Tuesday, February 14, 2017

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា៣ក្រុមចុះពិនិត្យសំណើជួសជុលនិងអនុញ្ញាតបានចំនួន១២ករណី

នាថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣ក្រុម គឺក្រុមការងារប្រចាំស្រុកប្រាសាទបាគង ស្រុកអង្គរធំ និងក្រុងសៀមរាប បានចុះទៅជួបប្រជាពលរដ្ឋ និងដោះស្រាយសំណើសុំជួសជុលផ្សេងៗតាមការស្នើសុំរបស់ពួកគាត់។ ជាមួយគ្នានេះ ក៏បាននាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពមាតា និងទារកទៅចែកជូនស្ត្រីទើបសម្រាលកូនចំនួន១០នាក់ផងដែរ។
ក្រុមការងារ បានអនុញ្ញាតសំណើសុំជួសជុលតូចៗចំនួន១២ករណី ដូចជាការផ្លាស់សសរផ្ទះ តសំយ៉ាប និងជួសជុលជញ្ជាំងផ្ទះជាដើម។ ដោយឡែក សំណើសុំចំនួន៣ករណីផ្សេងទៀតនៅក្រុងសៀមរាប ដែលស្នើសុំរុះរើផ្ទះចាស់ហើយសាងសង់ថ្មី មិនត្រូវបានអនុញ្ញាតដោយផ្ទាល់ឡើយ តែក្រុមការងារបានណែនាំឲ្យម្ចាស់ផ្ទះដាក់ពាក្យស្នើសុំទៅមជ្ឈមណ្ឌលច្រកចេញតែមួយនៃអាជ្ញាធរជាតិអប្សរា ព្រោះសំណើទាំងនោះជាសំណង់ធំ ដែលត្រូវការក្រុមជំនាញចុះពិនិត្យល្អិតល្អន់។
លោក វ៉ាន់ ចាន់ថន ពលរដ្ឋនៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប បានបង្ហាញនូវភាពសប្បាយរីករាយដែលក្រុមការងារបានចុះមកពិនិត្យផ្ទះរបស់លោក និងបានអនុញ្ញាតសំណើរបស់លោកក្នុងការជួសជុលជណ្តើរ ជួសជុលជញ្ជាំង និងធ្វើរបងជុំវិញផ្ទះ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅស្របច្បាប់ក្នុងរមណីយដ្ឋានអង្គរ មានបំណងជួសជុលផ្ទះសម្បែង សូមទាក់ទងទៅអាជ្ញាធរមូលដ្ឋាន និងស្នើសុំទៅអាជ្ញាធរជាតិអប្សរាដោយផ្ទាល់ ជៀសវាងការពឹងពាក់ជនណាម្នាក់ ដែលអាចនាំឲ្យចាញ់បោកគេបាន ព្រោះការដាក់ពាក្យស្នើសុំជួសជុល ឬសាងសង់ គឺមិនមានការបង់កម្រៃឡើយ។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយអំពីបេតិ​កភណ្ឌ បញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានចូលរួមក្នុងកិច្ចការពារបេតិ​កភណ្ឌ។ ទន្ទឹមនឹងនេះ ក្រុមការងារសហគមន៍ក៏បានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលស្នើសុំជួសជុលតិចតួច និងអនុញ្ញាតជូនភ្លាមៗនៅនឹងមូលដ្ឋាន ដើម្បីសម្រួលដល់ពេលវេលា និងការធ្វើដំណើររបស់ពួកគាត់។ លើសពីនេះទៀត ក្រុមការងារសហគមន៍ក៏ជាក្រុមជួយសង្គ្រោះបន្ទាន់ ក្នុងករណីគ្រោះថ្នាក់ធម្មជាតិដែលកើតមានឡើងចំពោះប្រជា​ពលរដ្ឋក្នុងតំបន់អង្គរ និងនាំយកអំណោយចែកជូនស្ត្រីទើបសម្រាលកូនជាដើម៕



No comments:

Post a Comment