Thursday, February 09, 2017

អង្គ​ការសហ​ប្រជា​ជាតិ ចេញ​សេចក្តី​ប្រកាស​ទទួល​ស្គាល់ការ​ផ្តល់សច្ចាប័ន​ដល់កម្ពុជា​ទៅ​លើ​កិ​ច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស ស្តីពីកា​រប្រែប្រួល​អាកាស​ធាតុ

អង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសទទួលស្គាល់ការផ្តល់សច្ចាប័នដល់កម្ពុជាទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការផ្តល់សច្ចាប័ននេះនឹងចូលជាធរមានសម្រាប់កម្ពុជា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ពោលគឺរយៈពេល៣០ថ្ងៃ បន្ទាប់ពីអង្គការសហប្រជាជាតិបានទទួលយកលិខិតូបករណ៍ផ្តល់សច្ចាប័នពីកម្ពុជាទៅតម្កល់ទុក។ អត្ថប្រយោជន៍សំខាន់ៗ ដែលកម្ពុជារំពឹងថានឹងទទួលបានពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការចែករំលែកបច្ចេកវិទ្យាដែលមេត្រីភាពជាមួយអាកាសធាតុ និងបរិស្ថាន និងការកសាងសមត្ថភាព ដែលអាចឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ តាមរយៈការអនុវត្តសកម្មភាពបន្សុំា និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍដោយចីរភាពរបស់ជាតិ។
គួរបញ្ជាក់ដែរថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវបានអនុម័តនៅក្នុងសន្និសីទបណ្តាភាគីលើកទី២១ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (CoP21) នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។
កិច្ចព្រមព្រៀងនេះ មានគោលបំណងដើម្បីពង្រឹងការឆ្លើយតបជាសកល ទៅនឹងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ នៅក្នុងបរិបទនៃការអភិវឌ្ឍដោយចីរភាព និងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្រ ដែលរួមមាន ៖ ១-ការកំហិតកំណើនសីតុណ្ហភាពមធ្យមពិភពលោកឱ្យនៅត្រឹមក្រោម ២អង្សាសែលស៊ុស ធៀបនឹងកម្រិតសីតុណ្ហភាពមុនបដិវត្តន៍ឧស្សាហកម្ម និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកំហិតកំណើនសីតុណ្ហភាពឱ្យនៅត្រឹមក្រោម ១,៥អង្សាសែលស៊ុស ២-ការបង្កើនសមត្ថភាពដើម្បីបន្ស៊ាំ និងពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍបញ្ចេញកាបូនទាប ដែលមិនបង្កការគំរាមកំហែងចំពោះផលិតកម្មស្បៀង និង ៣-ធ្វើឱ្យមានលំហូរហិរញ្ញវត្ថុប្រកបដោយសង្គតិភាព ជាមួយដំណើរការអភិវឌ្ឍ ដែលធន់នឹងអាកាសធាតុ និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្រិតទាប៕

No comments:

Post a Comment