Thursday, February 09, 2017

លោក ផៃ ស៊ីផាន ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសអំពីស្ថានភាពនយោបាយនៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្តល់បទសម្ភាសន៍ដល់ លោក Paul Gate ជាផលិតកររបស់សារព័ត៌មាន ALJAZEERA អំពីស្ថានភាពនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការរំលាយគណបក្ស CNRP និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។
លោក ផៃ ស៊ីផាន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គ្មានបំណង ឬប្រាថ្នារំលាយ CNRP ដូចការលើកឡើងរបស់ក្រុមបរទេស និងបក្ខពួក ដែលមាននិន្នាការប្រឆាំងនិង CPP នោះទេ។ CNRP ក្រៅពីបុគ្គលប្រព្រឹត្តបទល្មើសនឹងច្បាប់ ក៏ដូចជាប៉ះពាល់នឹងសីលធម៌ គឺគណបក្សនេះ មានធនធានមនុស្ស និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែង។ នេះជាឱកាសសម្រាប់ CNRP ក្នុងការអនុវត្តប្រជាធិបតេយ្យផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាឱកាសសម្រាប់យុវជនជំនាន់ក្រោយនៅក្នុងបក្សបន្តវេន។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ CNRP ស្វែងរកនូវចំណុចអវិជ្ជមាន ដើម្បីលាក់បាំងនូវការមិនគាំទ្រពីប្រជាពលរដ្ឋ។ CNRP ជាក្រុមបង្កើតបញ្ហានៅតាមស្ថានីយ៍បោះឆ្នោត និងប្រើប្រាស់ការប្រកាន់ពូជសាសន៍ (យួន) ដើម្បីជាយុទ្ធនាការនយោបាយបោកប្រាស់មតិសាធារណៈ។
លោក ផៃ ស៊ីផាន ក៏បានថ្លែងថា កម្ពុជាទទួលបានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ចាក់ឬសនៅកម្ពុជារួចហើយ នៅក្នុងរយៈពេលជាងម្ភៃឆ្នាំកន្លងមកនេះ ដែលជាប្រវត្តិនយោបាយថ្មីរបស់កម្ពុជា និងមិនធ្លាប់មាននៅសង្គមកម្ពុជាពីមុនមក។ នេះគឺជាជោគជ័យរបស់កម្ពុជា។
ពាក់ព័ន្ធនឹងបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនៅសម័យលន់ នល់ លោក ផៃ ស៊ីផាន បានថ្លែងថា នៅមានគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិកជាច្រើន មិនទាន់ផ្ទុះដែលក្រុមការងារ CMAC ទើបតែរកឃើញ ហើយរដ្ឋាភិបាលបានស្នើសុំឱ្យសហរដ្ឋអាមេរិកពិចារណាការលុបចោលបំណុល និងប្រាក់កម្ចី ដែលបន្សល់ទុកពីរបប លន់ នល់ ផងដែរ៕


No comments:

Post a Comment