Wednesday, February 08, 2017

ក្រុម​ការងារសហ​គមន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា បន្ត​អនុញ្ញាត​សំណើ​ជួស​ជុល និង​សាង​សង់​​សំណង់​តូចតាច​នៅ​ក្នុង​តំបន់​ការពារ​ឧទ្យាន​អង្គរ

ក្រុមការងារលេខាធិការដ្ឋានសហគមន៍ ដែលបានបង្កើតឡើងដោយអាជ្ញាធរជាតិអប្សរា បានដើរតួយ៉ាងសំខាន់ និងជិតស្និទ្ធបំផុតជាមួយសហគមន៍ប្រជាពលរដ្ឋ ក្នុងតំបន់អង្គរដល់មូលដ្ឋានផ្ទាល់ ដោយមានតួនាទីជាអ្នកសម្របសម្រួលលើផ្នែកអប់រំ សុខភាព អនាម័យ ផ្តល់ប្រឹក្សាផ្សេងៗ ជាពិសេសគឺទទួល និងអនុញ្ញាតសំណើជួសជុល ឬសាងសង់ខ្នាតតូចភ្លាមៗនៅនឹងកន្លែង ដូចជាសង់បន្ទប់ទឹក តសំយ៉ាប ជួសជុលផ្ទះជាដើម។ លើសពីនោះទៀត ក្រុមការងារសហគមន៍ក៏ទទួលរាល់សំណូមពរពីប្រជាពលរដ្ឋ ដើម្បីយកមកជូនថ្នាក់លើដោះស្រាយ និងពិចារណាផងដែរ។
ជាក់ស្តែងនាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប បានចុះទៅពិនិត្យសំណើសុំជួសជុលរបស់ប្រជាពលរដ្ឋចំនួន ០៦ករណី នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ សំណើដែលប្រជាពលរដ្ឋបានស្នើសុំនោះមាន៖ ការសុំធ្វើរបង ចាក់ដី ជួសជុលផ្ទះ និងធ្វើផ្ទះថ្មី។ ក្នុងនោះមាន ៣ករណី ដែលអនុញ្ញាត ព្រោះជាសំណើស្រាល ឯ ៣ករណីទៀត ដែលមិនអនុញ្ញាត ព្រោះសំណើនោះជាសំណង់ធំ គឺតម្រូវឱ្យម្ចាស់សំណើទៅដាក់ពាក្យនៅច្រកចេញចូលតែមួយរបស់អាជ្ញាធរជាតិអប្សរា ទើបបាន។
លោក វ៉ន បូទី ប្រជាពលរដ្ឋដែលបានទទួលការអនុញ្ញាតចំពោះសំណើជួសជុលផ្ទះ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ការពារឧទ្យានអង្គរ ដែលមានបំណងចង់ជួសជុលផ្ទះ ឬសាងសង់ផ្ទះថ្មី គឺត្រូវទៅដាក់ពាក្យនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ឬជម្រាបទៅអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណើដាក់ទៅក្រុមសហគមន៍ ជាជាងការលួចធ្វើដោយខុសច្បាប់ ដែលនាំឱ្យខូចខាតទាំងសងខាង ហើយចំពោះការសុំច្បាប់នេះ ក៏មិនមានបង់សេវាកម្មអីដែរ។
លោក ឃឹម ខុន សមាជិកក្រុមប្រឹក្សាសង្កាត់គោកចកបានប្រាប់ថា កន្លងមករាល់ការងារទាក់ទងនឹងសេវាកម្មផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ក្រុមការងារលោកតែងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សរា។ លោកក៏បានសម្តែងនូវសេចក្តីរីករាយចំពោះក្រុមការងារសហគមន៍ ដែលធ្វើឱ្យប្រជាពលរដ្ឋ និងក្រុមការងារលោកកាន់តែងាយស្រួលក្នុងការសំណូមពរ និងបំពេញការងារផ្សេងដោយមិនបាច់ធ្វើដំណើរទៅឆ្ងាយ។ លោកនឹងបន្តការសហការនេះឱ្យកាន់តែល្អ ដើម្បីថែរក្សាតំបន់អង្គរឱ្យមានរបៀបរៀបរយ ជាពិសេសគឺទប់ស្កាត់ការកើតឡើងនៃសំណង់ថ្មីៗ ដែលគ្មានការអនុញ្ញាត។
គួរបញ្ជាក់ដែរថា ដើម្បីបង្កភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់អង្គរ ដែលនៅឆ្ងាយពីមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា ក៏បានសម្រេចបង្កើតក្រុមការងារមួយសម្រាប់ផ្តល់សេវានៅការិយាល័យច្រកចេញ-ចូលតែមួយ មាន២ទីតាំង ប្រចាំស្រុកពួក១ និងប្រចាំក្រុងសៀមរាប១។ ក្រុមការងារនេះមានតួនាទី និងភារកិច្ចសហការជាមួយមន្ត្រីប្រចាំការនៅច្រកចេញ-ចូលតែមួយ ដើម្បីពិគ្រោះយោបល់លើការស្នើសុំសេវាសាធារណៈរបស់ប្រជាជន ពាក់ព័ន្ធនឹងតំបន់រមណីយដ្ឋានអង្គរ ការផ្តល់ទម្រង់ពាក្យស្នើសុំ ទទួលពាក្យស្នើសុំ បញ្ជូនឯកសារមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា ដើម្បីពិនិត្យ និងជូនថ្នាក់ដឹកនាំសម្រេច ព្រមទាំងធ្វើរបាយការណ៍ជូនអភិបាលក្រុង/ស្រុកនៃច្រកចេញ-ចូលតែមួយ និងជូនមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា៕



No comments:

Post a Comment