Tuesday, February 14, 2017

កូនស្រីលោក កឹម សុខា៖ លោក សម រង្ស៊ី លែងសំខាន់សម្រាប់គណបក្សសង្គ្រោះជាតិទៀតហើយ !

(ភ្នំពេញ)៖ នៅលើទំព័រធ្វីតទ័ររបស់ខ្លួន កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់ប្រធានគណបក្សសង្រ្គោះជាតិស្តីទី កឹម សុខា បានសរសេរនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថា «ឥឡូវនេះគណបក្សសង្គ្រោះជាតិ មានសំណាងក្នុងការបង្ហាញថា យើងជាគណបក្សដែលផ្អែកលើគោលគំនិតមួយ មិនមែនពឹងផ្អែក លើបុគ្គលឡើយ ហើយជ័យជំនះសម្រាប់ការបោះឆ្នោតខាងមុខនឹង​បង្ហាញច្បាស់»។

កញ្ញា កឹម មនោវិទ្យា និយាយយ៉ាងដូច្នេះអាចចង់មានន័យដៀមដាមថា កាលពីលោក សម រង្ស៊ី នៅធ្វើជាប្រធានបក្ស គណបក្សសង្គ្រោះជាតិនេះគ្មានសំណាងឡើយ គឺអ្វីៗត្រូវពឹងផ្អែកតែទៅលើបុគ្គល សម រង្ស៊ី ប៉ុណ្ណោះ ឬចង់សំដៅថា លោក សម រង្ស៊ី ដឹកនាំគណបក្សដោយលើក​បុគ្គលខ្លួនឯងជាធំជាងគណបក្ស!?

ការបង្ហាញពីការយល់ឃើញរបស់ខ្លួននេះធ្វើឡើងតែពីរថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី បានលាលែងចេញពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ និងមួយថ្ងៃក្រោយពីឪពុកនាង ត្រូវ​​បានតែងតាំងជាប្រធានស្តីទីពេញសិទ្ធិចាត់ចែងការងារក្នុងគណបក្សនេះ រហូតដល់មានការ​ជ្រើសរើសប្រធានថ្មី ក្នុងសមាជបក្សនាពេលខាងមុខ។

សម្រាប់ក្រុមមន្ត្រីស្និទ្ធនឹងលោក សម រង្ស៊ី បានលើកឡើងថា ការលាលែងពីតំណែងរបស់លោក សម រង្ស៊ី គឺជាការសោកស្តាយមួយ និងអាចបាត់បង់ឥទ្ធិពលកាន់តែច្រើនពីក្នុងការដឹកនាំបក្ស ប៉ុន្តែសម្រាប់កូនស្រីលោក កឹម សុខា វិញ ការលាលែងរបស់លោកសម រង្ស៊ី ពីប្រធានគណបក្សសង្គ្រោះជាតិ និងបញ្ចប់សមាជិកភាពពីបក្សនេះ គឺដូចជាដកបន្លាចេញពីកែវភ្នែករបស់ខ្លួនដូច្នេះឯង។ ហេតុដូច្នេះហើយ បានជានៅពេលលោក សម រង្ស៊ី អស់តំណែងជា ប្រធានបក្សភ្លាម កឹម មនោវិទ្យា បានសរសេរបែបដៀមដាមថា «គណបក្សសង្គ្រោះជាតិផ្អែកលើគោលគំនិតមិនមែនលើបុគ្គល»។

សារនេះបញ្ចេញនៅពេលគ្មាន សម រង្ស៊ី ប៉ុន្តែមានឪពុកនាងជាអ្នកដឹកនាំបក្ស។ តាមរយៈសម្តីនេះគេអាចយល់បានថា គណបក្សសង្គ្រោះ នឹងមិនផ្អែកលើបុគ្គល សម រង្ស៊ី ទៀតទេ នៅពេល​ដែលមាន កឹម សុខា ជាអ្នកដឹកនាំហើយនោះ។

កញ្ញា កឹម មនោវិទ្យា ក៏បានបញ្ជាក់ដែរថា ជ័យជម្នះនៅក្នុងការបោះឆ្នោតនាពេលខាងមុខ នឹងបង្ហាញថា អ្វីដែលនាងនិយាយគឺត្រឹមត្រូវ។ នាងចង់សំដៅថា ក្រោមការដឹកនាំរបស់ឪពុកនាង ទោះគ្មាន សម រង្ស៊ី ក៏ឈ្នះដែរ។ លាហើយសម័យកាល សម រង្ស៊ី! សម្រាប់ កឹម មនោវិទ្យា លោក សម រង្ស៊ី ដែលសមាជិកភាគច្រើនគោរពនោះ លែងជាតួអង្គជាទីគោរពសក្ការៈរបស់គណបក្សសង្គ្រោះជាតិទៀតហើយ ហើយក៏លែងត្រូវការ សម រង្ស៊ី ដែរ។ សូម សម រង្ស៊ី កុំលូកដៃ ឬប្រើឥទ្ធិពលរបស់ខ្លួននៅក្នុងគណបក្សសង្គ្រោះជាតិធ្វើអ្វី។ សូមសម្រាកឱ្យបានស្ងប់ចុះ! សាររបស់ កឹម មនោវិទ្យា គឺខុសស្រឡះពីសាររបស់លោក អេង ឆៃអ៊ាង និងមន្ត្រីស្និទ្ធនឹងលោក សម រង្ស៊ី ផ្សេងទៀត ដែលបានសរសេរលើហ្វេសប៊ុករបស់ខ្លួនថា «ទោះលោកប្រធាន សម រង្ស៊ី អស់ងារជាប្រធានគណបក្សសង្គ្រោះជាតិក៏ដោយ តែនៅក្នុងបេះដូងកូនខ្មែរ លោកប្រធាននៅតែជាប្រធានគណបក្សសង្គ្រោះជាតិដដែល»។

នៅក្នុងរង្វង់គណបក្ស ជាពិសេសមន្ត្រីមកពីគណបក្ស សម រង្ស៊ី មិនសូវជាចូលចិត្ត កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា នេះប៉ុន្មានទេ ដោយសារតែឡើងតំណែងធំក្នុងបក្សក៏ព្រោះតែឡើងតាមជើងខោឪពុករបស់ខ្លួន និងមានចរិតក្រអឺតក្រទម មិនគោរពចំពោះអ្នកចាស់ទុំនយោបាយ។ ឥឡូវនេះ អំណាចបាន ស្ថិតនៅក្នុងដៃរបស់លោក កឹម សុខា គេមានការព្រួយបារម្ភថា កឹម មនោវិទ្យា នឹងលូកដៃកាន់តែជ្រៅ និងកាងការងារក្នុងបក្សព្រោះកាលឪពុកខ្លួនជា អនុប្រធាន​បក្ស បានសម្តែងឫកខ្ពស់ និងឈ្លោះជាមួយគេឯងនៅក្នុងបក្ស ចុះទម្រាំពេលនេះ ឪពុកបានឡើងជាប្រធានស្តីទីមានសិទ្ធិច្រើនជាងមុន កឹម មនោវិទ្យា អាចនឹងបើកការសងសឹក ទៅលើមន្ត្រីនិយម សម រង្ស៊ី មួយចំនួនដែលធ្លាប់មានជម្លោះពាក្យសម្តីជាមួយគ្នា ព្រោះនេះជាសករាជរបស់ កឹម សុខា មិនមែនជាសករាជរបស់ សម រង្ស៊ី តទៅទៀតឡើយ។

កញ្ញា កឹម មនោវិទ្យា ត្រូវបានគេស្គាល់ថា ជាក្មេងស្រីក្រអ៊ឺតក្រទមម្នាក់នៅក្នុងគណបក្សសង្រ្គោះជាតិ ប៉ុន្តែក៏ជាមនុស្សក្លាហានហ៊ាននិយាយត្រង់ដោយចំហ និងដោយមិនខ្លាចថ្នាក់ដឹកនាំបក្សឡើយ នៅពេលកញ្ញា យល់ឃើញថា ខុស ថាខុស ត្រូវថាត្រូវ។ កញ្ញា កឹម មនោវិទ្យា គឺជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ គណបក្សសង្រ្គោះជាតិ និងជាកូនស្រីសំណព្វចិត្តរបស់លោក កឹម សុខា។ កូនស្រីលោក កឹម សុខា រូបនេះធ្លាប់មានបញ្ហាឈ្លោះទាស់ទែងគ្នា បែកផ្សែងម្តង រួចមកហើយ បន្ទាប់ពីបានបង្ហោះសារនៅលើធ្វីតទ័ររបស់ខ្លួនរិះគន់លោក សម រង្ស៊ី អំពីការនិរទេសខ្លួន និងមានហេតុផលស្របច្បាប់ ក្នុងការស្ថិតនៅបរទេស បន្តទៀត ខណៈដែលឪពុកនាងគឺលោក កឹម សុខា បានឃុំខ្លួនឯងនៅក្នុងទីស្នាក់ការបក្សនៅចាក់អង្រែ ដោយសារតែរឿងអាស្រូវផ្លូវភេទ ដោះស្រាយ បញ្ហាតែម្នាក់ឯង។

ក្រៅពីការរិះគន់ទាំងនេះ កញ្ញា កឹម មនោវិទ្យា ក៏ធ្លាប់បានលើកឡើងប្រាប់បណ្តាញសារព័ត៌​មាននានាថា បើទោះបីអត់ពីលោក សម រង្ស៊ី ក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ នៅតែមានដំណើរការជាធម្មតា ព្រោះសមាជិកគណបក្សនីមួយៗកំពុងបំពេញតួនាទីរបស់ពួកគេរៀងៗខ្លួន និងបានចោទលោក សម រង្ស៊ី ថា ជាមនុស្សគេចយករួចខ្លួន មិនហ៊ានចូលគុក។ ពេលនោះ​មិនមាននរណាហ៊ានថាឱ្យកញ្ញា កឹម មនោវិទ្យា ឬដាក់វិន័យនាងឡើយ។ ចុះទំរាំបច្ចុប្បន្ន លោក កឹម សុខា ដែលជាឪពុកនាង គឺជាប្រធានស្តីទីគណបក្សពេញសិទ្ធិ ក្តាប់អំណាចពេញទី និងជាអនាគតប្រធានបក្សទៅទៀត តើនរណាថ្លើមធំហ៊ានស្តីបន្ទោស ឬដាក់វិន័យកញ្ញា កឹម មនោវិទ្យា? លោក កឹម សុខា នឹងការពារកូនស្រីថា កុំធ្វើដឹង ធ្វើឮ ហើយ កុំចាំបាច់មានវិធានការដាក់វិន័យកូនស្រីគាត់អី ព្រោះនេះ ជាការបំបែកបំបាក់ ! ថាតែប៉ុណ្ណឹង លែងមានអ្នកក្អកហើយ!៕

ប្រភព៖ Fresh News




No comments:

Post a Comment