Thursday, February 09, 2017

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អំពាវនាវដល់មន្ត្រីទាំងអស់ ខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានធ្វើការសំណូមពរដល់មន្ត្រីទាំងអស់ ខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកទេសរដ្ឋមន្រ្តី បានថ្លែងដូចនេះ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទីពីរ ជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅក្នុងកិច្ចប្រជុំនេះ បានផ្តោតជាសំខាន់លើការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំងនិងការផ្ទេរភារកិច្ចថ្មី និងរបាយការណ៍សរុបលទ្ធផលនៃកិច្ចការផ្នែកសាធារណការ និងសំណូមពរពិនិត្យសម្រេចកិច្ចការដែលត្រូវរៀបចំធ្វើបន្ត។ មុនចាប់ផ្តើមរបៀបវារៈនៃកិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពី ការចូលជាសមាជិករបស់កម្ពុជាក្នុងកម្មវិធីហិរញ្ញប្បទាន Blended Finance វឌ្ឍនភាពនៃការងារត្រៀមរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១០ ១១ និង១២ ខែឧសភាឆ្នាំ២០១៧ ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ការពន្យាពេលបើកការដ្ឋានជួសជុលស្ពានជ្រោយចង្វាររហូតដល់ក្រោយការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ដើម្បីសម្រួលដល់ការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកក៏ដូចជាការបោះឆ្នោតនេះផងដែរ។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំង និងរចនាសម្ព័ន្ធអង្គការលេខថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការឯកភាពពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ រចនាសម្ព័ន្ធថ្មីនេះ នឹងជួយធ្វើឱ្យកំណែទម្រង់របស់ក្រសួងអាចសម្រេចបាននូវភាពប្រសិទ្ធភាព និងតម្លាភាពក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងបានជំរុញលើកទឹកចិត្តដល់មន្ត្រីដែលទើបបានតែងតាំងថ្មីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្ម និងប្រកបដោយភាពទទួលខុសត្រូវ នៅតាមមុខតំណែងរបស់ខ្លួនដើម្បីជាផលប្រយោជន៍ដល់ក្រសួង និងប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់មន្ទីរសាធារណការ និងដឹកជញ្ជូន២៥រាជធានីខេត្ត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលុបគ្រលុកសំបុកមាន់នៅទូទាំងប្រទេសនិ ងបានណែនាំឱ្យបន្តសកម្មភាពនេះបន្តទៀតដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង។ លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ក្រសួង បានទិញរ៉ឺម៉កដែលបំពាក់ដោយឧបករណ៍ចំនួន២៤គ្រឿង ដើម្បីចែកជូនដល់មន្ទីរសាធារណការ និងដឹកជញ្ជូនបន្ថែមទៀតដើម្បីពន្លឿនដល់ការងារថែទាំ និងជួសជុលផ្លូវថ្នល់របស់យើង៕


No comments:

Post a Comment