Thursday, February 09, 2017

តំណាង​អង្គការ​មូល​និធិ​ប្រជាជន​នៃ​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​កម្ពុជា កោត​សរសើរ​ពីការរីកចម្រើន និងសុខសន្តិភាពដ៏ល្អចំពោះជីវភាពរបស់ប្រជាពលរដ្ឋនៅ​កម្ពុជា

ភ្នំពេញ៖ លោកស្រី Lene Kroll Christiansen តំណាងថ្មីរបស់អង្គការមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា រួមជាមួយនឹងសុខសន្តិភាពដ៏ល្អប្រសើរ ហើយជីវភាពប្រជាជន ក៏ត្រូវបានលើកកម្ពស់បន្តបន្ទាប់។ នេះជាការលើកឡើងរបស់លោកស្រី Lene Kroll Christiansen នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងថា លោក ប្រាក់ សុខុន បានស្វាគមន៍ចំពោះបេសកកម្មរបស់លោកស្រីនៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះការបំពេញការងារក្នុងការជួយដល់ប្រជាជន ដោយលោកជឿជាក់ថា បទពិសោធន៍ទាំងនេះ នឹងជួយដល់ប្រជាជនកម្ពុជាផងដែរ។
លោកស្រី Lene Kroll Christiansen បានមានប្រសាសន៍ថា បេសកកម្មរបស់លោកស្រីនៅកម្ពុជា គឺផ្តោតសំខាន់ទៅលើការជួយដល់ស្ត្រី ព្រមទាំងការអនុវត្តគម្រោងផ្សេងៗទៀត ដែលជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជា។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិប្រជាជននាពេលកន្លងមក ជាពិសេស អត្រាមរណៈមាតាក្នុងពេលឆ្លងទន្លេ ត្រូវបានកាត់បន្ថយយ៉ាងច្រើននៅកម្ពុជា។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា អង្គការ UNFPA បានបង្កើតការិយាល័យរបស់ខ្លួននៅប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៣ ដោយមានគម្រោងជាច្រើន ត្រូវបានសហការអនុវត្តរវាងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាជាមួយនឹងអង្គការមូលនិធិប្រជាជននេះ។ គម្រោងចុងក្រោយរបស់អង្គការមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ ដែលកំពុងជួយដល់កម្ពុជាពីឆ្នាំ២០១៦ ដល់ ២០១៨ គឺមានទំហំទឹកប្រាក់ជាង ២៤លានដុល្លារអាមេរិក។ គម្រោងនេះផ្តោតសំខាន់ចំពោះសុខភាពផ្លូវភេទ សុខភាពក្នុងការបន្តពូជ មនុស្សពេញវ័យ យុវវ័យ សមភាពយេនឌ័រ ការផ្តល់អំណាចដល់ស្ត្រី និងសក្តានុពលប្រជាជន៕


No comments:

Post a Comment