Tuesday, February 14, 2017

ទុន​វិនិយោគ​លើវិស័យ​សំណង់​នៅកម្ពុជា​មាន​ជាង ៨ពាន់​លាន នៅ​ឆ្នាំ​២០១៦​

ព្រះវិហារ៖ លោក ទេព ធន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ទុនវិនិយោគលើវិស័យសំណង់នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ មានចំនួន ៨,៥០០លានដុល្លារ កើនឡើង ១៥៥ភាគរយ បើធៀបនឹងឆ្នាំ២០១៥។
នេះជាការលើកឡើងរបស់លោក ទេព ធន ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ ដែលមានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។
លោក ទេព ធន បានបញ្ជាក់ថា ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការងាររដ្ឋបាលដីធ្លី និងការងារលំនៅឋាន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងរៀបចំដែនដី បានសម្រេចសមិទ្ធផលធំៗជាច្រើន រួមមាន «ការចុះបញ្ជីដីធ្លីគិតពីពេលចាប់ផ្តើមរហូតដំណាច់ឆ្នាំ២០១៦ ក្រសួងសម្រេចចែកបណ្ណកម្មសិទ្ធិដីធ្លី បានចំនួន ៤,៤៥១,៨១៧បណ្ណ ស្មើនឹង ៦៣.៦ភាគរយ លើសផែនការ ១.៦ភាគរយ»។
សូមជម្រាបផងដែរថា ក្រសួងបានដោះស្រាយវិវាទដីធ្លីក្នុងសមត្ថកិច្ចគណៈកម្មការសុរិយោដីគ្រប់លំដាប់ថ្នាក់ គិតចាប់តាំងពីចាប់ផ្តើមមកដល់ដំណាច់ឆ្នាំ២០១៦ ក្នុងបណ្តឹងជាង ៧,៥០០ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ ៣,៥០០ករណី ច្រានចោល និងបញ្ជូនតាមសមត្ថកិច្ច ជាង២,៥០០ករណី។
ចំពោះទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៧ មន្ទីដែនដីខេត្តព្រះវិហារ បានប្តេជ្ញាចុះដោះស្រាយករណីវិវាទដែលមិនទាន់បញ្ចប់ នៅឆ្នាំ២០១៦ ឱ្យបានចប់នាឆ្នាំ២០១៧នេះ ចុះធ្វើការវាស់វែងដីមានលក្ខណៈជាប្រព័ន្ធឱ្យបានចប់តាមផែនការ ពង្រឹងដល់មន្ត្រីឱ្យចុះបោះបង្គោលព្រំដី សាងសង់សំណង់គ្រប់ក្រុង-ស្រុកទាំង៨ និងបញ្ហាផ្សេងៗទៀត៕


No comments:

Post a Comment