Monday, June 12, 2017

លោក​ ទិន ពន្លក​ អញ្ជើញបើកសិក្ខាសាលា​ បើកគម្រោងស្តីពី​ ការអនុវត្ត​កម្មវិធី​តម្រង់ទិស​គោលនយោបាយសម្រាប់ការអភិវឌ្ឍបៃតងនៅកម្ពុជា

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែល លោក ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាបើកគម្រោងស្តីពី ការអនុវត្តកម្មវិធីតម្រង់ទិសគោលនយោបាយសម្រាប់ការអភិវឌ្ឍបៃតងនៅកម្ពុជា ដែលបានសហការរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តាមរយៈនាយកដ្ឋានសេដ្ឋកិច្ចបៃតង និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)។
លោក ទិន ពន្លក បានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចែករំលែកគោលបំណងរួមរបស់កម្មវិធី ភារកិច្ចត្រូវអនុវត្ត និងវិធីសាស្រ្តអនុវត្ត ការវាយតម្លៃលើសក្តានុពលអភិវឌ្ឍន៍បៃតង ព្រមទាំងប្រមូលយកធាតុចូលពីសិក្ខាកាមចូលទៅក្នុងការអនុវត្តកម្មវិធី។

សិក្ខាសាលានេះផងដែរក៏មានការចូលរួមពីមន្រ្តី និងអ្នកជំនាញការតំណាងឱ្យក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការ និងដៃគូអភិវឌ្ឍន៍ចំនួន២៥ សរុបចំនួន៦៥នាក់។ កម្មវិធីតម្រង់ទិសគោលនយោបាយសម្រាប់ការអភិវឌ្ឍបៃតងនៅកម្ពុជា នឹងផ្ដោតសំខាន់លើការពង្រឹងដំណើរការធ្វើគោលនយោបាយជាតិ និងផែនការវិនិយោគ និងតម្រង់ទិសអាទិភាពគោលនយោបាយដើម្បី គាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDG) ការចូលរួមចំណែករបស់កម្ពុជា នៅក្នុងអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDCs) ព្រមទាំងគោលនយោបាយជាតិពាក់ព័ន្ធនឹងអាកាសធាតុ និងការអភិវឌ្ឍបៃតងរបស់កម្ពុជា៕





No comments:

Post a Comment