Thursday, February 09, 2017

លោក វេង សាខុន ទទួលជួបពិភាក្សាការងារជាមួយលោក Michael Hesketh អ្នកនិពន្ធ និងទីប្រឹក្សាមកពីចក្រភពអង់គ្លេស

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប លោក Michael Hesketh អ្នកនិពន្ធ និងទីប្រឹក្សាមកពីចក្រភពអង់គ្លេស ដើម្បីពិភាក្សាការងារលើការរៀបចំចងក្រងសៀវភៅពាក់ព័ន្ធនឹងវិស័យកសិកម្មនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
លោក Michael Hesketh បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក បានមានប្រសាសន៍ថា លោក ចាប់អារម្មណ៍ នឹងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសវិស័យកសិកម្មដែលជាវិស័យអាទិភាពមួយ នៃវិស័យដទៃទៀត ដែលមានការចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោក បានធ្វើការស្នើសុំនូវទិន្នន័យវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដែលរួមមាន ការវិវឌ្ឍនៃដំណាំកសិកម្ម ការវិវឌ្ឍនៃការចិញ្ចឹមសត្វ ការវិវឌ្ឍនៃដំណាំកៅស៊ូ និងស្វាយ ការវិវឌ្ឍនៃការគ្រប់គ្រងព្រៃឈើ និងការវិវឌ្ឍនៃការគ្រប់គ្រងធនធានជលផល ដើម្បីធ្វើការចងក្រងជាឯកសារ និងធ្វើការបោះពុម្ពផ្សាយជាសាធារណៈនូវសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះការចូលជួបរបស់លោក Michael Hesketh ហើយ លោករដ្ឋមន្រ្តី ក៏មានភាពសប្បាយរីករាយផងដែរចំពោះការចាប់អារម្មណ៍របស់លោក ក្នុងការរៀបចំចងក្រងជាឯកសារសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា កម្ពុជាបានឆ្លងផុតពីដំណាក់កាលខ្វះខាតស្បៀង រហូតដល់មានស្បៀងគ្រប់គ្រាន់ និងឈានទៅធ្វើការនាំចេញ។ តាមរយៈរបាយការណ៍បូកសរុបចុងក្រោយបានបង្ហាញថា នៅឆ្នាំ២០១៦ កម្ពុជា បានធ្វើការនាំចេញអង្ករប្រមាណជាង ៥៤៥ ពាន់តោនទៅកាន់ទីផ្សារអន្តរជាតិ និងស្រូវនាំចេញប្រមាណជាង ៣លានតោន។
លោករដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធ នឹងបច្ចេកទេស និងសក្តានុពលផលិតក្រោយការប្រមូលផល ទន្ទឹមនឹងនេះការរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្មមួយចំនួន ក៏នៅមានកម្រិតនៅឡើយ ជាពិសេសប្រព័ន្ធស្រោចស្រពនៅកម្ពុជាពុំទាន់បានរៀបចំពេញលេញនៅឡើយ និងតំបន់មួយចំនួនកំពុងធ្វើការអភិវឌ្ឍ។ ពាក់ព័ន្ធ នឹងតំលៃផលិតផលកសិកម្ម កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការ ផ្តល់នូវទុនបន្ថែមដល់ធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់វិស័យឯកជននៅកម្ពុជា ក្នុងការអន្តរាគមន៍ដោះស្រាយនូវបញ្ហាទីផ្សារ និងតម្លៃកសិផលរបស់ប្រជាកសិករ។
លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជាកំពុងពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន ដោយសហការជាមួយសហគមន៍កសិកម្ម ក្នុងការជំរុញពាណិជ្ជូបនីយកម្ម កសិកម្មនៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកទេស និងបច្ចេកវិទ្យាទំនើប និងប្រើប្រាស់កម្លាំងពលកម្មអប្បបរមា។ ចំពោះអនុវិស័យផ្សេងៗទៀត លោករដ្ឋមន្រ្តី បានមានប្រសាសន៍ជារួមថា ការចិញ្ចឹមសត្វ ដំណាំកៅស៊ូ ស្វាយ និងកិច្ចការជលផល មានការកើនឡើងជាវិជ្ជមាន ដោយឡែកកម្ពុជាកំពុងជួបប្រទះនឹងបញ្ហាទីផ្សារ ហើយរាជរដ្ឋាភិបាល កំពុងរៀបចំដាក់ចេញនូវគោលនយោបាយបន្ទាន់ដើម្បីពង្រឹងតុល្យភាពនៃការនាំចូល និងការផលិតក្នុងស្រុកឱ្យមានប្រសិទ្ធភាព។ ចំពោះអនុវិស័យព្រៃឈើនៅកម្ពុជា រាជរដ្ឋាភិបាល បានរៀបចំគណៈកម្មាការអន្តរក្រសួងក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ដោយមានការចូលរួមយ៉ាងសកម្មពីកងកំលាំងប្រដាប់អាវុធ និងដោយឡែកកម្ពុជា ក៏កំពុងជំរុញការដាំឈើឡើងវិញ ដើម្បីបំពេញតម្រូវការកែច្នៃឈើទាំងក្នុងស្រុក និងក្រៅស្រុក៕


No comments:

Post a Comment