Thursday, February 09, 2017

រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក បើក​កិច្ច​ប្រជុំ​ពិភាក្សា​ការងា​រ ជាមួយ​មន្រ្តី​ ២៥រាជ​ធានី​-ខេត្ត

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំការងារដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥រាជធានី-ខេត្ត សរុបចំនួន១០៣រូប ។
សូមជម្រាបផងដែរថា ក្នុងពេលកន្លងមក ក្រសួងរៀបចំឱ្យមានក្រុមការងារចំនួន១៣ក្រុម ដើម្បីចុះសិក្សា និងបង្កើតឡើងនូវទស្សនវិស័យសម្រាប់ការគ្រប់គ្រងការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងព្រែកនាំដីល្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ។
ទិន្នន័យព័ត៌មានដែលក្រុមការងារបានរៀបចំ និងចងក្រងឡើងត្រូវបានលើកយកមកប្រជុំពិភាក្សា នៅថ្ងៃនេះរួមមាន៖ ១-ក្តាប់នូវសក្តានុពលទឹកឱ្យបានគ្រប់ជ្រុងជ្រោយ និងឈានទៅគ្រប់គ្រងឱ្យបានល្អប្រសើរ ២-បង្កើតនូវទស្សនវិស័យសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ប្រកបដោយលក្ខណៈបច្ចេកទេស វិទ្យាសាស្ត្រតាមបែបទំនើប ៣-គ្រប់គ្រង សម្របសម្រួល និងបែងចែកទឹកឱ្យបានសមស្រប និង៤-ពិនិត្យ វាយតម្លៃលើសមិទ្ធផលដែលបានសាងសង់រួច ដើម្បីធ្វើការបំពេញបន្ថែមឱ្យក្លាយជាប្រព័ន្ធដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធ្វើការថែទាំឱ្យបានល្អ សំដៅប្រើប្រាស់ឱ្យបានយូរអង្វែង។
កិច្ចប្រជុំការងារនេះ គ្រោងធ្វើក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ០៩-១០ ខែកុម្ភៈ ឆ្នាំ ២០១៧ ៕

No comments:

Post a Comment