Monday, March 13, 2017

ក្រសួងអប់រំ រៀបចំកម្មវិធីអបអរសាទរទិវាជាតិអំណាន ១១ មិនា ក្រោមប្រធានបទ «អានដើម្បីភាពសុខដុមនៃជីវិត»

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាជាតិអំណាន ក្រោមប្រធានបទ «អានដើម្បីភាពសុខដុមនៃជីវិត»។ កម្មវិធីអបអរសាទរទិវាជាតិអំណាន ១១ មីនានេះបានប្រព្រឹត្តិទៅ នៅក្នុងវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័តមាន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ សាស្ត្រាចារ្យ និងសិស្ស-និស្សិត និងអ្នកពាក់ព័ន្ធប្រមាណ១២០០នាក់។
នាឱកាសនោះផងដែរ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ការអានធ្វើឱ្យខួរក្បាលរបស់មនុស្សមានដំណើរការល្អ មានគំនិតច្នៃប្រឌិតច្រើន ផ្ទុយមកវិញ បើមិនមានការអានគឺការគិតរបស់មនុស្សមិនមានការរីកចម្រើនទេ។ លោករដ្ឋមន្ត្រីសង្ឃឹមថា ទិវាជាតិអំណាននេះនឹងដាស់តឿនដល់យុវជនកម្ពុជាឱ្យមានចិត្តចង់អានកាន់តែច្រើនឡើង ដើម្បីពង្រឹងចំណេះដឹង ចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ យ៉ាងណាក៏ដោយ លោកជំរុឱ្យផ្តោតលើការអានសៀវភៅច្រើនជាងការអានតាមរយៈឧបករណ៍អេឡិចត្រូនិក ព្រោះសៀវភៅមានភាពលម្អិត និងវិភាគស៊ីជម្រៅច្រើន។
ជាមួយគ្នា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានមានប្រសាសន៍ថា អំណានគឺជាការកំសាន្ត ធ្វើឱ្យអារម្មណ៍សប្បាយជក់ចិត្តជាមួយនឹងសៀវភៅដែលយើងអាន ប៉ុន្តែបានបង្កប់តម្លៃឱ្យយើងមានចំណេះគិតពិចារណាបានច្រើន។ លោកស្រីថា ការអានមានសារៈសំខាន់បំផុតសម្រាប់ជីវិតមនុស្សម្នាក់ៗ ព្រោះគ្មាននរណាម្នាក់ជោគជ័យក្នុងជីវិត ដោយមិនអានសៀវភៅទេ។ យ៉ាងណាក៏ដោយ លោកស្រីសង្កេតឃើញថា បច្ចុប្បន្ន កំណើននៃអ្នកនិពន្ធនៅកម្ពុជាមានការកើនឡើង ព្រោះតែកំណើននៃអ្នកអាន ហើយក្រសួងវប្បធម៌ ក៏ដូចជាក្រសួងអប់រំតែងតែសហការរៀបចំឱ្យមានការដាក់តាំងពិព័រណ៍សៀវភៅជាច្រើនដើម្បីជំរុញការអានកាន់តែខ្លាំង។ លោកស្រីមានជំនឿថា ទិវាជាតិអំណាន ១១ មិនានេះ នឹងបំផុសស្មារតីដល់ប្រជាពលរដ្ឋ ជាពិសេស យុវជនកាន់តែមានចិត្តចង់អានសៀវភៅឱ្យបានច្រើន។
លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានមានប្រសាសន៍ថា ប្រធានបទ «អានដើម្បីភាពសុខដុមនៃជីវិត» ក្នុងទិវាជាតិអំណានលើកទី២នេះ គឺមានន័យថា អានដើម្បីបំពេញតម្រូវការសាមញ្ញរបស់មនុស្សដូចជាអាហារ សុវត្ថិភាព និងសេចក្តីស្រលាញ់ជាដើម ព្រោះថា បើចង់ទទួលបានតម្រូវការទាំងអស់នេះ ទាល់តែមានចំណេះដឹងដែលភាគច្រើនបានមកពីការអានសៀវភៅ។ តាមរយៈកម្មវិធីទិវាជាតិអំណាននេះ លោកសង្ឃឹមថា ការអានគឺនឹងស្ថិតក្នុងអារម្មណ៍របស់យុវជនកម្ពុជាជំនាន់ថ្មីទាំងអស់គ្នា អានទទួលបានវឌ្ឍនភាព ការអភិវឌ្ឍ និងពុទ្ធិ។ លោកសង្កេតឃើញថា ទិវាជាតិអំណានឆ្នាំ២០១៧នេះ មានភាពល្អប្រសើរជាងឆ្នាំមុន ដោយសារតែមានការចូលរួមច្រើនពីគ្រប់ភាគីពាក់ព័ន្ធ នឹងទទួលបានសហការ ឧបត្ថម្ភគាំទ្រយ៉ាងច្រើនពីភាគីពាក់ព័ន្ធផ្សេងៗ។
នៅក្នុងកម្មវិធីអបអរសាទរទិវាជាតិអំណាន ១១ មិនា ពេញមួយថ្ងៃនេះ ក៏មានការដាក់តាំងពិព័រណ៍សៀវភៅ និងការប្រកាសលទ្ធផលនៃអ្នកទទួលបានជ័យលាភី “ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន” ស្តីពីការប្រឡងប្រណាំង ការអាន ការស្មូតកំណាព្យ និងការតែងនិពន្ធ ទូទាំង២៥រាជធានី-ខេត្តផងដែរ។ ក្រៅពីនេះ ក៏មានធ្វើបទបង្ហាញអំពីវាគ្មិនល្បីៗ ទាក់ទងនឹងអត្ថប្រយោជន៍ដ៏ធំធេងនៃការអាន និងកម្មវិធីកំសាន្តផ្សេងៗដូចជា ការប្រឡងច្រៀង ការប្រកួតអំណាន ការបង្ហាញម៉ូតសៀវភៅ និងការបង្ហាញរឿងខ្លី ជាដើម៕



No comments:

Post a Comment