលបំណងរបស់ប្រជាជនទូទៅ។
លោក សុខ ឥសាន ក៏បានសម្តែងការសោកស្តាយថា ប៉ុន្តែបើក្នុងពេលប្រទេសជាតិ និងប្រជាជន បាននិងកំពុងរស់នៅយ៉ាងមានសេចក្តីសុខ សន្តិភាព ជីវភាពរស់នៅមានការវិវត្តន៍រីកចម្រើន មានការកក់ក្តៅ និងសប្បាយរីករាយមិនមានការភិតភ័យអ្វីសោះ អត់មានត្រូវការជួយសង្គ្រោះអ្វីសោះ តើចាំបាច់អ្វីប្រើពាក្យសង្គ្រោះនោះ? មិនត្រូវការសង្គ្រោះស្អីទេ បើប្រជាជនរស់នៅសម្បូរសប្បាយទៅហើយនោះ។ ដូច្នេះ ក្នុងកាលៈទេសៈសព្វថ្ងៃនេះ ដែលប្រជាជនរស់នៅដោយសុខុដុមរមនា សម្បូរសប្បាយ មានសិទ្ធិសេរីភាពបរិបូរណ៌លើគ្រប់វិស័យ ប្រជាជនកម្ពុជាមិនត្រូវការសង្គ្រោះអ្វីនោះទេ។

លោក សុខ ឥសាន ក៏បានសម្តែងយោបល់ផ្ទាល់ខ្លួនចំពោះក្រុមប្រឆាំងថា  ការប្រើពាក្យសង្គ្រោះ របស់គណបក្សប្រឆាំង គឺជាការប្រើខុសបរិបទ និងខុសកាលៈទេសៈទាំងស្រុង ប្រជាជនកម្ពុជា ពិតជាមិនត្រូវការពាក្យសង្គ្រោះជាដាច់ខាត អត់មានត្រូវការសង្គ្រោះអ្វី ពីគណបក្សប្រឆាំងនោះឡើយ៕

No comments:

Post a Comment