Thursday, February 09, 2017

មន្ត្រីនាំពាក្យ CPP ៖ កុំបៀមឈាម ព្រូសដាក់គេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានមានប្រសាសន៍ឱ្យដឹងថា ច្បាប់ស្តីពីគណបក្សនយោបាយ កំពុងត្រូវបានក្រុមអ្នកច្បាប់សិក្សា និងពិនិត្យធ្វើវិសោធនកម្ម ដើម្បីឱ្យស្របតាមសភាពការណ៍ថ្មីនៃជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកម្ពុជាបច្ចុប្បន្ន។
លោក សុខ ឥសាន បន្តថា ខណៈដែលច្បាប់នេះកំពុងត្រូវបានពិនិត្យ ស្រាប់តែមានឥស្សរជនម្នាក់ នៅក្នុង គ.ជ.ប បានប្រកាសថា គាត់នឹងលាឈប់ពីតំណែងដោយមិនស្តាយស្រណោះ បើសិនជា គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយគណបក្សប្រជាជនកម្ពុជានោះ។ គួរឱ្យសោកស្តាយណាស់ចំពោះពាក្យសំដីដែលខ្វះការយល់ដឹង ដែលមិនទាន់អីផង ចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជាទៅហើយថា ជាអ្នករំលាយគណបក្សផ្សេងទៅវិញ។
បើតាមអ្នកនាំពាក្យ CPP រូបនេះ គណបក្សប្រជាជនកម្ពជា មិនមានសិទ្ធិរំលាយគណបក្សណាទេ។ លោកថា បើសិនជាលោកអសមត្ថភាពធ្វើការមិនកើត លោក មានសិទ្ធិលាឈប់ពីការងារដោយផ្ទាល់ខ្លួន មិនចាំបាច់ឆ្លៀតដាក់កំហុសលើអ្នកដទៃធ្វើអី? សូមចាំថា មានតែច្បាប់ទេ ដែលមានសិទ្ធិរំលាយគណបក្សនយោបាយ បើសិនជាគណបក្សនោះប្រព្រឹត្តល្មើសច្បាប់ ឬរំលាភច្បាប់ ជាពិសេសពេលច្បាប់នោះ ត្រូវបានស្ថាប័ននីតិប្បញត្តិអនុម័តរួច ហើយមានព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ។
ខាងលើនេះគ្រាន់តែជាការពន្យល់ឥស្សរជន ដែលយល់ច្បាប់ហើយធ្វើជាមិនយល់ឱ្យយល់ កុំអាងស្អីឆ្លៀតដាក់កំហុសលើអ្នកដទៃដោយគ្មានការពិចារណានោះ៕

No comments:

Post a Comment