Monday, June 12, 2017

ក្រសួង​ពាណិជ្ជក​ម្ម រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​អន្តរក្រសួង​ស្តីពីរ​​បាំង​ពាណិ​ជ្ជកម្មសេ​វានៅ​កម្ពុជា

ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ រៀបចំសិក្ខាសិលាពិគ្រោះយោបល់អន្តរក្រសួងស្តីពី របាំងពាណិជ្ជកម្មសេវានៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើវិស័យសុខាភិបាល និងទេសចរណ៍ជាចម្បង ដើម្បីគាំទ្រដល់គម្រោង “ការផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) ក្នុងក្របខ័ណ្ឌទីផ្សារអាស៊ានតែមួយ” នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីមន្ត្រីអន្តរក្រសួង តំណាងអង្គការ GIZ តំណាងសភាពាណិជ្ជកម្មអឺរ៉ុប និងតំណាងដៃគូអភិវឌ្ឍ ដែលកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ និងសុខាភិបាល។
នៅក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃសេវាពាណិជ្ជកម្ម មានដូចជាធុរកិច្ច សំណង់ អប់រំ ហិរញ្ញវត្ថុ សុខភាព និងទេសចរណ៍ សម្រាប់ការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងនាំមកនូវការសន្ទនាកាន់តែផុសផុល កិច្ចសហប្រតិបត្តិការ ការផ្តួចផ្តើមនិងយុទ្ធសាស្រ្ត ដើម្បីកំណត់អត្តសញ្ញាណរបាំងអាទិភាពចំពោះពាណិជ្ជកម្មនៅក្នុងសេវាសុខាភិបាល និងទេសចរណ៍ សម្រាប់រាជរដ្ឋាភិបាលធ្វើការចងក្រងគោលជានយោបាយជាតិ សំដៅជំរុញការអភិវឌ្ឍពាណិជ្ជកម្មនៅកម្ពុជា។
សូមបញ្ជាក់ថា គម្រោងការផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) គឺជាកិច្ចសហការរវាងរដ្ឋាភិបាលនៃប្រទេសអាស៊ាន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ជាមួយរដ្ឋាភិបាលនៃប្រទេសអាឡឺម៉ង់ ដើម្បីជួយលើកកម្ពស់សេវាសុខាភិបាល និងការចល័តពលករជំនាញនៅក្នុងតំបន់។ គម្រោងនេះ មានទឹកប្រាក់សរុបចំនួន ៦លានអឺរ៉ូ ហើយត្រូវបានអនុវត្តន៍ដោយអង្គការ GIZ ចាប់តាំងពីខែសីហា ឆ្នាំ២០១៥ ហើយនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម៕




No comments:

Post a Comment