Monday, March 13, 2017

មន្ត្រីជំនាញអាជ្ញាធរ​ជាតិអប្សរាចែក​រំលែកបទពិសោធន៍​ការគ្រប់គ្រង​ទេសចរណ៍អង្គរ ដល់លោក​គ្រូអ្នក​គ្រូ មកពីវិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ឈើទាល

លោកគ្រូ អ្នកគ្រូ និងនិស្សិតដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល នៃខេត្តកំពង់ធំសរុបចំនួន៧រូប បានមកទទួលយកបទពិសោធន៍នៃការងារគ្រប់គ្រងវិស័យទេសចរណ៍ ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

លោក ភួង សុភក្ត្រ មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានធ្វើបទបង្ហាញជូនលោកគ្រូ អ្នកគ្រូ និងនិស្សិតអំពីការរៀបចំផែនការគ្រប់គ្រងទេសចរណ៍អង្គរ និងការអនុវត្តជាក់ស្តែង។ តាមមន្ត្រីជំនាញរូបនេះ ការគ្រប់គ្រងទេសចរណ៍អង្គរ គឺផ្តោតសំខាន់លើការគ្រប់គ្រងផលប៉ះពាល់នានា ដែលអាចនឹងបង្កឡើងដោយភ្ញៀវទេសចរ ដើម្បីរក្សាគុណតម្លៃដើមនៃបេតិកភណ្ឌអង្គរ។ ជាពិសេស គឺធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលមកទស្សនាបេតិកភណ្ឌអង្គរហើយ ទទួលបានបទពិសោធន៍ត្រឡប់ទៅវិញ។

អ្នកគ្រូ ស៊ុន ធារី ជាគ្រូបង្រៀនផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល បានបញ្ជាក់ថា ដោយយល់ឃើញថា ស្ថាប័នអាជ្ញាធរជាតិអប្សរាជាស្ថាប័នដែលធ្វើការផ្ទាល់ជាមួយនឹងបេតិកភណ្ឌ ជាពិសេស គឺការគ្រប់គ្រងវិស័យទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌ ដូច្នេះហើយ ទើបថ្នាក់ដឹកនាំនៃវិទ្យាស្ថានសម្រេចបញ្ជូនក្រុមការងារមកទទួលយកបទពិសោធន៍លើការងារនេះ។ លោកគ្រូបន្តថា អ្វីដែលអ្នកគ្រូបានទទួលពីបទបង្ហាញនៅពេលនេះ មានដូចជា វិធានការទប់ស្កាត់ផលប៉ះពាល់ដែលបង្កឡើងពីទេសចរយ៉ាងណា ការធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ល្អត្រឡប់ទៅកាន់ប្រទេសរបស់គេវិញ ជាដើម។ ជាមួយគ្នានេះ លោកគ្រូបញ្ជាក់ថា ក្រុមការងាររបស់អ្នកគ្រូនឹងនាំយកចំណេះទាំងនេះទៅបញ្ចូលក្នុងមេរៀន ចែករំលែកដល់និស្សិតដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថាន។

នេះមិនមែនជាលើកទី១ទេ កន្លងមកមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាក៏ធ្លាប់បានធ្វើបទបង្ហាញជូននិស្សិត អ្នកជំនាញ និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិជាច្រើន ដែលមានបំណងចង់ស្វែងយល់ពីការងារគ្រប់គ្រងបេតិកភណ្ឌពិភពលោកអង្គរ។ នេះក៏ជាការបង្ហាញឱ្យឃើញពីធនធានមនុស្សអាជ្ញាធរជាតិអប្សរា ដែលមានសមត្ថភាពគ្រប់គ្រាន់ទាំងការងារអនុវត្តន៍ជាក់ស្តែង ក៏ដូចជាការចែករំលែកនូវបទពិសោធន៍របស់ខ្លួនទៅកាន់ឆាកអន្តរជាតិដែរ៕



No comments:

Post a Comment