Wednesday, February 08, 2017

លោក សុខ ឥសាន៖ ចង់បាន​ជានា​ជាតិ បង្រួប​បង្រួម​ជាតិ និង​ឯក​ភាព​ជាតិ​

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ដោយផ្អែកលើឧត្តមគតិដ៏ឧត្តុង្គឧត្តមនេះហើយ បានជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានផ្តួចផ្តើមដាក់ចេញនូវនយោបាយបង្រួបបង្រួមជាតិនាឆ្នាំ១៩៨៧ បង្កើតឡើងនូវការចរចា សីហនុ – ហ៊ុន សែន រហូតដល់សម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ដែលជាបុព្វបទឈានទៅរៀបចំការបោះឆ្នោតសកលលើកទី១ នាឆ្នាំ១៩៩៣ បង្កើតបាននូវរដ្ឋធម្មនុញ្ញថ្មីមួយ នៃព្រះរាជាណាចក្រកម្ពុជា បើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ ។
លោក សុខ ឥសាន បានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់ជីវិតអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ប៉ុល ពត និងនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិ ដែលមិនធ្លាប់មានតាំងពីច្រើនឆ្នាំមកហើយ ហើយដែលធ្វើឱ្យមានការឯកភាពជាតិ ការស្រុះស្រួលជាតិ រួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ស្តារ និងកសាង អភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជឿនលឿន រហូតដល់បច្ចុប្បន្ននេះ ។ ទាំងនោះជាផលដែលកើតឡើងពីមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមិនមានគណបក្សនយោបាយណា អាចប្រៀបផ្ទឹមបានឡើយ ។
លោក សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា ការប្រកូកប្រកាសរបស់អ្នកនយោបាយមួយចំនួន ដែលថាចង់បានការជានាជាតិ ការឯកភាពជាតិ គឺគ្រាន់តែជាបន្ទរ និងការដើរតាមលំអាននៃនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ។ ការប្រកូកប្រកាសរបស់អ្នកនយោបាយទាំងនោះ គូសបញ្ជាក់កាន់តែច្បាស់ថែមទៀតនូវភាពត្រឹមត្រូវនៃមាគ៌ា នយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល ជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ជារៀងរហូតតទៅ ៕



No comments:

Post a Comment