Monday, March 13, 2017

ហ្វេសប៊ុក ចៅចាក់ស្មុក៖ ព្រះអាទិត្យក្តៅ សូមចូលស្នាក់ផ្ទះទេវតា

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក ចៅចាក់ស្មុក បានបង្ហោះផ្សាយជុំវិញការជម្លោះផ្ទៃក្នុងបក្សលើការតែងតាំងបេក្ខភាពសម្រាប់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានខ្លឹមសារដូចខាងក្រោម៖
វាំងននជម្លោះផ្ទៃក្នុងបក្សលើការតែងតាំងបេក្ខភាពសម្រាប់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានបើកបណ្តើរៗហើយ សូម្បីតែនៅតំបន់ជនជាតិភាគតិចក៏កើតមានដែរ។ វិទ្យុអាស៊ីសេរីដែលស្និទ្ធនឹងបក្សប្រឆាំងបានផ្សាយថា មេឃុំប៉ាតេ មកពីកូតាគណបក្ស សម រង្ស៊ី បានចោទប្រកាន់មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តរតនគិរី​ថា ចាត់​តាំង​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មិន​ត្រឹមត្រូវ មិនយុត្តិធម៌ និង​បក្ខពួក​និយម។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មេ​ឃុំ​ប៉ាតេ ជំទប់​ទី​១ និង​ក្រុមប្រឹក្សា​ឃុំ​ប៉ាតេដែលជាក្រុម សម រង្ស៊ី និយមមិន​ត្រូវ​បាន​គណៈកម្មការ​គណបក្ស​សង្គ្រោះ​ជាតិខេត្តរតនគិរី អនុញ្ញាត​ឱ្យ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤នេះ។ មន្ត្រី សម រង្ស៊ី និយមដែលអាក់អន់ចិត្តនេះបានអំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បញ្ជូន​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ដោយបានចាត់​ទុក​ការ​ផ្ដាច់​ឈ្មោះ​លោក​ពី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ-​សង្កាត់ ថា​ជា​រឿង​អយុត្តិធម៌ និង​ពុំ​មាន​ការ​ឯកភាព​ពី​ថ្នាក់ដឹកនាំ​បក្សនៅ​មូលដ្ឋាន។
សូម្បីប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិខេត្តរតនគិរី លោក រ៉ាន់ សាយលឿន បានថ្លែងទទួល​ស្គាល់​ថា
កា​ររៀបចំ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ធ្វើ​ឡើង​មិន​ត្រឹមត្រូវ និង​ពុំ​មាន​ការ​ឯកភាព​ពី​លោក។ លោក​បញ្ជាក់​ថា ការ​រៀបចំ​ដាក់​ឈ្មោះ​បេក្ខជន ត្រូវ​តែ​អនុលោម​តាម​គោលការណ៍​របស់​គណបក្ស​បើ​ឃុំ​ណា​ជាប់​ឆ្នោត​គឺ​ឃុំ​ខ្លួន​ឯង​ជា​អ្នក​រៀបចំ ហើយ​ក៏​ពុំ​មែន​ថ្នាក់ដឹកនាំ​គណបក្ស​ស្រុក និង​ខែត្ត​មាន​សិទ្ធ​លូកដៃ​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ដែរ។ តាមព័ត៌មាន ភាព​ចម្រូងចម្រាស​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មែន​កើត​មាន​តែ​ឃុំ​ប៉ាតេ ប៉ុណ្ណោះ​ទេ នៅ​ឃុំ​យ៉ាទុង ឃុំ​ប៉ក់ញ៉ៃ និង​ឃុំ​ស៊ើង ក៏​កំពុង​មាន​ភាព​ចម្រូងចម្រាស​បញ្ហា​ផ្ទៃក្នុង​ទាក់ទិន​ការ​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​នេះ​ដែរ។ នៅក្នុងសមាជវិសាមញ្ញបក្ស កាលពីថ្ងៃទី២ មីនា លោក យឹម សុវណ្ណ ដែលជាមនុស្សតំណាងឥទ្ធិពល សម រង្ស៊ី ក៏បានទម្លាយរឿងចម្រូងចម្រាស នេះជាសាធារណៈដែរ ដោយទទួលស្គាល់ថាពិតជាមានបញ្ហាខ្លះក្នុងការរៀបចំបញ្ជីឈ្មោះបេក្ខជនដោយសារតែប្រកាន់អតីតភាពមកពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស និងការដណ្តើមគ្នាឈរលេខរៀងទី១ ឬទី២។
ការថ្លែងនៅចំពោះមុខ លោក កឹម សុខា ក៏ជាសារមួយត្រូវគេមើលឃើញថាបង្ហាញការមិនសប្បាយចិត្ត នឹងសូមឱ្យលោក កឹម សុខា គិតគូរ នឹងដោះស្រាយបញ្ហានេះ។ បញ្ហាដែលគេដឹងថាមកពីក្រុមលោក កឹម សុខា បញ្ចេញឥទ្ធិពលជ្រៀតជ្រែកយ៉ាងច្រើនក្នុងការរៀបចំបញ្ជីនេះ ដើម្បីបញ្ជ្រៀតក្រុមខ្លួនឱ្យបានច្រើនបំផុតតាមតែអាចធ្វើបាន។ ហេតុដូច្នេះហើយបានជាលោក កឹម សុខា លេបយកឃុំមួយចំនួនដែលធ្លាប់តែគណបក្ស សម រង្ស៊ី កាន់កាប់ ដូចដែលធ្លាប់អនុវត្តន៍ នៅក្នុងការរៀបចំបញ្ជីឈ្មោះតំណាងរាស្ត្រដែរ។ នេះជាកម្មរបស់ក្រុមសម រង្ស៊ីនិយម ដែលមានមេកើយចោលម្សៀត ជាអ្នកនយោបាយអង្ករកំប៉ុង រត់ចោលកូនចៅទុកឱ្យគ្នារងារ នឹងត្រូវបានគេធ្វើបាបដោយបំភ្លេច ចោលកិច្ចខិតខំប្រឹងប្រែង នឹងការលះបង់ដើម្បីបក្សរបស់ខ្លួនតាំងពីយូរមកហើយ។ សូម្បីតែមន្ត្រីស្និទ្ធនឹងលោក សម រង្ស៊ី នៅក្នុងបក្សសង្គ្រោះជាតិរាល់ថ្ងៃក៏មិនមានឥទ្ធិពលជួយកូនចៅខ្លួនបានដែរ ព្រោះសិទ្ធិអំណាចនៅលើលោក កឹម សុខា អនុប្រធានលោក ប៉ុល ហំម។
ដោយសារតែផ្ទៃក្នុងបក្សសង្គ្រោះជាតិកំពុងតែក្តៅក្រហល់ក្រហាយ នឹងមាននិន្នាការចាកចេញពីបក្ស ទីកន្លែងដែលត្រជាក់ត្រជុំបំផុតនោះគឺនៅផ្ទះទេវតា ដែលជាកន្លែងសុខសាន្តរបស់មនុស្សគ្រប់រូប។ មិនមែនផ្សាយពាណិជ្ជកម្មឱ្យផ្ទះទេវតាទេ តែតាមដែលចៅចាក់ស្មុកដឹង ទេវតាជាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមនាំសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយក្នុងប្រវត្តិសាស្ត្រកម្ពុជា ខ្មែរទាំងអស់គ្នាជាអ្នកឈ្នះ។ ទេវតាមានព្រហ្មវិហារធម៌ណាស់ និងស្វាគមន៍ជានិច្ចនូវជនានុជនទាំងឡាយដែលចង់រួមរស់ក្នុងផ្ទះទេវតាប្រកបដោយសុខសន្តិភាព និងវឌ្ឍនភាព​៕

No comments:

Post a Comment