Thursday, February 09, 2017

លោក ឃឹម ប៊ុនសុង ចូលរួមបើកកិច្ចប្រជុំការងារអនុវត្តផែនការសកម្មភាពឆ្នាំ២០១៦ និងលើកទិសដៅបន្ត ឆ្នាំ២០១៧

សៀមរាប៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចូលរួមក្នុង កិច្ចប្រជុំការងារអនុវត្តផែនការ សកម្មភាពឆ្នាំ២០១៦ និងលើកទិសដៅបន្តឆ្នាំ ២០១៧ នៅសាលប្រជុំសាលាខេត្ត សៀមរាប នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៧នេះ។
នៅក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៧ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ក៏មានការចូលរួមពីលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីកិច្ចការនារី និងកុមារ ឃុំ សង្កាត់ និងអង្គការដៃគូចូលរួមផងដែរ។
នៅក្នុងពិធីបើកកិច្ចប្រជុំនោះ លោក ឃឹម ប៊ុនសុង ក៏បានកោតសរសើរពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងអ្នកពាក់ព័ន្ធ ទាំងអស់ក្នុងរយៈពេលមួយឆ្នាំនេះ ដើមី្បលើកកម្ពស់នូវការយល់ដឹងពីតម្រូវការរបស់ស្ត្រី និងកុមារ ព្រមទាំងបង្កើន ភាពអង់អាចដល់ស្ត្រី ក្នុងក្របខណ្ឌនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។
លោក ឃឹម ប៊ុនសុង បានបន្តទៀតថា ការអនុវត្តតួនាទីភារកិច្ចទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ក៏ដោយមានកិច្ចគាំទ្រសហការល្អរបស់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល។
កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងនូវវឌ្ឍនភាព ក្នុងការបោះជំហានទៅមុខ និងការអនុវត្តតួនាទីភារកិច្ចរបស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារដើមី្បសម្របសម្រួលផ្តល់យោបល់ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អនុវត្តតួនាទីភារកិច្ចចាប់តាំងពីអាណត្តិទី១ ចូលដល់អាណត្តិទី២ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលដំណាក់ កាលទី៣ នីតិកាលទី៥ នៃរដ្ឋសភា គោលនយោបាយកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមផែនការអភិវឌ្ឍខេត្ត និងកម្មវិធីវិនិយោគខេត្តបីឆ្នាំរំកិល។
ក្នុងនោះដែរលោក ឃឹម ប៊ុនសុង ក៏បានចែករំលែកនូវព័ត៌មានពាក់ព័ន្ធនឹងគោលបំណងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលដែលបានកំពុងយកចិត្តទុកដាក់  ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណ ជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពដើមី្បលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយសមធម៌ មានតម្លាភាព និងគណនេយ្យភាពសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោក ឃឹម ប៊ុនសុង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងផ្តល់ឱ្យអ្នកចូលរួម មានការទំនាក់ទំនងគ្នាល្អក្នុងការលើកកម្ពស់កិច្ចសហការ និងការជំរុញការបញ្ជ្រាបយេនឌ័រ ក្នុងការបង្កើនភាពអង់អាចដល់ស្ត្រីដើមី្បឱ្យស្របតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ របស់ក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាព ក្នុងការរៀបចំផែនការសកម្មភាពថវិកាប្រចាំឆ្នាំ ដើមី្បឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងបានចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ សង្គម ស្ត្រីជាមាតានៃពិភពលោក រីឯយុវវ័យ និងកុមារ គឺជាទំពាំងស្នងឬសី្សនៃប្រទេសជាតិ៕



No comments:

Post a Comment