Monday, March 13, 2017

មជ្ឈមណ្ឌល​ទទួល​ថែទាំ និង​ព្យាបាល​ជនវិបល្លាស​ស្មារតី ឬជន​វិកល​ចរិត ត្រូវបាន​​សាងសង់​​ឡើងនៅ​ស្រុកកណ្តាល​ស្ទឹង

ខេត្តកណ្តាល៖ អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខេត្តកណ្តាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា រួមគ្នាសាងសង់មជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី ឬជនវិកលចរឹត នៅបូរីកុមារមិត្តភាពកម្ពុជា-បារាំង ហុងគ្រី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សូមជម្រាបផងដែរថា មជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី ឬជនវិកលចរឹត ត្រូវបានសាងសង់ឡើងដើម្បីប្រមូលផ្តុំអ្នកវិកលចរឹតវង្វេងស្មារតី បែកថ្នាំដោយសារគ្រឿងញៀន នៅដងផ្លូវសាធារណៈ ប្រមូលពួកគេយកទៅអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យព្យាបាលនិតិសម្បទាជូនពួកគាត់ឱ្យបានជាសះស្បើយឡើងវិញ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា បានមានប្រសាសន៍នៅថ្ងៃទី១១ មីនា ថា ការរួបរួមមតិគ្នាបង្កើតឱ្យមានមណ្ឌលសម្រាប់ព្យាបាលជនវិកលចរឹតនៅមជ្ឈមណ្ឌល កុមារមិត្តភាពកម្ពុជា-បារាំងហុងគ្រីក្នុងស្រុកកណ្តាលស្ទឹងនេះ គឺធ្វើឡើងដោយសារកំណើនអ្នកឆ្កួតចេះតែកើតមានដោយសារប្រើគ្រឿងញៀន។
លោកបានបន្តថា មណ្ឌលនេះមានសម្ភារៈ និងឧបករណ៍ និងគ្រូពេទ្យជំនាញ ជាលក្ខណៈស្តង់ដារថ្នាក់ជាតិ ព្យាបាលច្បាស់លាស់ជូនអ្នកវិកលចរឹត ដោយធានាព្យាបាលជាដាច់មិនឲ្យវិលត្រឡប់ចូលវិញបានឡើយ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាលជនវិកលចរឹត នៅបូរីកុមារមិត្តភាពកម្ពុជា-បារាំងហុងគ្រីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះ មានអគារ១ខ្នង កម្ពស់២ជាន់ ស្មើ១០បន្ទប់ ដែលមានទទឹង ៩ម៉ែត្រ និងបណ្តោយ ៤៩ម៉ែត្រ សាងសង់រួចរាល់ក្នុងឆ្នាំ២០១៧ គ្រោងចំណាយថវិកា ប្រមាណជា ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាថវិការបស់សាលារាជធានីភ្នំពេញ៕

No comments:

Post a Comment