Thursday, February 09, 2017

សាលាឧទ្ធរណ៍​ តម្កល់​ទោស​លោក​ សម​ រង្ស៊ី​ ករណី​ចោទ​ថា​លោក ហ៊ុន សែន ទិញ Facebook Like​

(ភ្នំពេញ)​៖ សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​កុម្ភៈ​នេះ​ សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ករណី​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចោទ​ថា​ Facebook Like លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កើន​យ៉ាង​សន្ធឹកសន្ធាប់​ បាន​មក​ពី​ការ​ទិញ​ ឬ​ ក្លែង​បន្លំ​។
លោក​ សំរិទ្ធ​ សុផល​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ បានយល់​ថា​ ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ត្រឹមត្រូវ​ ហើយ​ប្រសិន​បើ​មេធាវី​មិន​សុខចិត្ត​អាច​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បាន។
សូមជំរាបថា សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់ ​ចំពោះ​លោក​សម​ រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ចំនួន​១០លាន​រៀល​ និង​សងសំណង​ជំងឺ​ចិត្ត ​ដល់​ដើម​បណ្ដឹង​ចំនួន​១៥លាន​រៀល​ រឿង​ចោទ​ថា​ Facebook Like ​ ដែល​កើន​យ៉ាង​សន្ធឹកសន្ធាប់​ បាន​មក​ពី​ការ​ទិញ​ ឬ​ក្លែង​បន្លំ​។​ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​នេះ​ ជា​សាធារណៈ​តាម​ប្រព័ន្ធផ្សព្វផ្សាយចំនួន​៣ថ្ងៃ​ផងដែរ​៕


No comments:

Post a Comment