Thursday, February 09, 2017

នាយឧត្តមសេនីយ៍ នាង ផាត ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាប្រទេសប៉ាគីស្ថាន

កងទ័ពប៉ាគីស្ថានមានបំណងចង់ជួយ និងគាំទ្រដល់កងទ័ពកម្ពុជាមិនថា លើវិស័យហ្វឹកហ្វឺនអប់រំ និងស្រាវជ្រាវនោះទេ គឺចង់ជួយលើគ្រប់វិស័យនូវអ្វីៗដែលកងទ័ពប៉ាគីស្ថានអាចជួយបាន។ នេះជាការលើកឡើងរបស់លោកវរៈសេនីយ៍ឯក សាគីម កាម៉ា អនុព័ន្ធយោធា ប៉ាគីស្ថានប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ក្នុងការចូលជួបបង្ហាញមុខ និងសម្ដែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការពារជាតិ។
លោកវរៈសេនីយ៍ឯក សាគីម កាម៉ា បានបានបញ្ជាក់ថា បច្ចុប្បន្នប៉ាគីស្ថាន គឺជាប្រទេសមួយ ដែលបានបញ្ជូនកងទ័ពទៅចូលរួមបំពេញបេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំនួនច្រើនជាងបណ្តាប្រទេសផ្សេងៗ គឺបានបំពេញភារកិច្ចនេះ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មកម៉្លេះ។ កាលពីមុនប្រទេសប៉ាគីស្ថាន មិនសូវមានទំនាក់ទំនងជិតស្និទល្អជាមួយបណ្តាប្រទេសជិតខាង និងក្នុងតំបន់ឡើយ ទាំងនេះគឺបណ្តាលមកពីមានទំនាស់គ្នានៅតាមបណ្តោយព្រំដែន។
លោកក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នប៉ាគីស្ថាន បានខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទាំងនេះ ឱ្យកាន់តែល្អថែមទៀត។ ចំពោះទំនាក់ទំនងរវាងប្រទេសយើងទាំង ២ កម្ពុជា និងប៉ាគីស្ថាន លោក កាម៉ា បានបញ្ជាក់ថា វត្តមានរបស់លោកនាពេលនេះ គឺមិនត្រឹមតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការទូតតែប៉ុណ្ណោះទេ ដោយឡែកវិស័យយោធា នឹងខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទាំងនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ គឺហេតុផលដោយប្រទេសយើងទាំង ២កងទ័ពទាំង ២ មានទំនាក់ទំនងល្អជាមួយប្រទេសចិនដូចគ្នា។
ក្នុងឱកាសជួបសំណេះសំណាលនោះផងដែរ នាយឧត្ដមសេនីយ៍ នាង ផាត ជួសមុខឱ្យឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រសួងទាំងអស់ បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោកវរៈសេនីយ៍ឯក សាគីម កាម៉ា ព្រមទាំងជូនពរឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានលើកឡើងនូវទំនាក់ទំនងរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពប៉ាគីស្ថាន គឺមានតាំងពីដើមរៀងរហូតមក ហើយសង្ឃឹមដែរថា កងទ័ពប៉ាគីស្ថាន នឹងជួយជាស្មារតី និងសម្ភារៈ ថែមទាំងជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទផងដែរ៕


No comments:

Post a Comment