Monday, June 12, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិទេសចរណ៍

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិ​ក​ភ័ណ្ឌ»។

កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ និងសន្និសីទអន្តរជាតិខាងលើនេះ គឺជាឱកាសជំរុញឱ្យអន្តរជាតិមើលឃើញ កម្ពុជាជាប្រទេសមានសក្តានុពល ផ្នែកវប្បធម៌បេតិកភណ្ឌសម្បូរបែប ដែលទាក់ទាញទេសចរណ៍ និងដៃគូអភិវឌ្ឍន៍ផ្សេងៗ មកចូលរួមអភិរក្សថែរក្សាបេតិកភណ្ឌ និងធនធានវប្បធម៌ ក្នុងនោះមានដូចជា អង្គការ UNWTO, UNESCO, PATA រួមទាំងអង្គការដៃគូពាក់ព័ន្ធជាច្រើនទៀត។ កត្តាទាំងនេះ កើតចេញដោយសារប្រទេសកម្ពុជា មានសុខសន្តិភាពស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ទើបធ្វើឱ្យទេសចរណ៍មានការកើនឡើងរហូតជាមួយនឹងកំណើននៃចំនួនទេសចរអន្តរជាតិ នៅលើសកលលោកចំនួន ១,២៣៥លាននាក់ ក្នុងកំណើន ៣.៩% នៅឆ្នាំ២០១៦ ដែលក្នុងនោះទេសចរណ៍តំបន់អាស៊ីប៉ាស៊ីហ្វិកទទួលបាន ៣០៣លាននាក់ ក្នុងកំណើន ៨.៤% កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥លាននាក់ ក្នុងកំណើន ៥%។ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១.៥លាននាក់ ក្នុងកំណើន ១២%។ តាមការរំពឹងទុកនៅឆ្នាំ ២០១៧ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៤លាននាក់ និង៧លាននាក់ នៅឆ្នាំ២០២០។

នៅក្នុងពិធីបើកសន្និសីទព្រឹកមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថាសន្និសីទ និងកិច្ចប្រជុំអន្ដរជាតិនេះគឺជាវេទិកាសំខាន់សម្រាប់ការពិភាក្សានិងផ្លាស់ប្តូរបទពិ​សោធន៍​ក្នុងចំណោមស្ថាប័នជាតិនិងអន្តរជាតិអ្នកជំនាញនិងអ្នកស្រាវជ្រាវដើម្បីដាក់ចេញនូវវិធានការថ្មីនិងគោលដៅសម្រាប់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍និងការណែនាំការអភិវឌ្ឍប្រកបដោយចីរភាពនៃបេតិកភណ្ឌនិងទេសចរណ៍វប្បធម៌នៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានការកោតសរសើរចំពោះ លេខាធិការអង្គការ UNESCO, UNWTO, សមាគមអាស៊ីប៉ាស៊ីហ្វិកទេសចរណ៍ (PATA) និងសាកលវិទ្យាល័យ Sunshine Australia សម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំនេះនិង សន្និសីទអន្ដរជាតិលើទឹកដីអង្គរដែលជាបេតិកភណ្ឌល្បីល្បាញលើពិភពលោក។

នៅក្នុងស្មារតីនេះប្រទេសកម្ពុជាគាំទ្រចំពោះ  «ការអភិរក្ស និងការពារទីក្រុងបេតិកភ័ណ្ឌ» ដែលផ្តោតលើចំណុចមួយចំនួនដូចជា៖ ១-ការស្វែងរកឱកាសនិងបញ្ហាប្រឈមជាមួយនឹងគោលបំណងដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍និងវប្បធម៌ ដើម្បីពង្រីកការភ្ជាប់បណ្តាសា្ថប័ន ក្នុងចំណោមរដ្ឋជាសមាជិកACD។ ២-ពិភាក្សាអំពីម៉ូដែលភាពជាដៃគូថ្មីនិងតួនាទីនៃអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងការការពារការអភិរក្ស និងការអភិវឌ្ឍនៃទីក្រុងបេតិកភ័ណ្ឌប្រកបដោយចីរភាពនិង ៣- ណែនាំការស​ម្រេចចិត្តនិងសេចក្តីថ្លែងការណ៍នៅក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រក​បដោយចីរភាពនៃវិស័យទេសចរណ៍និងវប្បធម៌។

លើសពីនេះទៀត កម្ពុជាគាំទ្រយ៉ាងពេញលេញចំពោះយុទ្ធសាស្ត្រផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» ដែលជាក្របខ័ណ្ឌគោលនយោបាយឈ្នះ-ឈ្នះរបស់ប្រទេសចិនដែលបានគ្របដណ្តប់នៅលើខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវជំនួញសូត្រ និងសតវត្សរ៍ទី២១ផ្លូវជំនួញសូត្រសមុទ្រនេះដោយសារតែយើងជឿថាគោលនយោបាយធំនេះនឹងជួយលើកកម្ពស់ការអភិវឌ្ឍនៃវិស័យទេសចរណ៍។ ដូច្នេះតាមសន្និសីទនេះ នឹងទទួលបាននូវការចែករំលែកចំណេះដឹង ជំនាញនិងបទពិសោធន៍យ៉ាងរស់រវើករួមនឹងសេចក្តីថ្លែងការណ៍សម្រេចលើ «វិស័យទេសចរណ៍ប្រ​កបដោយនិរន្តរភាពនិងជាទីក្រុងបេតិកភ័ណ្ឌ» ដែលបានគាំទ្រដោយ UNESCO និង  UNWTO ដើម្បីរួមគ្នាកសាងអនាគតមួយប្រកបដោយនិរន្តរភាពសម្រាប់វិស័យទេសចរណ៍និងវប្បធម៌៕









No comments:

Post a Comment