Monday, June 12, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបប្រតិភូរដ្ឋមន្ត្រីនៃសន្និសីទអន្តរជាតិទេសចរណ៍

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ មុននឹងអញ្ជើញបើកសន្និសីទអន្តរជាតិស្តីពី ទេ​សចរណ៍ ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាកាងារជាមួយ ប្រតិភូរដ្ឋមន្ត្រីដែលអញ្ជើញមកចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីទេសចរណ៍នៅទីក្រុងសៀមរាប។ ក្រុម ប្រតិភូនេះគឺដឹកនាំដោយលោក John Ameratunga រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ទេសចរណ៍ប្រទេស ស្រីលង្ការ។
លោក John Ameratunga បានសម្តែងនូវការអបអរសាទរចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងសម្តែងនូវការអបអរសាទរចំពោះសន្និសីទអន្តរជាតិស្តីពីទេសចរណ៍ ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ នៅទីក្រុងសៀមរាប នេះ ។ លោក បានមានប្រសាសន៍ថា កម្ពុជានៅពេលនេះមានទេស​ចរប្រមាណ៥លាននាក់ ដែលនេះ បានឆ្លុះបញ្ចាំងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្វាគមន៍ប្រតិភូទាំងអស់ ហើយលោក បានមានប្រ​សាសន៍ ថានេះជាកិត្តិយសណាស់ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនៅលើទឹកដីអង្គរថ្ងៃនេះ។ ទន្ទឹមនឹង នេះដែរ លោក ហ៊ុន សែន បានបញ្ជាក់ថា កាលឆ្នាំ១៩៧៩ ទឹកដីនៃខេត្តសៀមរាបនេះ មិនមានការរីកចម្រើន និងមិនមានមនុស្សរស់នៅច្រើនទេ។ នៅឆ្នាំ១៩៩៣ ទីនេះក៏នៅតែមានបញ្ហាប្រឈមដោយ នៅមានខ្មែរក្រហមលបឆ្មក់វាយនៅឡើយ។ ទីនេះជាសមរភូមិសង្រ្គាម។ ទីក្រុងសៀមរាបបាន ចាប់ផ្តើម ដោយមានសណ្ឋាគារចាស់ៗតែ២ប៉ុណ្ណោះ តែពេលនេះយើងមានសណ្ឋាគាររហូតដល់ទៅ១៥០ នោះ មិនរាប់បញ្ចូលផ្ទះសំណាក់ផង។ ទេសចរណ៍យើងចាប់ផ្តើមពីចំនួនសូន្យ រហូតពេលនេះយើងមានទេសចរ ប្រមាណ៥លាននាក់។ នេះគឺដោយសារប្រទេសជាតិមានសុខសន្តិភាព រួមជាមួយនយោបាយបើកចំហរជើងមេឃរបស់រជារដ្ឋាភិបាលកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ឥឡូវនេះ កម្ពុជាកំពុងតែជំរុញការអនុវត្តនូវការនាំចេញនៅនឹងកន្លែងដូចជាដំណាំកសិផលនានាទៅកាន់សណ្ឋាគារដើម្បីបម្រើឱ្យវិស័យទេសចរណ៍។ ការជំរុញ ការនាំចេញនៅនឹងកន្លែងគឺមានអត្ថប្រយោជន៍សំខាន់ណាស់ ក្នុងការសុវត្ថិភាពម្ហូបអាហារដល់ភ្ញៀវទេសចរនិងក្នុងការលើកតម្កើងកសិផលកម្ពុជាដើម្បីពង្រឹងជីវ​ភាព​ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕



No comments:

Post a Comment