Monday, March 13, 2017

ហ្វេសប៊ុក ចៅចាក់ស្មុក៖ មនុស្សឥតបានការ នឹងអាចគេខ្ចីប្រើធ្វើជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទីងមោង ២ ខែទៀត

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក ចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ វិភាគមួយដែលមានខ្លឹមសារទាំង​ស្រុង​ដូច​តទៅ៖
ការស្តាប់គំនិតអ្នកដទៃកាន់តែច្រើន ធ្វើឱ្យយើងបានយល់កាន់តែច្រើន! ខាងក្រោមនេះជាទស្សនៈរបស់ស្មេរ បក្សីចាំក្រុង ដែលចៅចាក់ស្មុកយល់ថា ល្អ និងគួរចែករំលែកបន្តដល់ប្រិយមិត្តបានអាន និងយល់ដឹង!
តាមការពិនិត្យបញ្ជីបេក្ខជនឃុំសង្កាត់ របស់បក្សព្រះ អាទិត្យ ឃើញថា ភាគច្រើនអ្នកឈរឈ្មោះក្នុងបក្សនេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀន និងបក្សព្រះច័ន្ទ បច្ចុប្បន្ន។ យោងតាមច្បាប់ស្តីពីការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្តីពីការគ្រប់ គ្រងរដ្ឋបាលឃុំសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន នៅពេលបាត់បង់សមាជិកភាពរបស់បក្ស។
យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ សមាជិកបក្សមួយនឹងបាត់បង់សមាជិកភាពពីបក្សនេះ នៅពេលទៅចូលជាសមាជិកបក្សថ្មី។ តាមន័យនេះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀនចំនួន ២១៥៥ រូប ក្នុងនោះមេឃុំ មានចំនួន ២២ រូប និងបក្សព្រះច័ន្ទ ចំនួន ៨០០ រូប ក្នុងនោះ មេឃុំ មានចំនួន ១២ រូប ត្រូវបាត់បង់តំណែងនៅក្រុមប្រឹក្សាឃុំសង្កាត់ ប្រសិនបើអ្នកទាំងនោះឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់នៃបញ្ជីបក្សព្រះអាទិត្យ ទាំងបេក្ខជនពេញសិទ្ធិ ទាំងបេក្ខជនបំរុង។
យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អ្នកដែលត្រូវឡើងមកជំនួសអ្នកដែលបាត់តំណែងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃបក្សភ្លើងទៀន និងបក្សព្រះច័ន្ទ គឺអ្នកដែលមានឈ្មោះបន្ទាប់ក្នុងបញ្ជីនៃគណបក្សទាំង នេះ ហើយដែលអ្នកទាំងនោះមិនមានឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃបក្សព្រះអាទិត្យ។ អ្នកដែលមិនមានឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៃបក្សព្រះអាទិត្យ ទាំងពេញសិទ្ធិ ទាំងបំរុង គឺមានន័យថា អ្នកទាំងនោះត្រូវបានកាត់ឈ្មោះទាត់ចេញលែងត្រូវការ ឬហៅថា ជា”មនុស្សឥតបានការ”។
ប៉ុន្តែ អ្នកឥតបានការទាំងនេះ នឹងអាចត្រូវគេខ្ចីប្រើធ្វើទីងមោងសម្រាប់រយៈពេល ២ ខែ បន្តទៀតរហូតដល់ចប់អាណត្តិ ដើម្បីបន្តអង្គុយបំពេញកៅអីក្រុមប្រឹក្សាឃុំសង្កាត់នៃបក្សភ្លើងទៀន និងបក្សព្រះច័ន្ទដែលបាត់បង់តំណែង។ ផុត ២ ខែនេះ គឺចប់ទៀត គេលែងត្រូវការទៀត ប៉ុន្តែ នេះពុំមែនមានន័យថា បក្សព្រះអាទិត្យនឹកឃើញឡើងវិញ នូវ”ភាពបានការ” របស់ “អ្នកឥតបានការ” ទាំងនេះ ឬបក្សនេះប្រែជាចិត្តល្អចំពោះអ្នកទាំងនោះនោះទេ ប៉ុន្តែ គឺដោយសារមូលហេតុច្បាប់តម្រូវប៉ុណ្ណោះ។ បើសិនជាមិនអាចរកអ្នកដែលត្រូវអរគុណឃើញ អ្នកដែលឥតបានការ ហើយបានប្រែជាបានការឡើងវិញរយៈពេល ២ ខែ ខាងមុខនេះ ក៏ពុំគួរអរគុណចំពោះបក្សដែលបានបោះបង់ចោលខ្លួនចោលពីបញ្ជីឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ថ្មីរបស់បក្សអាទិត្យនោះដែរ៕
ដោយ៖ បក្សីចាំក្រុង

No comments:

Post a Comment