Wednesday, February 08, 2017

សង្រ្គាម អាមេរិក-ចិន នឹងជាគ្រោះមហន្តរាយសម្រាប់ពិភពលោក

ការប៉ះទង្គិចផ្នែកយោធារវាង​សហរដ្ឋអាមេរិក និងចិន នឹងបង្កជាគ្រោះមហន្តរាយមួយសម្រាប់ពិភពលោក នេះបើតាមមន្រ្តីគណបក្សកុម្មុយនីស្តបានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍ជាលើកដំបូងរបស់ខ្លួនស្តីពីទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ចាប់តាំងពីលោក Trump ចូលកាន់តំណែងមក។
កាសែត People’s Daily បានលើកឡើងនៅក្នុងបទវិចារណកថាមួយថា “បើសិនជាសហរដ្ឋអាមេរិក និងចិនមានសង្រ្គាមនឹងគ្នានោះ ពិភពលោកទាំងមូលនឹងត្រូវបានបែងចែកគ្នា”។
ការព្រួយបារម្ភនៃសក្តានុពលមួយនៃសង្រ្គាមពាណិជ្ជកម្មដ៏គ្រោះថ្នាក់ ឬក៏ការប៉ះទង្គិចគ្នាដោយយោធារវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ បានចាប់ផ្តើមកើតឡើង ចាប់តាំងពីលោក Trump ឈ្នះការបោះឆ្នោតមក។
លោក Trump បានរិះគន់ចិនម្តងហើយម្តងទៀតនៅក្នុងយុទ្ធនាការរបស់គាត់ ហើយបានបន្តរុកគួនចិនចាប់តាំងពីគាត់ឈ្នះការបោះឆ្នោតមក។ បញ្ហាដែលគាត់ប្រយុទ្ធប្រឆាំងនឹងចិន រួមមាន ពាណិជ្ជកម្ម កោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង។
លោក Steve Bannon ប្រធានអ្នកយុទ្ធសាស្រ្តដ៏មានឥទ្ធិពលរបស់លោក​ Trump ត្រូវបានគេរាយការណ៍កាលពីសប្តាហ៍មុនថា បានព្រមានអំពីសង្រ្គាមរវាង សហរដ្ឋអាមេរិក និងចិន នៅក្នុងតំបន់ផ្លូវទឹកដ៏សម្បូរធនធាន ដោយថា វាគឺជារឿងមិនអាចជៀសវាងបាន។
ទន្ទឹមនឹងនោះដែរ លោក Trump មិនទាន់បានជួបសំណេះសំណាលជាមួយសមភាគីចិនលោក Xi នៅឡើយ បើទោះបីជាលោក Trump បានជួបជាមួយមេដឹកនាំពិភពលោក យ៉ាងហោចណាស់ ១៨ រូបរួចហើយចាប់តាំងពីការចូលកាន់តំណែងរបស់គាត់ក៏ដោយ។
ប្រតិកម្មសាធារណៈរបស់ទីក្រុង Beijing ចំពោះការងើបឡើងរបស់លោក Trump មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងកន្លងមក បើទោះបីជា ការសែតភាសាអង់គ្លេសរបស់ចិន បានចោទប្រកាន់លោក Trump ថា “កំពុងប្រឡែងជាមួយភ្លើង” ដោយមានមន្ទិលពាក់ព័ន្ធនឹងគោលនយោបាយដ៏យូរអង្វែងរបស់អាមេរិកចំពោះតៃវ៉ាន់ ហើយកាសែតជាតិនិយមមួយក៏បានព្រមានអំពី “សង្រ្គាមទ្រង់ទ្រាយធំមួយ” ផងដែរ។
កាលពីខែមុន ក្រសួងការបរទេសចិនបានជំរុញក្រុមរបស់ប្រធានាធិបតីអាមេរិកឱ្យ “និយាយ និងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន” បន្ទាប់ពីមន្រ្តីព័ត៌មានរបស់សេតវិមាន លោក Sean Spicer បានសន្យាថា អាមេរិកនឹងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការ “កាន់កាប់” សមុទ្រចិនខាងត្បូង។
នៅក្នុងវិចារណកថាការទូតមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយកាសែត People’s Daily បានលើកឡើងថា គណបក្សកុម្មុយនីស្តចិនបាននិយាយថា ប្រទេសទាំងពីរគួរបញ្ជៀសការប្រឈមមុខគ្នា គេចចេញពីជម្លោះ និងការខ្វែងគំនិតគ្នាផ្សេងៗ។
កាសែតនេះបានបន្តថា “ចិន និងអាមេរិក បានចែករំលែកផលប្រយោជន៍រួមជាច្រើន… ហើយគួរបង្កើនការដោះស្រាយបញ្ហាដោយភាពវៃឆ្លាត”។
លោក Evan Medeiros អតីតប្រធានទីប្រឹក្សាកិច្ចការអាស៊ីរបស់លោក Obama បាននិយាយថា ការផ្តួចផ្តើមឆ្លើយតបរបស់ទីក្រុង Beijing ចំពោះអន្តរាគមន៍របស់លោក Trump លើគោលនយោបាយចិន ត្រូវបានគិតគូយ៉ាងប្រុងប្រយ័ត្ន។
លោក Medeiros បានបន្តថា “ចិនបានដឹងយ៉ាងច្បាស់ថា ពួកគេកំពុងដោះស្រាយជាមួយមេដឹកនាំអាមេរិកផ្សេងគ្នា និងមានការដឹកនាំបែបផ្សេង។ ពួកគេចង់រៀបចំការឆ្លើយតបដោយប្រុងប្រយ័ត្ន ដូច្នោះវានឹងអាចទប់ស្កាត់ការកើនឡើងនៃស្ថានភាពអាក្រក់រវាងប្រទេសទាំងពីរ”។
លោកស្រី Susan Shirk ប្រធានមជ្ឈមណ្ឌលចិនសតវត្សរ៍ទី២១ នៅសាកលវិទ្យាល័យ California បាននិយាយថា អ្នកជំនាញរបស់ចិន “មានការភាន់ច្រឡំជាខ្លាំង” ចំពោះគោលដៅជាក់ស្តែងរបស់លោក Trump លើរដ្ឋាភិបាលទីក្រុង Beijing ហើយបានបន្តថា ជំហរដូច្នោះ បានកើតឡើងចំពេលដែលមិនល្អ។
លោកស្រី Shirk បានបន្ថែមថា “ជាមនុស្សម្នាក់ ដែលបានឃើញពីទំនាក់ទំនងដ៏រឹងមាំរវាងនយោបាយក្នុងស្រុករបស់ចិន និងគោលនយោបាយការបរទេសរបស់ខ្លួន ខ្ញុំឃើញថា សេចក្តីថ្លែងការណ៍របស់លោក Trump ឆ្លើយតបទៅនឹងគោលនយោបាយការបរទេសរបស់ចិន បានធ្វើឡើងនៅក្នុងបរិបទមួយ ដែលមានគ្រោះថ្នាក់ជាខ្លាំង”៕

No comments:

Post a Comment