Monday, March 13, 2017

លោក សុខ ឥសាន៖ សមាជវិសាមញ្ញ​របស់គណបក្សសាង្គ្រោះជាតិ ធ្វើឡើងដោយខុសលក្ខន្តកៈបក្ស

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក សុខ ឥសាន នៅ​យប់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៧​នេះ បាន​លើក​ឡើង​​ថា ការ​ធ្វើ​សមាជវិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ដើម្បី​ជ្រើស​​តាំងប្រធាន និងអនុប្រធាន បើពិនិត្យឲ្យដិតដល់លើខ្លឹមសារលក្ខន្តិកៈគណបក្សឃើញថា សមាជ​វិសាម​ញ្ញ​​នេះ ប្រព្រឹត្តទៅដោយខុសលក្ខន្តិកៈគណបក្ស។ បើ​តាម​លោក សុខ ឥសាន្ត​ មាន​ពីរ​ចំណុច​ដែល​បញ្ជាក់​ថា សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​ដោយ​ខុស​លក្ខន្តិកៈគណបក្ស៖
ទី១- ការបើកធ្វើសមាជរបស់គណបក្ស៖ ប្រការ ៤៧ ត្រេទី ១ ចែងថា ករណី​ប្រធាន​គណ​បក្ស​បាត់​បង់​សមត្ថ​ភាព​ដឹក​នាំគណបក្ស ដែលបញ្ជាក់ដោយគណកម្មាធិការនាយក បើអាណត្តិនៅតិចជាង ១៨ខែ អនុ​ប្រធា​ន​ត្រូវ​ទទួលនាទីជាប្រធានស្តីទី ហើយគណកម្មាធិការនាយកត្រូវជ្រើសអនុប្រធានគណបក្សថ្មីមួយរូប ក្នុង​រយៈ​ពេល ៣០ថ្ងៃយ៉ាងយូរ ពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសម្លេងភាគច្រើនដាច់ខាត ៥០ ភាគរយបូក ១ នៃ​សមាជិកគណកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្សស្តីទី រហូត​ដល់​ចប់​អាណត្តិ។
លោក សុខ ឥសាន បន្ត​ថា បើគិតចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ រយៈពេលបញ្ចប់អាណត្តិទី១ ដែល សម រង្សី បានលាលែងពីប្រធានគណបក្ស គឺនៅសល់រយៈពេល ១៤ខែប៉ុណ្ណោះ តិចជាង ១៨ខែ ដែល​លក្ខន្តិកៈ​​កំណត់ ដែលមិនអាចអនុញាត្តឲ្យកោះប្រជុំសមាជបានទ្បើយ។ បើរាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដែល​ជា​ថ្ងៃបង្កើតបក្ស រហូតដល់៥ឆ្នាំ គឺត្រូវបញ្ចប់ក្នុងខែកក្កដា២០១៧។ បើគិ​តពី​ថ្ងៃ​អនុម័ត​លក្ខន្តិកៈ​បក្ស នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣ រយៈពេល ៥ឆ្នាំ នោះនឹងបញ្ចប់នៅខែមេសា ឆ្នាំ​២០១៨ ។ ដូច្នេះ មិនអាចអនុវត្ត​សមាជ​ណា​មួយបានទេ។
ទី២- ការបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន៖ យោងប្រការ៥៤ នៃលក្ខន្តិកៈបក្សចែងថា ការបោះ​ឆ្នោត​ជ្រើស​តាំងប្រធាន អនុប្រធាន ប្រព្រឹត្តទៅដោយលើកដៃ គឺប្រើបានតែនៅក្នុងសមាជលើកទី១ ប៉ុណ្ណោះ។ បាន​សេចក្តីថា នៅសមាជលើកក្រោយៗទៀត មិនឲ្យមានការបោះឆ្នោតដោយលើកដៃទេ គឺត្រូវ​បោះឆ្នោត​ជា​សម្ងាត់។ ប៉ុន្តែនៅក្នុងសមាជវិសាមញថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ បាន​អនុវត្ត​បោះឆ្នោ​ត​តាម​វិធី​លើកដៃ ដែលផ្ទុយពីខ្លឹមសារនៃលក្ខន្តិកៈគណបក្សទាំងស្រុង។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ដូច្នេះ ការប្រារព្វធ្វើ​សមាជវិសាមញ្ញ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិកន្លងទៅ គឺខុសលក្ខន្តិកៈបក្ស ដែលជាច្បាប់កំពូលរបស់គណបក្ស។ បើសមាជ ខុស​ច្បាប់​លក្ខន្តិកៈ​​គណបក្ស លទ្ធផលសមាជ ក៏ខុសច្បាប់លក្ខន្តិកៈដែរ ហើយប្រធាន និងអនុប្រធានទាំង ៣​រូប​ដែល​សមាជបោះឆ្នោតមិនត្រឹមត្រូវតាមលក្ខន្តិកៈបក្សនោះ ក៏មិនត្រឹមត្រូវដែរ។ អាស្រ័យហេតុនេះ គួរសមាជិក សមាជិកា គណបក្សសាង្គ្រោះជាតិ មេត្តាពិចារណា តាមការគួរ៕

No comments:

Post a Comment