Wednesday, February 08, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវតែបញ្ជាក់នូវអត្តសញ្ញាណខ្លួនឯងថាខ្លួនជាគ្រឹះស្ថានឯកជន មិនមែនជារបស់រដ្ឋទេ!

ថ្លែង​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមានៅវត្ត​ព្រែកប្រា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារ​អំពៅ​ រាជធានីភ្នំពេញ​ នាព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវថា «គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុទាំងអស់ ​ត្រូវតែបញ្ជាក់​នូវ​អត្តសញ្ញាណ​ខ្លួន​ឯង​ថា​ ខ្លួនជាគ្រឹះ​ស្ថាន​ឯកជន​»។​ ការ​ថ្លែង​បែបនេះ​ដោយ​សារ​កន្លង​មក​ មានបក្ស​នយោបាយ​ និង​មាន​​ជន​ខិលខូចមួយ​ចំនួនបាន​បោកប្រាស់ បំភ័ន្ត​​ប្រជាពលរដ្ឋ​ថា​ លុយ​ដែលខ្ចី​ពីគ្រឹះស្ថាន​ហិរញ្ញវត្ថុគឺជាលុយរដ្ឋ​​ ហើយ​​​សន្យា​ថា​ ​បើបោះ​ឆ្នោត​ឱ្យបក្ស​​​​គេ គេ​នឹងលប់​បំណុល​ដែលប្រជាពលរដ្ឋ​ជំពាក់​នោះ​​ចោលឱ្យ​អស់​។
លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ត​​ថា «ធនាគាជាតិ​នៃ​កម្ពុជា គឺជាអ្នក​ទទួលអនុវត្ត​​កិច្ច​ការ​នេះ ​ដោយ​ចែក​ជាពី​រ​ គឺអប់រំ​គ្រឹះស្ថាន​ហិរញ្ញវត្ថុផង និង​អបរំ​ប្រជាពលរដ្ឋ​ផង។ ទី១ ​​គ្រប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​ត្រូវ​តែ​ដាក់​ស្លាក​​ថាជាគ្រឹះស្ថាន​ឯកជន​ ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ភ័ន្ត​ច្រលំ​ថា មីក្រូហិរញ្ញវត្ថុទាំង​នោះ​ជារបស់រដ្ឋ​​​​ ទី២ ​ត្រូវតែអប់រំប្រជាពលរដ្ឋ និង​សំខាន់ជាងគេ​គឺ​មីក្រូហិរញ្ញវត្ថុ​ខ្លួន​ឯង​តែម្តង​ ត្រូវ​តែ​អប់​រំ​ទៅ​ដល់​បុគ្គលិក​ទាំង​អស់​ឱ្យ​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា​ លុយ​ដែល​ខ្ចី​នោះ​គឺ​ជា​លុយ​របស់​គ្រឹះស្ថាន​ឯកជន ​មិនមែន​ជា​របស់​រដ្ឋ​ទេ​។​​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តទៀត​ថា ​​«រដ្ឋមិន​មាន​សិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​ខ្ជីលុយ​នោះទេ​ តែ​​រាជរដ្ឋាភិបាល​​អាចខ្ចី​លុយ​ធនាគាបាន។​ រាប់​តាំង​ពីធនាគារ រហូត​ទៅដល់​មីក្រូហិរញ្ញវត្ថុ ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ទទួលប្រាក់បញ្ញើ និងផ្តល់​ប្រាក់​កម្ចី ​គឺជាធនាគា​របស់​ឯកជន​ទាំង​អស់​ មិនមែនជារបស់រដ្ឋ​ទេ​។»
លោក​បាន​សង្កត់​ធ្ងន់ថា «បើឃើញ​ជនល្មើស​ដែលប្រព្រឹត្ត​បទល្មើសជាក់ស្តែង​កំពុង​បោកប្រាស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ គឺសូម​ឱ្យ​ចាប់​នៅ​កន្លែង​តែម្តងដើម្បីបញ្ជូន​ទៅ​តុលាការ​ចាត់ការតាម​នីតិវិធីច្បាប់។ លោកបានបន្តថា ទង្វើ​របស់​ពួកគេ​គឺកំពុង​តែសម្លាប់​ប្រជាពលរដ្ឋ ដោយ​បញ្ចុះ​បញ្ចូល​ឱ្យ​ប្រជាពលរដ្ឋ​ទៅខ្ចី​លុយ​ពីគ្រឹះស្ថាន​ឱ្យបានច្រើនហួសពីសមត្ថភាព​ជ្រុលខ្លួន​ ដើម្បីងាយស្រួលពួកគេ​បោកប្រាស់​​ទាក់យក​សន្លឹកឆ្នោត​។
លោក​បានអំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ថា «មុន​នឹង​ខ្ចីលុយ​របស់គេ សូមគិតផង តើយកលុយនោះមកធ្វើអី?​ ជាធម្មតា​អ្នកឱ្យខ្ចី​ត្រូវ​គិត​ថា អ្នក​នោះ​មាន​សមត្ថភាព​សង​ដែឬអត់​ ប៉ុន្តែ​អ្នកខ្លះ មីក្រូហិរញ្ញវត្ថុខ្លះ​ ចង់បានផ្ទះរបស់គេ សូម្បី​តែខុសត្រូវប៉ុន្មាន​ម៉ោង មិនទាន់​ដល់ម៉ោងផង ទៅរឹបអូសយកផ្ទះប្រជាពលរដ្ឋ​​ទៅ​ហើយ​ អាធុន​ហ្នឹង​ក៏ត្រូវតែធ្វើ​ចំណាត់​ការ​ដែរ»៕




No comments:

Post a Comment